ទាហានសៀមចង់បង្កជម្លោះជាថ្មី ចោទប្រកាន់កងទ័ពខ្មែរ បាញ់គ្រាប់បែកធ្លាក់ជិតបន្ទាយរបស់ពួកគេ
រាជធានីភ្នំពេញ៖ នៅមុនការផ្ទុះសង្គ្រាម ចំនួន២លើក ចន្លោះពីថ្ងៃទី២៤ដល់២៨ ខែកក្កដា និង ចន្លោះពីថ្ងៃទី៧ដល់២៧ ខែធ្នូ ឆ្នាំ២០២៥ ទាហានសៀម តែងតែប្រើប្រាស់កលល្បិចជាដដែលៗ ក្រោមហេតុផលទាហានរបស់ពួកគេ ដើរល្បាតជាន់គ្រាប់មីន ខណៈឥឡូវ កំពុងតែចោទប្រកាន់ជាថ្មី មកលើកងទ័ពខ្មែរ បានបាញ់គ្រាប់បែក៤០មិល្លីម៉ែត្រ ហោះចូលទៅលើទឹកដីថៃ ដោយគ្រាប់បែកមួយគ្រាប់នោះ បានធ្លាក់ជិតបន្ទាយប្រតិបត្ដិការសឹករបស់ពួកគេ តើនេះជាកលល្បិចចាប់ផ្ដើមបង្កជម្លោះ ឬសង្គ្រាមជាថ្មីឬ?
សារព័ត៌មានជាភាសាអង់គ្លេសរបស់ថៃ Khaosod បានផ្សាយ កាលពីថ្ងៃព្រហស្បតិ៍ ទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ ថា តំបន់យោធភូមិភាគថៃ បានបញ្ជាក់ ថា គ្រាប់បែក៤០មិល្លីម៉ែត្រ ត្រូវបានបាញ់ ដោយកងកម្លាំងប្រឆាំង បានធ្លាក់នៅជិតបន្ទាយទាហានថៃ ស្ថិតក្នុងខេត្តស្រះកែវ កាលពីថ្ងៃព្រហស្បតិ៍ ប៉ុន្ដែមិនអ្នករងរបួសនោះឡើយ។ ឧបទ្ទវហេតុនេះ បានកើតឡើង នៅវេលាម៉ោង១០ និង ១៨នាទីព្រឹក ថ្ងៃទី៥ ខែកុម្ភៈ។ គ្រាប់បែកមួយគ្រាប់នោះ បានធ្លាក់នៅជិតតំបន់ផ្លាន់ ហ៊ីន ផាត កូន (Phlan Hin Paet Kon) ដោយវាបានធ្លាក់ នៅជិតបន្ទាយប្រតិបត្ដិការសឹកថៃ។
ទាហានសៀម បានអះអាងទៀត ថា ការវាយតម្លៃបឋម មិនមានគ្រោះថ្នាក់ដល់ទាហាន ឬខូចខាតដល់សម្ភារយោធានោះឡើយ ហើយទាហានទាំងអស់ ត្រូវបានគេរាយការណ៍ ថា មានសុវត្ថិភាពទាំងអស់។ ស្របគ្នានេះ អាជ្ញាធរថៃ បានបង្កើនវិធានការសន្ដិសុខ និង កំពុងតែតាមដានស្ថានការណ៍យ៉ាងដិតដល់ នៅក្នុងតំបន់នោះ។
ដោយឡែក លោកស្រី ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យ ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ នៅក្នុងសេចក្ដីប្រកាសព័ត៌មានប្រចាំថ្ងៃរបស់ខ្លួន ថា នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ មានបណ្តាញសារព័ត៌មានថៃមួយចំនួន បានផ្សព្វផ្សាយ ថា៖«បន្ទាន់! កងទ័ពភូមិភាគទី២ថៃ បានរកឃើញ ថា ភាគីម្ខាងទៀត បានបាញ់គ្រាប់បែក៤០មិល្លីម៉ែត្រ ធ្លាក់នៅក្បែរមូលដ្ឋានទាហាន Phlan Hin Pet Kon។ ទន្ទឹមគ្នានេះ ក្រសួងការពារជាតិកម្ពុជា សូមបដិសេធទាំងស្រុង ចំពោះការចុះផ្សាយរបស់បណ្តាញសារព័ត៌មានថៃទាំងនោះ ហើយសូមអះអាង ថា នេះជាព័ត៌មានប្រឌិត ក្លែងក្លាយ ផ្ទុយពីការពិតទាំងស្រុង នៅក្នុងគោលបំណងបំភ័ន្ដដល់សាធារណមតិ និងធ្វើឱ្យស្ថានការណ៍ នៅតាមបណ្តោយព្រំដែន រវាងកម្ពុជា-ថៃ មានភាពតានតឹង។
បើតាមព័ត៌មានពីយោធភូមិភាគទី៤ នៃកងយោធពលខេមរភូមិន្ទ បានឲ្យដឹង ថា ក្រុមទំនាក់ទំនងរបស់យោធភូមិភាគទី៤របស់កម្ពុជា និងកងទ័ពភូមិភាគទី២របស់ថៃ បានទាក់ទង និងសាកសួរ ហើយបានផ្តល់ព័ត៌មានទៅវិញទៅមក ដើម្បីបញ្ជាក់ការពិតរួចហើយ គឺមិនមានហេតុការណ៍បែបនេះកើតឡើង ដូចការចុះផ្សាយរបស់បណ្តាញសារព័ត៌មានថៃនោះឡើយ៕