បារាំង ត្រៀមផ្ដល់ឯកសារប្រវត្ដិសាស្ដ្រ ដោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃ
រាជធានីភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦ បានផ្ញើលិខិតមួយច្បាប់ ជូនលោក អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីបារាំង ដើម្បីឆ្លើយតបទៅនឹងការបង្ហាញឆន្ទៈរបស់ប្រទេសបារាំង អំពីការត្រៀមខ្លួន ផ្តល់នូវឯកសារប្រវត្តិសាស្ត្រ និងបច្ចេកទេស ពាក់ព័ន្ធនឹងព្រំដែនអន្តរជាតិ រវាងកម្ពុជា និងថៃ។
ក្រសួងការបរទេសកម្ពុជា បានបញ្ជាក់ នៅក្នុងសេចក្ដីប្រកាសព័ត៌មាន ថា នៅក្នុងលិខិតនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណយ៉ាងស្មោះរបស់កម្ពុជា ចំពោះប្រទេសបារាំង ដែលបានប្រកាន់ជំហរ ជាគោលការណ៍គាំទ្រ ចំពោះបទឈប់បាញ់ រវាងកម្ពុជា និងថៃ ក៏ដូចជា ចំពោះការចូលរួមប្រកប ដោយស្ថាបនារបស់ប្រទេសបារាំង ក្នុងកិច្ចប្រឹងប្រែងសម្រួលដល់ការដោះស្រាយ ជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ។
សម្តេចនាយករដ្ឋមន្ត្រីកម្ពុជា បានសង្កត់ធ្ងន់ ថា កម្ពុជា វាយតម្លៃខ្ពស់ ចំពោះការរួមចំណែក របស់បារាំង ដល់សន្តិភាព ការអភិវឌ្ឍ និងការកសាងជាតិឡើងវិញរបស់កម្ពុជា អស់រយៈពេលរាប់ទសវត្សរ៍កន្លងមកហើយ។ ការរួមចំណែកនេះ បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការពង្រឹងសមត្ថភាពជាតិកម្ពុជា ហើយព្រមទាំងបានធ្វើឱ្យភាពជាដៃគូ ពហុវិស័យ រវាងប្រទេសទាំងពីរ កាន់តែមានភាពស៊ីជម្រៅបន្ថែមទៀត។
សម្តេចធិបតី បានបន្ថែម ថា កម្ពុជា ផ្តល់សារៈសំខាន់ ចំពោះតួនាទីរបស់បារាំង មិនត្រឹមតែ ក្នុងនាមជាសមាជិកអចិន្ត្រៃយ៍ នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាអ្នកដឹកនាំគាំទ្រឈានមុខមួយ ចំពោះអភិបាលកិច្ចសកល ច្បាប់អន្តរជាតិ និងពហុភាគីនិយម និងក្នុងនាមជាដៃគូយូរអង្វែង ដែលមានការផ្សារភ្ជាប់ទំនាក់ទំនង តាមរយៈការគោរពគ្នាទៅវិញទៅមក ប្រវត្តិសាស្ត្ររួម និងតម្លៃរួម។ បច្ចេកទេស ជំនាញ និងការប្រឹក្សាយោបល់ ព្រមទាំងសម្រួលការទទួល និងផ្តល់ នៅក្នុងបរិបទនេះ។ ទន្ទឹមគ្នានេះដែរ សម្តេច នាយករដ្ឋមន្ត្រី ក៏បានស្នើសុំឱ្យប្រទេសបារាំង ពិចារណាផ្តល់ការគាំទ្រ និងបច្ចេកទេស ពាក់ព័ន្ធនឹងព្រំដែនអន្តរជាតិ រវាងកម្ពុជា និងថៃ ដែលជាមរតក នៃសម័យអាណាព្យាបាល។
សម្តេចធិបតី បានបញ្ជាក់ជាថ្មីថា កម្ពុជា ត្រៀមខ្លួនធ្វើការយ៉ាងជិតស្និទ្ធ ជាមួយនឹងសហគមន៍អន្តរជាតិ ដើម្បីការពារសន្តិភាព តាមរយៈការគោរពច្បាប់អន្តរជាតិ និងការដោះស្រាយជម្លោះដោយសន្តិវិធី ដោយមិនប្រើការគំរាមកំហែង ឬការប្រើប្រាស់កម្លាំងនោះទេ។ សម្តេច នាយករដ្ឋមន្រ្ដី បានសម្តែងជំនឿយ៉ាងមុតមាំ ថា ការបន្តចូលរួមចំណែករបស់បារាំង នឹងជួយដល់គោលបំណងរួម ដើម្បីសម្រេចបាននូវ ដំណោះស្រាយដ៏យុត្តិធម៌ និងយូរអង្វែង ដែលអនុញ្ញាតឱ្យប្រជាជនកម្ពុជា និងប្រជាជនថៃ អាចរួមរស់ជាមួយគ្នា ក្នុងសន្តិភាព សន្តិសុខ ភាពជាអ្នកជិតខាងល្អ និងវិបុលភាព រួមទាំងសម្រាប់ប្រជាជនជំនាន់ក្រោយៗទៀត។
រាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់សាជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំ ចំពោះការដោះស្រាយជម្លោះ ដោយសន្តិវិធី ដោយដាច់ខាត មិនគំរាមកំហែង ឬការប្រើប្រាស់កម្លាំង ហើយនិងលើកកម្ពស់ច្បាប់អន្តរជាតិ និងពហុភាគីនិយម ដែលជាមូលដ្ឋានគ្រឹះ សម្រាប់សន្តិភាព និងស្ថិរភាពក្នុងតំបន់ និងពិភពលោកទាំងមូល៕