​សហរដ្ឋអាមេរិក-កូរ៉េខាងត្បូង​ ព្រមព្រៀង​សាងសង់នាវាមុជទឹក ដើរដោយថមពលនុយក្លេអ៊ែរ​

រដ្ឋធានីសេអ៊ូល៖ ​រដ្ឋមន្ត្រីក្រសួងការបរទេសកូរ៉េខាងត្បូង លោក ចូ ហ្យុន (Cho Hyun) បានជួបពិភាក្សា ជាមួយសមភាគីសហរដ្ឋអាមេរិក លោក ម៉ាកូ រ៉ូមីអូ (Marco Rubio) ដែលជាទីប្រឹក្សាសន្តិសុខជាតិរបស់សេតវិមាន នៅទីស្ដីការ​ក្រសួងការបរទេសសហរដ្ឋអាមេរិក នៅរដ្ឋធានីវ៉ាស៊ីនតោន ​កាលពីថ្ងៃអង្គារ ដោយបានផ្ដោតលើកិច្ចព្រមព្រៀង សាងសង់នាវាមុជទឹក ដើរដោយថាមពលនុយក្លេអ៊ែរ។ នេះបើតាមសារព័ត៌មានរបស់កូរ៉េខាងត្បូង The Chosun Daily បានផ្សាយ នៅថ្ងៃពុធ ទី៤ ខែកុម្ភៈ ឆ្នាំ២០២៦។

កិច្ចពិភាក្សានេះ បានធ្វើឡើងត្រឹមតែរយៈពេលមួយសប្តាហ៍ បន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បានព្រមាន កាលពីថ្ងៃទី២៦ ខែមករា ថា គាត់នឹងដំឡើងពន្ធលើរថយន្តកូរ៉េ និងផលិតផលផ្សេងៗទៀត ចាប់ពី១៥ភាគរយ​ទៅ២៥ភាគរយ ដោយបានកើនឡើង ១០​ភាគរយ ដោយសារតែការពន្យារពេល នៅក្នុងដំណើរការរបស់រដ្ឋសភាកូរ៉េខាងត្បូង អំពី​ច្បាប់ពិសេស ស្តីពីការវិនិយោគ នៅសហរដ្ឋអាមេរិក ដោយមើលឃើញ ថា ​ប្រទេស​ទាំង២ ​បានប្រកាស ថា ក្រសួងការបរទេសអាមេរិក បានយល់ព្រមលើផែនការ​សាងសង់នាវាមុជទឹក​ដើរ ដោយថាមពលអាតូមិក​ ​និងការវិនិយោគ នៅសហរដ្ឋអាមេរិក នៅក្នុងចំណោមវិស័យផ្សេងៗទៀត។ ទាក់ទងនឹងកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីល​របស់កូរ៉េខាងជើង គឺប្រមុខការទូតទាំង២នេះ ​បានអះអាងជាថ្មី អំពីគោលជំហរ ដែលមានស្រាប់ នៅក្នុងការបន្ត​លុបបំបាត់នុយក្លេអ៊ែរទាំងស្រុងរបស់ក្រុងព្យុងយ៉ាង​។​

ស្របគ្នានេះ ក្រសួងការបរទេសសហរដ្ឋអាមេរិក បានរាយការណ៍ ថា ប្រមុខការទូតទាំង២ បានផ្ដោតយ៉ាងសំខាន់​​លើកិច្ចសហប្រតិបត្ដិការត្រីភាគី នៅក្នុងចំណោមប្រទេសកូរ៉េខាងត្បូង សហរដ្ឋអាមេរិក និង ជប៉ុន ដើម្បីរក្សាសេរីភាព និងបើកចំហឥណ្ឌូ-ប៉ាស៊ីហ្វិក៕​​

អត្ថបទដែលជាប់ទាក់ទង