សហរដ្ឋអាមេរិក-កូរ៉េខាងត្បូង ព្រមព្រៀងសាងសង់នាវាមុជទឹក ដើរដោយថមពលនុយក្លេអ៊ែរ

រដ្ឋធានីសេអ៊ូល៖ រដ្ឋមន្ត្រីក្រសួងការបរទេសកូរ៉េខាងត្បូង លោក ចូ ហ្យុន (Cho Hyun) បានជួបពិភាក្សា ជាមួយសមភាគីសហរដ្ឋអាមេរិក លោក ម៉ាកូ រ៉ូមីអូ (Marco Rubio) ដែលជាទីប្រឹក្សាសន្តិសុខជាតិរបស់សេតវិមាន នៅទីស្ដីការក្រសួងការបរទេសសហរដ្ឋអាមេរិក នៅរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃអង្គារ ដោយបានផ្ដោតលើកិច្ចព្រមព្រៀង សាងសង់នាវាមុជទឹក ដើរដោយថាមពលនុយក្លេអ៊ែរ។ នេះបើតាមសារព័ត៌មានរបស់កូរ៉េខាងត្បូង The Chosun Daily បានផ្សាយ នៅថ្ងៃពុធ ទី៤ ខែកុម្ភៈ ឆ្នាំ២០២៦។

កិច្ចពិភាក្សានេះ បានធ្វើឡើងត្រឹមតែរយៈពេលមួយសប្តាហ៍ បន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បានព្រមាន កាលពីថ្ងៃទី២៦ ខែមករា ថា គាត់នឹងដំឡើងពន្ធលើរថយន្តកូរ៉េ និងផលិតផលផ្សេងៗទៀត ចាប់ពី១៥ភាគរយទៅ២៥ភាគរយ ដោយបានកើនឡើង ១០ភាគរយ ដោយសារតែការពន្យារពេល នៅក្នុងដំណើរការរបស់រដ្ឋសភាកូរ៉េខាងត្បូង អំពីច្បាប់ពិសេស ស្តីពីការវិនិយោគ នៅសហរដ្ឋអាមេរិក ដោយមើលឃើញ ថា ប្រទេសទាំង២ បានប្រកាស ថា ក្រសួងការបរទេសអាមេរិក បានយល់ព្រមលើផែនការសាងសង់នាវាមុជទឹកដើរ ដោយថាមពលអាតូមិក និងការវិនិយោគ នៅសហរដ្ឋអាមេរិក នៅក្នុងចំណោមវិស័យផ្សេងៗទៀត។ ទាក់ទងនឹងកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលរបស់កូរ៉េខាងជើង គឺប្រមុខការទូតទាំង២នេះ បានអះអាងជាថ្មី អំពីគោលជំហរ ដែលមានស្រាប់ នៅក្នុងការបន្តលុបបំបាត់នុយក្លេអ៊ែរទាំងស្រុងរបស់ក្រុងព្យុងយ៉ាង។

ស្របគ្នានេះ ក្រសួងការបរទេសសហរដ្ឋអាមេរិក បានរាយការណ៍ ថា ប្រមុខការទូតទាំង២ បានផ្ដោតយ៉ាងសំខាន់លើកិច្ចសហប្រតិបត្ដិការត្រីភាគី នៅក្នុងចំណោមប្រទេសកូរ៉េខាងត្បូង សហរដ្ឋអាមេរិក និង ជប៉ុន ដើម្បីរក្សាសេរីភាព និងបើកចំហឥណ្ឌូ-ប៉ាស៊ីហ្វិក៕