តៃវ៉ាន់ សម្លឹងទៅរកប្រទេសប្រជាធិបតេយ្យ មិនខ្វល់ពីការតាមស៊ើបការណ៍របស់ចិន
ទីក្រុងតៃប៉ិ៖ នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ រដ្ឋាភិបាលក្រុងប៉េកាំង បាន និង កំពុងតែបង្កើនការគាបសង្កត់ ទៅលើកោះតៃវ៉ាន់ ទាំងនយោបាយ ការទូត សេដ្ឋកិច្ច និង យោធា ដើម្បីចាប់បង្ខំឲ្យរដ្ឋាភិបាលក្រុងតៃប៉ិក ព្រមទទួលស្គាល់នូវដែនអធិបតេយ្យភាពរបស់ចិន ប៉ុន្ដែមេដឹកនាំរបស់ដែនកោះមួយនេះ បានអះអាង ថា តៃវ៉ាន់ មិនខ្វល់ពីការតាមដានរបស់ប្រទេសមហាយក្សអាស៊ីមួយនេះឡើយ។
លោក ឡៃ ឈីង-តេ (Lai Ching-te) ប្រធានាធិបតីតៃវ៉ាន់ កាលពីថ្ងៃអង្គារ ទី៣ ខែមករា ឆ្នាំ២០២៦ បានបញ្ជាក់ ថា តៃវ៉ាន់ ត្រូវតែសម្លឹងទៅរកប្រទេសប្រជាធិបតេយ្យ ដូចជា កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងសេដ្ឋកិច្ច ប៉ុន្ដែមិនមែនតាមដានមើលប្រទេសចិន ខណៈរដ្ឋបាលរបស់គាត់ បានគូសវាសផែនទី អំពីគម្រោងធ្វើការជាមួយសហរដ្ឋអាមេរិក លើវិស័យបច្ចេកវិទ្យាបញ្ញាសប្បនិមិត្ត (AI )និង រ៉ែសំខាន់ៗ។
មន្ត្រីជាន់ខ្ពស់តៃវ៉ាន់ និង សហរដ្ឋអាមេរិក កាលពីសប្តាហ៍មុន បានពិភាក្សាគ្នា អំពីកិច្ចសហប្រតិបត្តិការ នៅក្នុងវិស័យបញ្ញាសិប្បនិមិត្ត បច្ចេកវិទ្យា និងយន្តហោះគ្មានមនុស្សបើក ឬដ្រូនកម្រិតខ្ពស់ ដោយបានចាប់ផ្តើម ជាមួយរដ្ឋបាល លោកប្រធានាធិបតី ដូណាល់ ត្រាំ ជាលើកដំបូង។ ស្របគ្នានេះដែរ ក្រសួងការបរទេសសហរដ្ឋអាមេរិក បានចាត់ទុកក្រុងតៃប៉ិ ជាដៃគូដ៏សំខាន់បំផុតមួយ។
សហរដ្ឋអាមេរិក និង តៃវ៉ាន់ បានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍ ស្តីពីកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខសេដ្ឋកិច្ច និងលើសេចក្តីប្រកាសផាក់ស៊ីលីកា (Pax Silica) ដែលជាគំនិតផ្តួចផ្តើមដឹកនាំ ដោយសហរដ្ឋអាមេរិក នៅក្នុងគោលបំណងធានាខ្សែសង្វាក់ផ្គត់ផ្គង់វិស័យបញ្ញាសិប្បនិមិត្ត ឬអេអាយ បច្ចេកវិទ្យា ចំពេលមានការប្រកួតប្រជែងខ្លាំង មកពីក្រុងប៉េកាំង។
លោកប្រធានាធិបតី ឡៃ បានសង្កត់ធ្ងន់ ថា៖« តៃវ៉ាន់ កំពុងតែស្ថិតនៅលើផ្លូវសេដ្ឋកិច្ចដ៏ត្រឹមត្រូវ ហើយកំពុងតែបោះជំហាន ប្រកបដោយទំនុកចិត្ត នៅលើឆាកពិភពលោក។ ទន្ទឹមគ្នានេះ តៃវ៉ាន់ មានទាំងសមត្ថភាព និងទំនុកចិត្តក្នុងការធ្វើការជាមួយដៃគូប្រជាធិបតេយ្យរបស់ខ្លួន ដឹកនាំមនុស្សជំនាន់ក្រោយ នាំទៅរកភាពរុងរឿង។ តើយើងចង់បន្តកិច្ចសហប្រតិបត្តិការ ជាមួយសហរដ្ឋអាមេរិកនោះ ជប៉ុន អឺរ៉ុប និងបណ្តាប្រទេសសម្ពន្ធមិត្តផ្សេងៗទៀត៕