ពលរដ្ឋរាប់ពាន់នាក់មកពីគ្រប់ទិសទី នាំគ្នាចុះចាប់ត្រី នៅលើទឹកដីអង្គរ
ខេត្តសៀមរាប៖ ប្រជាជាតិខ្មែរ តែងតែប្រកាន់ខ្ជាប់នូវប្រពៃណីទំនៀមទម្លាប់របស់ខ្លួន តាំងពីបុរាណកាលតរៀងមក ហើយកាលពីព្រឹក ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៦ មានមនុស្សរាប់ពាន់នាក់ មកពីគ្រប់ទិសទី បានចូលរួមនៅក្នុងព្រឹត្ដិការណ៍ចាប់ត្រីរួមគ្នា នៅក្នុងបឹងបង្កោង ស្ថិតក្នុងភូមិបង្កោង ឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប។
ព្រឹត្ដិការណ៍ចាប់ត្រីរួមគ្នា នៅបឹងបង្កោង នៃទឹកដីអច្ឆរិយៈរបស់ខ្មែរ ក្រៅពីការបង្កើតបរិយាកាសសប្បាយរីករាយ សាមគ្គីភាព រវាងប្រជាជាតិខ្មែរនោះ ក៏វាបានបង្ហាញពីលក្ខណៈពិសេស ជាងការនេសាទធម្មតា ដោយសារត្រូវតែគោរពតាមច្បាប់សហគមន៍។ ពិធីនេះតែងតែធ្វើឡើង ជារៀងរាល់ឆ្នាំ ដោយមានអាជ្ញាធរភូមិ និងគណៈកម្មការវត្ត ហាមឃាត់នូវការនេសាទ នៅក្នុងបឹងនេះពេញមួយឆ្នាំ សម្រាប់ការថែរក្សាពូជត្រី។ ប៉ុន្ដែការអនុញ្ញាតឱ្យចាប់ត្រីបាន មានតែម្តងគត់ ក្នុងមួយឆ្នាំ នាអំឡុងខែមាឃ ក្រោយការប្រមូលផលស្រូវរួច។
ទោះជាយ៉ាងណាក៏ដោយ គណៈកម្មការរៀបចំ ឬអាជ្ញាធរអនុញ្ញាតដល់អ្នកចូលរួម នៅក្នុងព្រឹត្ដិការណ៍ចាប់ត្រីនេះ គឺមានតែការប្រើប្រាស់ឧបករណ៍បុរាណ មានដូចជា៖ អង្គ្រុត ឈ្នាង សំណាញ់ និង ត្រក…ជាដើម។ ដោយឡែក ការប្រើប្រាស់ឧបករណ៍ឆក់ ឬមធ្យោបាយទំនើបដែលបំផ្លាញដល់ប្រព័ន្ធអេកូឡូស៊ី គឺត្រូវហាមឃាត់យ៉ាងតឹងរ៉ឹងបំផុត។
នៅក្នុងព្រឹត្ដិការណ៍ចាប់ត្រី នាឆ្នាំ២០២៦ ក្រៅតែពីមានការចូលរួមពីប្រជាជាតិខ្មែរ រាប់ពាន់នាក់នោះ ក៏មានភ្ញៀវទេសចរអន្តរជាតិ ចូលរួមយ៉ាងច្រើនផងដែរ ហើយពួកគេ បានផ្តិតយកទិដ្ឋភាព នៃពិធីចាប់ត្រីបឹងបង្កោង ដែលជាព្រឹត្ដិការណ៍ទេសចរណ៍បែបវប្បធម៌ដ៏សំខាន់មួយរបស់ខេត្តសៀមរាប បន្ថែមពីលើប្រាសាទបុរាណផងដែរ៕