តើជប៉ុន-ចិន នឹងបន្ដតានតឹងដាក់គ្នាឬ ក្រោយលោកស្រី តាកៃឈិ ឈ្នះភ្លូកទឹកភ្លូកដី?

រាជធានីតូក្យូ៖ ទំនាក់ទំនងការទូត រវាងរដ្ឋាភិបាលក្រុងតូក្យូ និង ក្រុងប៉េកាំង បានតានតឹងដាក់គ្នាយ៉ាងខ្លាំង ជុំវិញបញ្ហាកោះតៃវ៉ាន់ ក្រោយពេលនាយករដ្ឋមន្រ្ដីស្រីដំបូងរបស់ជប៉ុន បានឡើងកាន់តំណែង មិនបានប៉ុន្មានសប្ដាហ៍ផង ខណៈឥឡូវ លោកស្រី តាកៃឈិ បានឈ្នះការបោះឆ្នោតសកលភ្លូកទឹកភ្លូកដី កាលពីថ្ងៃអាទិត្យ។

កាសែតដ៏ល្បីល្បាញរបស់សហរដ្ឋអាមេរិក New York Times បានផ្សាយ កាលពីព្រឹក ថ្ងៃចន្ទ ទី៩ ខែកុម្ភៈ ឆ្នាំ២០២៦ ថា នាយករដ្ឋមន្រ្ដីជប៉ុន លោកស្រី សាណា តាកៃឈិ (​Sanae Takaichi) កាលពីថ្ងៃអាទិត្យ បានចូលរួមប្រកួតប្រជែងដ៏ធំមួយ ដោយលោកស្រី បានរៀបចំការបោះឆ្នោតភ្លាមៗ​ ក្រោយការឡើងកាន់តំណែង ត្រឹមតែ​​រយៈពេល១១០​ថ្ងៃ បន្ទាប់ពីលោកស្រី បានក្លាយជាស្ត្រីដំបូងគេ ​បានកាន់តំណែងជានាយករដ្ឋមន្ត្រីរបស់ប្រទេសអាស៊ីបូព៌ាមួយនេះ។ គណបក្សរបស់លោកស្រី ​បាន​ទទួល​ជោគជ័យ ដោយអ្នក​​​បោះឆ្នោតបាន​ផ្តល់ការគាំទ្រយ៉ាងពេញទំហឹង​ ​សម្រាប់​គោលនយោបាយ​សេដ្ឋកិច្ច​របស់​លោកស្រី និង​គោលជំហរដ៏​តឹងរ៉ឹង ​លើ​អន្តោប្រវេសន៍ និង​ប្រទេស​ចិន។​

គណបក្សប្រជាធិបតេយ្យសេរី (LDP) របស់លោកស្រី តាកៃឈិ បានឈ្នះភ្លូកទឹកភ្លូកដី ដោយបានទទួល​​សំឡេង ចំនួន៣១៦អាសនៈ នៅក្នុងចំណោមកៅអីសភាជាន់ទាបជប៉ុន ចំនួន៤៦៥អាសនៈ។ នេះជាសំឡេងគាំទ្រដ៏ច្រើនលើសលុបយ៉ាងកម្របំផុត នៅ​សភាតំណាងរាស្រ្ត ដោយបានកើន​លើសពីមុន ដែលមានត្រឹមតែ​១៩៨​អាសនៈ។ នេះបើតាមការផ្សាយរបស់បណ្ដាញទូរទស្សន៍របស់ជប៉ុន ​NHK ​។​

​ជ័យជម្នះរបស់គណបក្ស លោកស្រី តាកៃឈិ បានបង្ហាញយ៉ាងច្បាប់ អំពី​ការអនុម័តរបៀបវារៈអភិរក្សមួយ ស្តីពីការការពារជាតិ និងបញ្ហាសង្គម ហើយក៏​​ដើម្បីពង្រឹងនូវគោលជំហររបស់លោកស្រី ​នៅលើឆាកពិភពលោក ដោយ​ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ​បានពេញចិត្ដនឹង​បេក្ខភាពនាយករដ្ឋមន្រ្ដីរបស់​លោកស្រី។ ការទទួលបានកៅអី ចំនួន​៣១៦អាសនៈរបស់គណបក្ស LDP បូករួមទាំងអាសនៈចំនួន៣៦របស់គណបក្សនុវានុវត្តន៍ជប៉ុន ឬ Ishin (អ៊ីស៊ីន) ដែលជាដៃគូ​រដ្ឋាភិបាលចម្រុះ នា​ពេលនេះ នឹងធ្វើឲ្យលោកស្រី តាកៃឈិ​ មានសំឡេងភាគច្រើនលើសលុប រហូតដល់​៣៥២អាសនៈនៅក្នុងសភា។ ដូច្នេះ លោកស្រីនាយករដ្ឋមន្រ្ដី នឹងមានភាពងាយស្រួលបំផុត នៅក្នុងការអនុម័តច្បាប់ និងជំរុញរបៀបវារៈលើគោលនយោបាយរបស់លោកស្រី។

គោលនយោបាយរបស់រដ្ឋាភិបាល លោកស្រី តាកៃឈិ ​បានបង្កើនកញ្ចប់ថវិកាលើវិស័យការពារជាតិយ៉ាងច្រើន ជាមួយនឹងការអះអាង ថា ប្រសិនបើរដ្ឋាភិបាលក្រុងប៉េកាំង ចូលឈ្លានពានទៅលើកោះតៃវ៉ាន់ ក្រុងតូក្យូ នឹងឆ្លើយតបដោយយោធា។ ការលើកឡើងរបស់លោកស្រី ​បានធ្វើឲ្យប្រទេសមហាយក្សចិន ខឹងសម្បាយ៉ាងខ្លាំង និង ជំរុញឲ្យលោកស្រី លុបចោលនូវការធ្វើអត្ថាធិប្បាយបែបនេះ។ ទន្ទឹមគ្នានេះដែរ​​ រដ្ឋមន្ត្រីក្រសួងការពារជាតិជប៉ុន លោក ស៊ីនជីរ៉ូ កូអ៊ីហ្ស៊ូមិ (Shinjiro Koizumi) បានបញ្ជាក់ ​ថា គាត់​ចង់ឱ្យជំរុញ​​គោលនយោបាយពង្រឹងវិស័យការពារជាតិជប៉ុន​ ខណៈបន្តកិច្ចសន្ទនាជាមួយនឹងចិន​៕​

អត្ថបទដែលជាប់ទាក់ទង