ការគំរាមកំហែងដ៏ធំបំផុត ចំពោះសណ្ដាប់ធ្នាប់ពិភពលោក នៅឆ្នាំ២០២៦
រដ្ឋធានីវ៉ាស៊ីនតោន៖ មនុស្សជាតិបានឆ្លងកាត់ ពាក់កណតាលទសវត្សរ៍ឆ្នាំ២០២០ ពិភពលោកហាក់បីដូចជាមានអារម្មណ៍ ថា មានទំនាក់ទំនងកាន់តែច្រើន ប៉ុន្តែមានភាពផុយស្រួយជាងពេលមុនៗ ខណៈក្រុមអ្នកជំនាញ និង អ្នកដឹកនាំ កំពុងតែសម្លឹងមើលយ៉ាងដិតដល់ អំពីបញ្ហាជាសកល សម្រាប់ឆ្នាំ២០២៦ ដើម្បីទស្សន៍ទាយអំពីស្នាមប្រេះស្រាំដ៏ធំបំផុត នៅក្នុងសណ្ដាប់ធ្នាប់របស់ពិពលោក។
កត្ដាប្រឈមនានា មិនមែនត្រឹមតែបញ្ហាមួយមុខ ដូចជា វិបត្តិសេដ្ឋកិច្ច ឬសង្រ្គាម…ជាដើមនោះឡើយ។ ប៉ុន្ដផ្ទុយទៅវិញ មនុស្សជាតិ នៅលើពិភពលោក កំពុងតែប្រឈមមុខនឹងហានិភ័យផ្សេងៗគ្នាយ៉ាងច្រើន ដែលជាប់គាំង ជាមួយនឹងការបង្កើតបញ្ហាកាន់តែធំ។ ទន្ទឹមគ្នានេះ បញ្ហាបរិស្ថាន នៅតែជារឿងមិនអាចដោះស្រាយបាន ការភ័យខ្លាចថ្មី អំពីបច្ចេកវិទ្យា និង ជម្លោះរបស់មនុស្ស កំពុងតែឈានដល់ចំណុចកណ្តាល។ តើបញ្ហាអ្វីខ្លះដែលកំពុងតែគំរាមកំហែងដល់សណ្តាប់ធ្នាប់របស់ពិភពលោក នាឆ្នាំ២០២៦នេះ? ហើយថាតើមនុស្សជាតិ នឹងព្រួយបារម្ភដល់កម្រិតណា?
គេហទំព័រ Star Insider (ស្ដារ អ៊ិនសាយឌឺរ) បានផ្សាយ ថា ទោះជាអតិផរណា អាចកើនឡើង និងធ្លាក់ចុះយ៉ាងណាក៏ដោយ ក៏ការចំណាយលើជីវភាពរស់នៅប្រចាំថ្ងៃ ក្លាយជាបន្ទុក សម្រាប់មនុស្សទូទៅ។ តម្លៃបានកើនឡើងខ្ពស់ សម្រាប់អចលនទ្រព្យ ការជួល អាហារ និងថាមពល ដែលកំពុងធ្វើឲ្យគ្រួសារនីមួយៗ ពង្រីកការចំណាយកាន់តែធំ។ សម្រាប់ឆ្នាំ២០២៦នេះ ប្រាក់ឈ្នួលនៅក្នុងប្រទេសជាច្រើន ប្រហែលជាមិនសមជាមួយនឹងតម្លៃផ្ទះ ការថែទាំសុខភាព ទំនិញ និងសេវាកម្មសំខាន់ៗជាច្រើនទៀត។ សម្ពាធហិរញ្ញវត្ថុ អាចបណ្តាលឱ្យមានភាពតានតឹងលើប្រព័ន្ធសង្គម និងអាចនាំទៅរកភាពគ្មានផ្ទះសម្បែង បំណុល និងការអត់ការងារធ្វើ។
មនុស្សរាប់លាននាក់ កំពុងតែបង្ខំឲ្យចាកចោលពីផ្ទះសម្បែងរបស់ពួកគេ ផ្ទុយពីគោលបំណងរបស់ពួកគេ។ ការធ្វើចំណាកស្រុក ដោយអចេតនា កើតឡើង ខណៈមនុស្សភៀសខ្លួន គេចចេញពីសង្គ្រាម អំពើហិង្សា ឬគ្រោះមហន្តរាយ ដោយសារតែអាកាសធាតុ។ លំហូរជនភៀសខ្លួន ដាក់សម្ពាធយ៉ាងខ្លាំង ទៅលើប្រទេសជិតខាង និងប្រព័ន្ធជំនួយ។ បើគ្មានការឆ្លើយតបជាអន្តរជាតិ ដែលសម្របសម្រួលទេ បញ្ហានឹងនៅតែជាបញ្ហាកំណត់ នាឆ្នាំ២០២៦នេះដដែល។
