ចិន ចាប់ផ្ដើមបង្ហាញយានអវកាសផ្ទុកយន្ដហោះដ៏ធំបំផុត នៅលើពិភពលោក​

រដ្ឋធានីប៉េកាំង៖ ក្រៅពី​ការប្រកួតប្រជែងសេដ្ឋកិច្ច ជាមួយនឹងសហរដ្ឋអាមេរិក ដែលជាប្រទេសមហាអំណាចកំពូល​របស់ពិភពលោកនោះមក រដ្ឋាភិបាលក្រុងប៉េកាំង ក៏បាននិងកំពុងតែខិតខំប្រឹងប្រែង ធ្វើយោធូបនីយកម្ម​ឲ្យកាន់តែខ្លាំងក្លាយ៉ាងឆាប់រហ័សបន្ថែមទៀត ខណៈឥឡូវ ចិន បានបង្ហាញ អំពីផែនការជាច្រើន សម្រាប់យានអវកាសផ្ទុកយន្ដហោះ លើកដំបូងបំផុតរបស់ភពផែនដី។

បណ្ដាញទូរទស្សន៍ គ្រប់គ្រងដោយរដ្ឋអាល្លឺម៉ង់ DW បានផ្សាយ នៅថ្ងៃពុធ ទី៤ ខែកុម្ភៈ ឆ្នាំ២០២៦ ថា ប្រទេសចិន​ កំពុងតែបង្កើន​ការផ្សព្វផ្សាយយានអវកាសផ្ទុកយន្ដហោះដ៏ធំសម្បើមរបំផុតបស់ពិភពលោក ព្រោះជា​​អាវុធទំនើបថ្មី​។ តើអាវុធដ៏ទំនើបប្រភេទនេះ នឹងក្លាយ​ជា​ចក្ខុវិស័យ​សម្រាប់​សង្គ្រាម ​នៅក្នុង​លំហអវកាស ឬ​ក៏គ្រាន់តែជា​ការ​ប្រឌិតឡើង តាម​បែប​វិទ្យាសាស្ត្រ?​

យានអវកាស​ផ្ទុកយន្តហោះនេះ នឹងមាន​ទំហំធំជាងនាវាផ្ទុកយន្ដហោះចម្បាំង​ ដែលកំពុងតែប្រើប្រាស់សព្វថ្ងៃ ហើយវាមានទម្ងន់ធ្ងន់ជាងនាវាផ្ទុកយន្តហោះ​របស់សហរដ្ឋអាមេរិកថែមទៀតផង។ យានអវកាសផ្ទុកយន្ដហោះ Luanniao (លួននាវ) របស់ចិន មានគោលបំណង សម្រាប់ប្រតិបត្ដិការ នៅក្នុងសង្គ្រាមលើលំហអាកាស នាពេលអនាគត​។ ប៉ុន្តែ​អ្នកជំនាញ បានពណ៌នាអំពីអាវុធដ៏ទំនើបប្រភេទថ្មីនេះ ថា វាជាឆាកល្ខោនបច្ចេកវិទ្យាកម្រិតខ្ពស់ គួបផ្សំជាមួយនឹងសារនយោបាយផងដែរ។

បច្ចុប្បន្ន ប្រទេសចិន​ កំពុងតែរៀបចំ​សមាហរណកម្មផែនការ ​ជាមួយនឹង​ប្រព័ន្ធការពារដែនអាកាស និង អវកាស តាមអ្វីដែលគេស្គាល់ ថា Nantianmen (ណានធៀនម៉ែន) ឬ​ច្រកទ្វារឋានសួគ៌​។ ​យានអវកាស​ផ្ទុកយន្តហោះ Luanniao ​នេះ មានប្រវែង២៤២​​ម៉ែត្រ ​​និងប្រវែងស្លាបពីម្ខាងទៅម្ខាងទៀត មានប្រវែង៦៨៤​ម៉ែត្រ ហើយត្រូវបានគេរាយការណ៍ ថា ​ទម្ងន់របស់វា អាចហោះហើរបាន រហូតដល់ ១២​0 000 តោន ​។ ការហហោះចេញពីយានអវកាសផ្ទុកយន្ដហោះ​ប្រភេទនេះ គឺយន្តហោះចម្បាំងអវកាសគ្មានមនុស្សបើក ដែលគេហៅ​ Xuannu (ហ្ស៊ាននូ) អាច​បាញ់មីស៊ីល​ល្បឿនលឿនជាងសំឡេង និង វាយប្រហារទៅលើគោលដៅនានា នៅក្នុងលំហអាកាស​ និងក្នុងគន្លងគោចរ នៃភពផែនដី។

