ហេតុអ្វីកាណាដា ចង់បង្កើតអាវុធនុយក្លេអ៊ែរ ​?

រាជធានីអូតតាវ៉ា៖ ពិភពលោក កំពុងតែក្លាយជាកន្លែងដ៏គ្រោះថ្នាក់ ហើយនោះមានន័យ ថា កាណាដា មិនគួរច្រានចោលនូវលទ្ធភាព ដែលរដ្ឋាភិបាលក្រុងអូតតាវ៉ា (Ottawa) អាចនឹងត្រូវការទិញអាវុធនុយក្លេអ៊ែរ នាពេលខាងមុខ​។ នេះបើ​តាមសេចក្តីថ្លែងការណ៍​របស់អតីតនាយ​សេនាធិការ នៃក្រសួង​ការពារជាតិកាណាដា។

​សារព័ត៌មាន The Daily Digest បានផ្សាយ ថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ​(Donald Trump) កំពុងតែធ្វើឲ្យសន្ដិសុខលោកខាងលិច ក្រឡាប់ចាក់ ចាប់តាំងពីឆ្នាំដំបូង នៃអាណត្ដិទី២របស់គាត់​។ ការគំរាមកំហែងឥតឈប់ឈរ ចំពោះការដាក់ប្រទេសកាណាដា​ និង មហាកោះហ្គ្រីនឡែនដ៍របស់ដាណឺម៉ាក ជាទឹកដីរបស់ខ្លួន បាននាំឲ្យមានការរង្គោះរង្គើដល់សម្ពន្ធមិត្តចាស់របស់​​ក្រុងវ៉ាស៊ីនតោន ​ហើយបានធ្វើឱ្យមានការព្រួយបារម្ភ ដល់សម្ពន្ធមិត្តជាច្រើនទៀតរបស់សហរដ្ឋអាមេរិក​។​

កាណាដា​ ​បាន​ទទួល​ស្គាល់​ ចំពោះការ​គំរាម​កំហែងដល់​សេដ្ឋកិច្ចរបស់ខ្លួន ​ដែល​បានបង្កឡើង ដោយសហរដ្ឋ​អាមេរិក ​បន្ទាប់​ពី​​​លោកប្រធានាធិបតី ដូណាល់ ត្រាំ ដាក់​ពន្ធ​លើ​ប្រទេស​នេះ។ ទោះជាយ៉ាងណាក៏ដោយ ក្តីបារម្ភក្នុងចំណោមក្រុមឥស្សរជននយោបាយ ក៏បានចោទជាសំណួរ អំពីតម្រូវការរបស់កាណាដា នៅក្នុងការទទួលបានអាវុធនុយក្លេអ៊ែរ។

ចម្ងល់លើអាវុធនុយក្លេអ៊ែរ ក្លាយជាសំណួរមួយ ដែលបានលើកឡើង កាលពី​ដើមឆ្នាំ២០២៥​​ បន្ទាប់​ពីអតីតនាយករដ្ឋមន្ត្រីកាណាដា លោក ចាស្ទីន ទ្រូដូ (Justin Trudeau) បានលាលែងពីតំណែង ដើម្បីបើកផ្លូវ សម្រាប់​អ្នកដឹកនាំថ្មី។ នៅពេលនោះ ការតស៊ូ​ដ៏លំបាកមួយ នៅក្នុងចំណោមមេដឹកនាំគណបក្សសេរីនិយម ដែលរំពឹងទុក បាននាំឱ្យមានការព្រួយបារម្ភ អំពីអាវុធនុយក្លេអ៊ែរ។​

ក្រុមអ្នកជំនាញកាណាដា បានលើកឡើង ថា លោកប្រធានាធិបតី ដូណាល់ ត្រាំ​ កំពុងតែ​គំរាមកំហែងយ៉ាងច្បាស់ មកលើ​​អធិបតេយ្យភាពរបស់កាណាដា ហើយថា គាត់ចង់ច្បាមយកប្រទេសកាណាដា ដាក់ជារដ្ឋទី៥១របស់សហរដ្ឋអាមេរិក។ នេះបើ​តាមការដកស្រង់ពីការផ្សាយរបស់​កាសែតអង់គ្លេស The Telegraph (ឌឺ តេឡេហ្ក្រាហ្វ)។ ដំណោះស្រាយ​របស់​​អ្នកជំនាញ ​គឺ​កិច្ច​​ការពារ ​ធានា​តាមរយៈ​សម្ពន្ធមិត្តដ៏​ជិតស្និទ្ធ​របស់កាណាដា នៅអឺរ៉ុប។​

ក្រុមអ្នកជំនាញកាណាដា បានបញ្ជាក់​ ថា​៖«យើងនឹងធ្វើការជាបន្ទាន់ ជាមួយដៃគូទាំងនោះ ដើម្បីបង្កើតទំនាក់ទំនងសន្តិសុខកាន់តែជិតស្និទ្ធ… នៅក្នុងពេលវេលា​សហរដ្ឋអាមេរិក ​គំរាមកំហែង។ រីឯទំនុកចិត្ត​ដែលថា កាណាដា នឹងត្រូវការការការពារនុយក្លេអ៊ែរ ពីសហរដ្ឋអាមេរិក គឺជាការគណនានយោបាយមួយ នៅឆ្ងាយពេក នាពេលនេះ។ ទោះជាយ៉ាងណាក៏ដោយ បន្ទាប់ពី​លោកប្រធានាធិបតី ដូណាល់ ត្រាំ គំរាមកំហែងកាណាដា និងសម្ពន្ធមិត្តសំខាន់ៗផ្សេងៗទៀតនោះមក គំនិតពីដំណោះស្រាយនុយក្លេអ៊ែរ ចំពោះបញ្ហាសន្តិសុខរបស់កាណាដា ​អាចនឹងកើតមាន​កាន់តែ​ទូលំទូលាយ​ នៅក្នុងឆាកនយោបាយរបស់ប្រទេសអាមេរិកខាងជើងមួយនេះ។​​

