អ៊ីរ៉ង់ ប្រកាសពីការអត់ខ្លាចសហរដ្ឋអាមេរិក បញ្ជូនកងនាវាផ្ទុកយន្ដហោះវាយប្រហារ មកកាន់សមុទ្រអារ៉ាប់
រដ្ឋធានីតេអ៊ីរ៉ង់៖ រដ្ឋមន្រ្ដីក្រសួងការបរទេសអ៊ីរ៉ង់ លោក អាប់បាស អារ៉ាក់ឈី (Abbas Araghchi) កាលពីថ្ងៃអាទិត្យ បានច្រានចោល ចំពោះ អ៊ីរ៉ង់ដែលមិនធ្លាប់បោះបង់ចោលការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម នៅក្នុងការចរចារបស់ខ្លួន ជាមួយសហរដ្ឋអាមេរិក ដោយលើកឡើង ថា ក្រុងតេអេរ៉ង់ នឹងមិនមានការបំភិតបំភ័យ ដោយការគំរាមកំហែង ចំពោះសង្គ្រាម ប្រឆាំងនឹងក្រុងវ៉ាស៊ីនតោន នោះឡើយ។ នេះបើតាមបណ្ដាញទូរទស្សន៍ គ្រប់គ្រងដោយរដ្ឋអារ៉ាប៊ីសាអូឌីត Al Arabiya បានផ្សាយ នៅព្រឹក ថ្ងៃចន្ទ ទី៩ ខែកុម្ភៈ ឆ្នាំ២០២៦។
ប្រមុខការទូតអ៊ីរ៉ង់ បានថ្លែងទៅកាន់វេទិកាមួយ ក្នុងទីក្រុងតេអ៊ីរ៉ង់ (Tehran) ថា អ៊ីរ៉ង់ មានការជឿទុកចិត្តតិចតួច លើសហរដ្ឋអាមេរិក ហើយថែមទាំងមានការសង្ស័យ ចំពោះការចរចាជាថ្មីពីភាគីសហរដ្ឋអាមេរិក។
ប្រមុខការទូតអ៊ីរ៉ង់ បានសង្កត់ធ្ងន់ ថា៖ ហេតុអ្វីបានជាយើងទទូចយ៉ាងខ្លាំង លើការពង្រឹង និងបដិសេធចំពោះបោះបង់ចោលនូវការចម្រាញ់អ៊ុយរ៉ាញ៉ូម បើទោះជាសង្រ្គាមត្រូវកើតឡើង នៅលើយើងយ៉ាងណាក៏ដោយ? ព្រោះគ្មានអ្នកណាម្នាក់ មានសិទ្ធិ កំណត់លើអាកប្បកិរិយារបស់យើងនោះទេ។ ការដាក់ពង្រាយកងកម្លាំងយោធាសហរដ្ឋអាមេរិក នៅក្នុងតំបន់ មិនបានធ្វើឱ្យយើងភ័យខ្លាច ខណៈការមកដល់ នៃកងនាវាផ្ទុកយន្តហោះវាយប្រហារ USS Abraham Lincoln (យូអេសអេស អាប្រាហាម លីនខន់) នៅសមុទ្រអារ៉ាប់។
សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានបើកការចរចាឡើងវិញ ជាលើកដំបូង កាលពីថ្ងៃសុក្រ ទី៦ ខែកុម្ភៈ នៅប្រទេសអូម៉ង់ ចាប់តាំងពីសង្គ្រាមរយៈពេល១២ថ្ងៃរបស់អ៊ីស្រាអែល ជាមួយសាធារណរដ្ឋអ៊ិស្លាម កាលពីខែមិថុនា ឆ្នាំ២០២៥។ បច្ចុប្បន្ន អ៊ីរ៉ង់ កំពុងតែស្វែងរកការដកទណ្ឌកម្មសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក មកលើប្រទេសនេះ ជាថ្នូរនឹងអ្វីដែលប្រមុខការទូតអ៊ីរ៉ង់ បានអះអាង ថា នេះជាវិធានការកសាងទំនុកចិត្តជាបន្តបន្ទាប់ ទាក់ទងនឹងកម្មវិធីនុយក្លេអ៊ែររបស់ក្រុងតេអ៊ីរ៉ង់។
ប្រទេសលោកខាងលិច និងអ៊ីស្រាអែល ដែលគិត ថា ជាប្រទេសតែមួយគត់ នៅមជ្ឈិមបូព៌ាមានអាវុធនុយក្លេអ៊ែរនោះ បានបញ្ជាក់ ថា អ៊ីរ៉ង់ កំពុងតែស្វែងរកទិញគ្រាប់បែកនុយក្លេអ៊ែរ តែក្រុងតេអេរ៉ង់ បានបដិសេធ៕