ពិភពលោកនឹងមានគ្រោះធំ បើអាមេរិក-រុស្ស៊ី មិនបន្ដកិច្ចព្រមព្រៀងនុយក្លេអ៊ែរ
រដ្ឋធានីវ៉ាស៊ីនតោន៖ ស្របពេលសន្ធិសញ្ញាកាត់បន្ថយអាវុធមហាប្រល័យលោក រវាងសហរដ្ឋអាមេរិក និងរុស្ស៊ី ត្រូវផុតកំណត់នោះ ពិភពលោក នឹងដើរដល់ចំណុចដ៏គ្រោះថ្នាក់បំផុត ហើយការរត់ប្រណាំងអាវុធនុយក្លេអ៊ែរ អាចនឹងចាប់ផ្ដើមជាថ្មី ប៉ុន្ដែឥឡូវ ប្រមុខអង្គការសហប្រជាជាតិ កំពុងតែជំរុញឲ្យប្រទេសមហាអំណាចយោធកំពូលរបស់ពិភពលោកទាំង២នេះ ចាប់ផ្ដើមបង្កើតកិច្ចព្រមព្រៀងឡើងវិញ។
ទីភ្នាក់ងារសារព័ត៌មានបារាំង AFP បានផ្សាយ នៅថ្ងៃព្រហស្បតិ៍ ទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ ថា លោក អង់តូនីញ៉ូ ហ្គូទែរ៉េស (Antonio Guterres) អគ្គលេខាធិការអង្គការសហប្រជាជាតិ កាលពីថ្ងៃពុធ បានជំរុញឱ្យសហរដ្ឋអាមេរិក និងរុស្ស៉ី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងនុយក្លេអ៊ែរថ្មីមួយជាបន្ទាន់ ព្រោះសន្ធិសញ្ញាកាត់បន្ថយសព្វាវុធនុយក្លេអ៊ែរ ហៅកាត់ New START (ញូវស្ដាត) នឹងត្រូវអស់សុពលភាព។ ការមិនបន្ដចុះកិច្ចព្រមព្រៀងអាវុធនុយក្លេអ៊ែរ ដែលមានស្រាប់ នឹងធ្វើឲ្យគ្រោះថ្នាក់ដល់សន្តិភាព និងសន្តិសុខអន្តរជាតិ។
សន្ធិសញ្ញា New START នឹងត្រូវផុតកំណត់ នៅត្រឹមថ្ងៃព្រហស្បតិ៍ ទី៥ ខែកុម្ភៈ។ នេះជាការបើកផ្លូវឱ្យសហរដ្ឋអាមេរិក និងរុស្ស៉ី ពង្រីកឃ្លាំងអាវុធនុយក្លេអ៊ែររបស់ខ្លួនឡើងវិញ ហើយក៏លែងមានការរឹតត្បិតលើការផលិតអាវុធមហាប្រល័យលោកបន្ដទៀត។
ប្រមុខអង្គការសហប្រជាជាតិ បានបញ្ជាក់ នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ថា៖«ជាលើកដំបូងនៅក្នុងរយៈពេលជាងកន្លះសតវត្សកន្លងមកនេះ យើងកំពុងតែប្រឈមមុខនឹងពិភពលោកមួយ ដែលមិនមានការរឹតត្បិត ឬដាក់កំហិតណាមួយ លើឃ្លាំងអាវុធនុយក្លេអ៊ែរយុទ្ធសាស្រ្ដរបស់សហព័ន្ធន៍រុស្ស៉ី និងសហរដ្ឋអាមេរិក។ សន្ធិសញ្ញា New START និងសន្ធិសញ្ញាគ្រប់គ្រងអាវុធផ្សេងៗទៀត បានចូលរួមចំណែកយ៉ាងសំខាន់ នៅក្នុងការធ្វើឱ្យល្អប្រសើរឡើងវិញនូវសន្តិសុខរបស់ពិភពលោក។
ទន្ទឹមគ្នានេះ ប្រមុខអង្គការសហប្រជាជាតិ បានអំពាវនាវដល់សហរដ្ឋអាមេរិក និងរុស្ស៉ី វិលត្រឡប់ទៅរកតុចរចាជាថ្មី ហើយមិនត្រូវពន្យារពេល និងចុះហត្ថលេខាលើកិច្ចព្រមព្រៀងអាវុធនុយក្លេអ៊ែរជាំថ្មីឱ្យបានឆាប់បំផុត។
សន្ធិសញ្ញា New START ត្រូវបានចុះហត្ថលេខាជាលើកដំបូង នាឆ្នាំ២០១០ ដោយបានដាក់កំហិតដល់សហរដ្ឋអាមេរិក និងរុស្ស៉ី នៅក្នុងការដាក់ពង្រាយក្បាលគ្រាប់នុយក្លេអ៊ែរយុទ្ធសាស្ត្រ មិនឱ្យលើសពី១៥៥០គ្រាប់។ ក្រោមសន្ធិសញ្ញានេះ ទាំងសហរដ្ឋអាមេរិក និង រុស្ស៊ី អាចចុះទៅធ្វើអធិការកិច្ច នៅក្នុងឃ្លាំងអាវុធនុយក្លេអ៊ែរទៅវិញទៅមក។ ប៉ុន្ដែការធ្វើអធិការកិច្ចនេះក៏បានផ្អាក ចាប់តាំងពីអំឡុងកូវីដ-១៩ រហូតមក៕