ស្របគ្នានេះដែរ បញ្ហាជាច្រើនត្រូវបានគេមើលឃើញ ថា វាជាបញ្ហា រយៈពេលវែង ការខូចខាត កំពុងតែកើតឡើង នៅពេលនេះ។ ព្រៃឈើដែលធ្លាប់ស្រូបយកកាបូនឌីអុកស៊ីត អាចនឹងលែងដំណើរការ ប្រកបដោយប្រសិទ្ធភាព ប្រសិនបើប្រព័ន្ធអេកូឡូស៊ីខូចខាតអស់។ ការការពារធម្មជាតិ មិនត្រឹមតែជាការសង្គ្រោះព្រៃឈើ ឬប្រភេទសត្វជិតផុតពូជប៉ុណ្ណោះទេ ប៉ុន្តែការការពារប្រព័ន្ធដែលរក្សាសត្វទាំងអស់ ឱ្យនៅរស់បន្ដទៀត។
ការបំពុលបរិស្ថាន នៅតែគំរាមកំហែងដល់សុខភាព និងបរិស្ថាន។ វាលើសពីគុណភាពខ្យល់នៅក្នុងទីក្រុងធំៗ ប៉ុន្តែរួមបញ្ចូលផងដែរនូវប្លាស្ទិក នៅក្នុងមហាសមុទ្រ និងសារធាតុគីមីគ្រោះថ្នាក់ នៅក្នុងដី។ ការបំពុលទាំងនេះ បានចាប់ផ្តើមប៉ះពាល់ដល់សុខភាព រយៈពេលវែងរបស់មនុស្ស និងបរិស្ថានរួចមកហើយ។ ការកាត់បន្ថយកាកសំណល់ និងការប្តូរទៅដំណើរការសម្អាត គឺជាជំហានបន្ទាន់ ដែលត្រូវការ ដើម្បីកាត់បន្ថយហានិភ័យទាំងនេះ។
ដោយឡែក រដ្ឋាភិបាលជាច្រើន អាចប្រើប្រាស់សន្តិសុខជាតិ ធ្វើជាលេស ដើម្បីកាត់ទោសពលរដ្ឋ ឬដាក់គុកអ្នកប្រឆាំង។ នៅពេលមនុស្សមិនអាចសម្តែងនូវការសោកស្ដាយរបស់ពួកគេ ដោយសន្តិវិធី ភាពតានតឹងកើតឡើង រវាងក្រុមប្រឆាំង ហើយអាចផ្ទុះឡើង នៅក្នុងលទ្ធផលហិង្សា។
មួយវិញទៀត បញ្ញាសិប្បនិមិត្ត (AI) កំពុងតែរីករាលដាលយ៉ាងឆាប់រហ័ស នៅតាមវិស័យជាច្រើន ប៉ុន្តែវាភ្ជាប់មកជាមួយហានិភ័យសំខាន់ៗ។ ប្រព័ន្ធ AI ដែលត្រូវបានរចនា មិនត្រឹមត្រូវអាចពង្រីកភាពលម្អៀង ផ្សព្វផ្សាយព័ត៌មានមិនពិត ឬសម្រេចចិត្ត ប្រកបដោយគ្រោះថ្នាក់។ លទ្ធផលមិនល្អរបស់ AI អាចរាប់បញ្ចូល ទាំងម៉ាស៊ីនសម្រេចចិត្ត ដោយលម្អៀង ដែលធ្វើឱ្យប៉ះពាល់ដល់មនុស្ស ឬដកការងារចេញ លឿនជាងសេដ្ឋកិច្ច អាចកែតម្រូវបាន។ នៅឆ្នាំ២០២៦ មនុស្សប្រហែលជាពិបាក គ្រប់គ្រងប្រព័ន្ធដែលឆ្លាតជាងអ្នកបង្កើត។
ភាពតានតឹង រវាងមហាអំណាចធំៗ នៅតែជាហានិភ័យដ៏ធ្ងន់ធ្ងរបំផុតមួយ ចំពោះស្ថិរភាពពិភពលោក ក្នុងឆ្នាំ២០២៦។ ជម្លោះដែលពាក់ព័ន្ធនឹងប្រទេសធំៗ និង ប្រដាប់អាវុធល្អៗ អាចរីករាលដាលយ៉ាងឆាប់រហ័ស និង រំខានដល់តំបន់ទាំងមូល។ ទន្ទឹមគ្នានេះ សង្រ្គាមដែលកំពុងបន្ត រវាងរុស្ស៊ី និងអ៊ុយក្រែន នៅតែបន្តប៉ះពាល់ដល់ទីផ្សារថាមពល ការផ្គត់ផ្គង់ស្បៀងអាហារ និងថវិកាការពារជាតិ នៅទូទាំងអឺរ៉ុប និងតំបន់ផ្សេងៗទៀត។ ចំណុចប្រទាក់ក្រឡាផ្សេងទៀត ដូចជា ច្រកសមុទ្រតៃវ៉ាន់ និងផ្នែកខ្លះ នៃមជ្ឈិមបូព៌ា មានហានិភ័យនៃការទាញប្រទង់ជាមួយនឹងប្រទេសជាច្រើនក្នុងពេលតែមួយ៕