គណបក្សរបស់នាយករដ្ឋមន្រ្ដីចាំផ្ទះ ឈ្នះការបោះឆ្នោតសកល នៅប្រទេសថៃ
រាជធានីបាងកក៖ ការបោះឆ្នោតសកល នៅប្រទេសថៃ កាលពីថ្ងៃអាទិត្យ បានធ្វើឱ្យមានការខកចិត្តខាងនយោបាយដ៏គួរឱ្យភ្ញាក់ផ្អើលបំផុតមួយរបស់ប្រទេសអាស៊ានមួយនេះ នៅក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅថ្មីៗនេះ ដោយលទ្ធផលក្រៅផ្លូវការ បង្ហាញ ថា គណបក្សអភិរក្ស និយម Bhumjaithai (ភូមិចៃថៃ) របស់នាយករដ្ឋមន្រ្ដីចាំផ្ទះ លោក អនុទីន ទទួលបានកៅអីសភា ជិត២០០អាសនៈ នៅក្នុងចំណោមកៅអីសភា ចំនួន៥០០អាសនៈ ខណៈគណបក្សប្រជាជន ដែលជាគណបក្សប្រឆាំងដ៏ធំបំផុត បានថយសំឡេងគាំទ្រ ដោយខុសពីការរំពឹងទុក។ នេះបើតាមសារព័ត៌មានជាភាសាអង់គ្លេសរបស់ថៃ Khaosod បានផ្សាយ កាលពីវេលាម៉ោង១១យប់ ថ្ងៃអាទិត្យ ទី៨ ខែកុម្ភៈ ឆ្នាំ២០២៦។
បើទោះជាការស្ទង់មតិដំបូងបង្ហាញ ថា គណបក្សប្រជាជន នឹងក្លាយគណបក្សដ៏ធំបំផុតរបស់ប្រទេសថៃ យ៉ាងណាក៏ដោយ ក៏ចំនួនអាសនៈក្រៅផ្លូវការ គឺគណបក្សប្រឆាំងដ៏ធំបំផុតមួយនេះ បានទទួលអាសនៈតិចជាង ១00អាសនៈ ខណៈគណបក្សភូមិចៃថៃរបស់នាយករដ្ឋមន្ត្រីចាំផ្ទះ លោក អានុទីន ឆានវីរៈគុល (Anutin Charnvirakul) បានទទួលជិត ២00 អាសនៈ នៅក្នុងសភាតំណាងរាស្រ្តដែលមានសមាជិក ៥00អាសនៈ។
លទ្ធផលបោះឆ្នោត នៅប្រទេសថៃ កាលពីថ្ងៃអាទិត្យ បានបង្ហាញពីការលទ្ធផលបញ្ច្រាសទិសដ៏គួរឱ្យភ្ញាក់ផ្អើល ផ្ទុយពីការបោះឆ្នោត កាលពីលើកមុន ដោយគណបក្សប្រជាជន ដែលបានទទួលការគាំទ្រយ៉ាងខ្លាំង ពីក្រុមអ្នកបោះឆ្នោតវ័យក្មេង និង បានឈ្នះនៅតាមមណ្ឌលបោះឆ្នោត នៅតាមទីក្រុងនានា ជាមួយនឹងការទទួលចំនួន១៥១អាសនៈ។ រីឯគណបក្សភឿថៃរបស់កូនស្រីពៅរបស់លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា អតីតនាយករដ្ឋមន្រ្ដីថៃ គឺលោកស្រី ផេងថុងថាន ស៊ីណាវ៉ាត្រា បានឈរ នៅក្នុងលំដាប់លេខ៣ ជាមួយនឹងការទទួលបានសន្លឹកឆ្នោតចំនួន៦០អាសនៈ ខណៈការរាប់សន្លឹកឆ្នោត បានចំនួន៨៩អាសនៈ គិតត្រឹមយប់ ថ្ងៃអាទិត្យ ទី៨ ខែកុម្ភៈ ឆ្នាំ២០២៦៕