ដោយឡែក លោកស្រី ជូលៀនណា ស៊ូអេស (Juliana Süß)​ អ្នកជំនាញផ្នែកសន្តិសុខអវកាស មកពីវិទ្យាស្ថានអាល្លឺម៉ង់សម្រាប់កិច្ចការអន្តរជាតិ និងសន្តិសុខ (SWP) បានបញ្ជាក់ នៅក្នុងបទសម្ភាសន៍មួយ ជាមួយទូរទស្សន៍ DW ថា៖«​ប្រទេសចិន បានជាប់ចំណាត់ថ្នាក់លេខ២​ ជាយូរមកហើយ នៅក្នុងវិស័យលំហអវកាស ដោយនៅតាមពីក្រោយសហរដ្ឋអាមេរិក ប៉ុន្តែចំណាត់ថ្នាក់របស់ចិន​ មានភាពល្អប្រសើរជាងអឺរ៉ុប​។ ទន្ទឹមគ្នានេះ រដ្ឋាភិបាល​ក្រុងប៉េកាំង បានបណ្តាក់ទុន​នូវចំនួនទឹកប្រាក់យ៉ាងច្រើន​ នៅក្នុងវិស័យអវកាស ហើយ​មាន​កិត្យានុភាព​យ៉ាង​ច្បាស់ ​សម្រាប់​ការ​​នាំមុខគេ និង​មាន​សារៈសំខាន់យ៉ាង​ខ្លាំង ​សម្រាប់បង្កើន​សមត្ថភាព​យោធា។​

យានអវកាសផ្ទុកយន្តហោះ​ ដែលបានគ្រោងទុកនេះ នឹងមានទម្ងន់លើសពីនាវាផ្ទុកយន្តហោះធំបំផុត ដែលមានស្រាប់ ប្រហែល២០ភាគរយ​ ខណៈ​វាមានប្រវែងខ្លីជាង និង មានស្លាបវែងជាងនាវាផ្ទុកយន្តហោះ ដែលកំពុងធ្វើនាវាចរណ៍តាមធម្មតា​​ នៅលើលំហសមុទ្រ​។ ​នាវាផ្ទុកយន្តហោះដ៏ធំបំផុតរបស់ពិភពលោក ដែលកំពុងតែធ្វើប្រតិបត្ដិការ នាពេល​បច្ចុប្បន្ននេះ គឺ USS Gerald R. Ford (យូអេសអេស ជេរ៉លដ៍ អ.ហ្វដ) របស់កងទ័ពជើងទឹកសហរដ្ឋអាមេរិក ដោយវា​មានប្រវែងប្រហែល ៣៣៧​ម៉ែត្រ និងទទឹង ៧៨​ម៉ែត្រ និង មានទម្ងន់ប្រហែល ១00​​ 000 តោន រួមទាំងប្រេងឥន្ធនៈ បុគ្គលិក និង ឧបករណ៍យោធាផងដែរ។

បើរបាយការណ៍ខ្លីមួយ ស្តីអំពីកម្មវិធីយោធាលីជាន​ (Lijian) បានផ្សាយ នៅតាមទូរទស្សន៍ គ្រប់គ្រង ដោយរដ្ឋ​ចិន CCTV ដោយបានពិពណ៌នា អំពីក្រុមហ៊ុនដឹកជញ្ជូន ដែលបានប្រកាស ថា នេះជាគំរូស៊្រីឌី (3D) ដែលអាចថតបានពី​​ការហោះ​ហើយលើផែនដី និង បង្ហាញពីយន្តហោះចម្បាំង ហើយការបាញ់អាវុធ នៅលើទីអវកាស៕​ ប្រែសម្រួល ដោយលោក ណុប ស៊ីនួន

អត្ថបទដែលជាប់ទាក់ទង