តើសហរដ្ឋអាមេរិក ដាក់ពង្រាយទ័ពប៉ុន្មានកន្លែង ក្នុងប្រទេសប៉ុន្មាន នៅជុំវិញពិភពលោក?
រដ្ឋធានីវ៉ាស៊ីនតោន៖ ស្របពេលមានភាពតានតឹងកាន់តែខ្លាំង នៅតំបន់មជ្ឈិមបូព៌ា និង ការប្រកួតប្រជែងខាងភូមិសាស្ដ្រនយោបាយ ជាមួយមហាយក្សចិន ផងនោះ សហរដ្ឋអាមេរិក បានបង្កើនការចំណាយលើវិស័យការពារជាតិដ៏ខ្ពស់បំផុត រហូតដល់ជិត១ពាន់ពាន់លាន ឬទ្រីលលានដុល្លារ ហើយថា តើសហរដ្ឋអាមេរិក ដាក់ពង្រាយកងទ័ព នៅលើប្រទេសប៉ុន្មាន និងមានចំនួនប៉ុន្មានកន្លែង នៅជុំវិញពិភពលោក?
សារព័ត៌មាន Stars Insider បានផ្សាយ ថា សហរដ្ឋអាមេរិក បានដាក់កងទ័ពឈរជើង នៅលើប្រទេសប្រហែល៨០។ បច្ចុប្បន្ន ក្រសួងការពារជាតិសហរដ្ឋអាមេរិក បានគ្រប់គ្រងកន្លែងឈរជើងរបស់ទាហានខ្លួន ជាង ៤ ៧៩០កន្លែង នៅពាសពេញពិភពលោក។
បើតាមមជ្ឈមណ្ឌលទិន្នន័យការពារជាតិ Manpower (ម៉ែនផៅវើរ) បានឲ្យដឹង ថា នៅក្នុងចំណោមប្រទេសទាំងនោះ មានប្រទេសចំនួន១១ បានដើរតួនាទីយ៉ាងសំខាន់ សម្រាប់វត្ដមានបុគ្គលិកយោធាសកម្មដ៏ធំបំផុតរបស់សហរដ្ឋអាមេរិក នៅលើទឹកដីបរទេស រួមមាន៖
១-ប្រទេសតួកគី ដោយមានទាហានចំនួន ១ ៧00នាក់។ រីឯយន្ដហោះយោធាអាមេរិក ដែលកំពុងតែប្រតិបត្តិការ នៅប្រទេសតួកគី រួមមាន៖ យន្តហោះ B-1B Lancers (បេ-វ៉ាន់ប៊ី ឡែនស៊ែរ) និង យន្ដហោះ A-10 Thunderbolt II (អេ-១០ថាន់ដឺរបូលត៍)។
២-ប្រទេសប៊ែលហ្ស៊ិក ក៏ក្លាយជាមូលដ្ឋានកងទ័ពដ៏សំខាន់របស់សហរដ្ឋអាមេរិក ហើយក៏បានដើរតួនាទីដ៏សំខាន់ នៅក្នុងការគាំទ្រដល់សកម្មភាពអង្គការណាតូផងដែរ។
៣-ប្រទេសបារ៉ែន មានវត្ដមានទាហានអាមេរិក ចំនួន ៣ ៧០០នាក់។
៤-ប្រទេសអេស្ប៉ាញ មានទាហានអាមេរិកឈរជើង ចំនួន ៤ ២៥២នាក់។
៥-ដែនកោះពូអឺតូ រីកូ (Puerto Rico) មានទាហានអាមេរិកឈរជើង ជាង៤ ៨០០នាក់។
៦-កោះហ្គាម (Guam) ដែលជាដែនដីរបស់សហរដ្ឋអាមេរិក នៅមហាសមុទ្រប៉ាស៊ីហ្វិក មានទាហានឈរជើង ចំនួន ១១ ០១៣នាក់។
៧-ចក្រភពអង់គ្លេស មានទាហានអាមេរិកឈរជើង ចំនួន ១១ ០០០នាក់។
៨-ប្រទេសអ៊ីតាលី ជាមូលដ្ឋានកងដឹកជញ្ជូនរបស់កងទ័ពសហរដ្ឋអាមេរិក។
៩-កូរ៉េខាងត្បូង មានទាហានសកម្មអាមេរិក ចំនួន ២៦ ៨៧៤នាក់។
១០-អាល្លឺម៉ង់ មានទាហានសកម្មអាមេរិក ចំនួន ៤៩ ៣០០នាក់។
១១-ជប៉ុន មានទាហានអាមេរិកឈរជើង ចំនួន ៦០ ៨២០នាក់នៅក្នុងចំណោមទាហានអាមេរិកនៅក្រៅប្រទេស ចំនួន ២៣០ ៥០០នាក់៕