លោកឧត្ដមសេនីយ៍ វ៉ាយណេ អឺរេ (​ Wayne Eyre) អតីតប្រមុខការពាជាតិកាណាដា ដែលបានលាលែងពីតួនាទី កាលពីឆ្នាំ២០២៤ បានបញ្ជាក់ កាលពីពេលថ្មីៗ នៅក្នុងវេទិកា ស្តីពីការត្រៀមខ្លួនរបស់យោធាកាណាដា ថា ប្រទេសកាណាដា គួរតែរក្សាគោលនយោបាយ ដែលអាចបត់បែនបាន លើការទទួលបានអាវុធនុយក្លេអ៊ែររបស់ខ្លួន ហើយមិនត្រូវបដិសេធ ពីលទ្ធភាព ដែលរដ្ឋាភិបាលអូតតាវ៉ា អាចត្រូវការ ដើម្បីទទួលបានសមត្ថភាពអាវុធបែបនេះឡើយ​។​

លោកឧត្ដមសេនីយ៍ រូបនេះ បានលើកឡើង បន្ទាប់ពីមានសំណួរចោទសួរ ថា តើប្រទេសកាណាដា គួរតែអភិវឌ្ឍរបាំង​​នុយក្លេអ៊ែរ នៅក្នុងយុគសម័យថ្មី នៃភាពចលាចលខាងភូមិសាស្ត្រនយោបាយដែរឬទេ? ប៉ុន្ដែបើ​តាមគេហទំព័រ The Globe and Mail (ឌឺ ហ្លោប អេនដ៍ ម៉េល) បានឲ្យដឹង ថា ​នៅទីនេះ ជាប្រទេសកាណាដា សូមរក្សាជម្រើសរបស់យើងឱ្យបើកចំហ​។ យើង​មានសហគ្រាសនុយក្លេអ៊ែរដ៏ល្អ នៅទីនេះ​។​

លោកឧត្ដមសេនីយ៍ចូលនិវត្ដន៍រូបនេះ បានសង្កត់ធ្ងន់ ថា៖«​​ប្រសិនបើលក្ខខណ្ឌប្រែប្រួល យើងមានហេដ្ឋារចនាសម្ព័ន្ធស៊ីវិល។ យើងមានអ្នកវិទ្យាសាស្ត្រ​ ប្រសិនបើកាណាដា ចង់បង្កើតអាវុធនុយក្លេអ៊ែរ គឺរដ្ឋាភិបាលក្រុងអូតតាវ៉ា មានអ្វីៗគ្រប់យ៉ាង ដែលកាណាដា ត្រូវធ្វើ​»។

ប្រទេសកាណាដា បានដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍អាវុធនុយក្លេអ៊ែរ ហើយថែមទាំងដាក់អាវុធនុយក្លេអ៊ែររបស់អាមេរិក នៅលើទឹកដីរបស់ខ្លួន រហូតដល់ទសវត្សរ៍ឆ្នាំ១៩៨០​។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើរដ្ឋាភិបាលក្រុងអូតតាវ៉ា ​បានផ្លាស់ប្តូរគោលនយោបាយ ដើម្បីទទួលបាននុយក្លេអ៊ែររបស់ខ្លួន កាណាដា នឹងបន្តគោលនយោបាយ រយៈពេល៥០​ឆ្នាំ ដើម្បី​​តស៊ូមតិ សម្រាប់ការមិនរីកសាយភាយអាវុធដ៏គ្រោះថ្នាក់បំផុតប្រភេទនេះ។

​The Globe and Mail បានបន្ដ​ ​ថា ប្រទេសកាណាដា គឺជាប្រទេសហត្ថលេខី នៃសន្ធិសញ្ញាអន្តរជាតិ ស្តីពីការមិនរីកសាយភាយ​​អាវុធនុយក្លេអ៊ែរ ដែលក្រុងអូតតាវ៉ា​ បានចុះហត្ថលេខា នៅក្នុងឆ្នាំ១៩៦៨ ​និងបានផ្តល់សច្ចាប័ន នៅឆ្នាំ១៩៦៩​ ដូច្នេះការផ្លាស់ប្តូរ ដើម្បីទទួលបានអាវុធនុយក្លេអ៊ែរ នឹងបង្ហាញពីការប្រែប្រួល​គោលនយោបាយដ៏សំខាន់ នៅក្នុងប្រទេសអាមេរិកខាងជើងមួយនេះ។​​ មួយវិញទៀត ប្រសិនបើកាណាដា ទទួលយកអាវុធនុយក្លេអ៊ែរ ​ក្រុងអូតតាវ៉ា ​នឹងមានកាតព្វកិច្ច ដកខ្លួនចេញពីកតិកាសញ្ញានេះ ដែលនៅក្រោមមាត្រាទី២ ដោយប្តេជ្ញា ថា កាណាដា ​និងរដ្ឋដែលមិនមែនជាអាវុធនុយក្លេអ៊ែរផ្សេងៗទៀត មិនទទួលបាន ឬអនុវត្តការគ្រប់គ្រង លើអាវុធនុយក្លេអ៊ែរ ឬឧបករណ៍បំផ្ទុះនុយក្លេអ៊ែរដទៃទៀត​៕​ ប្រែសម្រួលដោយលោក ណុប ស៊ីនួន

 

អត្ថបទដែលជាប់ទាក់ទង