ក្រុមអ្នកជំនាញ ជំរុញឲ្យរដ្ឋាភិបាលថ្មី ដោះស្រាយសេដ្ឋកិច្ចថៃបន្ទាន់
រាជធានីបាងកក៖ ភាពមិនច្បាស់លាស់ខាងនយោបាយក្នុងប្រទេស និង បញ្ហាជាច្រើន ក៏ដូចជាការបង្កើតជម្លោះ នៅតាមព្រំដែនជាមួយប្រទេសជិតខាង រួមមាន៖ កម្ពុជា…ជាដើម បានធ្វើឲ្យសេដ្ឋកិច្ចរបស់ប្រទេសថៃ នៅជាប់គាំង ជាមួយនឹងកំណើនយឺត រយៈពេលយូរត្រឹមតែ២ភាគរយៈ រហូតកាសែតរបស់អង់គ្លេស ដែលមានអាយុកាលជាង១៣៨ឆ្នាំ ដាក់ចំណងជើង «ថៃជាអ្នកជំងឺអាស៊ី» ប៉ុន្ដែឥឡូវក្រុមអ្នកជំនាញសេដ្ឋកិច្ចថៃ ជាពិសេស វិស័យឯកជន បានជំរុញឲ្យរដ្ឋាភិបាលថ្មីរបស់ថៃ ត្រូវតែដោះស្រាយបញ្ហាសេដ្ឋកិច្ចជាបន្ទាន់។
ប្រព័ន្ធផ្សព្វផ្សាយជាច្រើនរបស់ប្រទេសថៃ បានផ្សាយ កាលពីព្រឹក ថ្ងៃចន្ទ ទី៩ ខែកុម្ភៈ ឆ្នាំ២០២៦ ថា បើតាមលទ្ធផល នៃការបោះឆ្នោតបឋម កាលពីថ្ងៃអាទិត្យ បង្ហាញ ថា គណបក្សភូមិចៃថៃរបស់នាយករដ្ឋមន្រ្តីចាំផ្ទះ លោក អានុទីន ឆានវីរៈគុល (Anutin Charnvirakul) បាននាំមុខគេ ហើយនឹងមានសិទ្ធិបង្កើតរដ្ឋាភិបាលចម្រុះថ្មី។
បើតាមគណៈកម្មការរៀបចំការបោះឆ្នោតថៃ បានឲ្យដឹង ថា បើគិតត្រឹមព្រឹក ថ្ងៃចន្ទ ការិយាល័យបោះឆ្នោតជិត ៩៥ភាគរយ ត្រូវបានរាយការណ៍ អំពីការរាប់សន្លឹកឆ្នោតរួចរាល់អស់ហើយ ជាមួយនឹងលទ្ធផលបឋម បង្ហាញ ថា គណបក្សភូមិចៃថៃរបស់លោក អានុទីន បានឈ្នះប្រហែល ១៩២ អាសនៈ, គណបក្សប្រជាជន ទទួលបានចំនួន១១៧ អាសនៈ និងគណបក្សភឿថៃ ៧៤ អាសនៈ។
ស្របគ្នានេះដែរ ក្រុមអ្នកវិភាគសេដ្ឋកិច្ច បានលើកឡើង ថា លទ្ធផលបោះឆ្នោតថ្មីៗ អាចជំរុញឱ្យប្រទេសថៃ មានស្ថិរភាពខាងនយោបាយជាងមុន ហើយអាចស្ដារទំនុកចិត្តវិនិយោគិន និងសេដ្ឋកិច្ច ដែលកំពុងតែជាប់គាំង អស់រយៈពេលជាច្រើនឆ្នាំកន្លងមកនេះឡើងវិញ។ ទន្ទឹមគ្នានេះ គ្រប់ភាគីពាក់ព័ន្ធថៃ ជាពិសេសវិស័យឯកជន បានអំពាវនាវទាមទារឱ្យរដ្ឋាភិបាលថ្មី ត្រូវតែដោះស្រាយសេដ្ឋកិច្ចបន្ទាន់ ព្រោះបច្ចុប្បន្ន សេដ្ឋកិច្ចរបស់ប្រទេសបានធ្លាក់ចូលទៅក្នុងស្ថានភាពហានិភ័យ កាន់តែខ្លាំង ទាំងក្នុង និងក្រៅប្រទេស។
លោក គ្រៀងក្រៃ ធៀននុគុល (Kriengkrai Thiennukul) ប្រធានសហព័ន្ធន៍ឧស្សាហកម្មថៃ (FTI) បានបញ្ជាក់ ថា ក្នុងរយៈពេល៣ខែដំបូង នៃការកាន់តំណែង គឺរដ្ឋាភិបាលថ្មី គួរតែបង្កើតដំណោះស្រាយបន្ទាន់ សម្រាប់បញ្ហាសេដ្ឋកិច្ចសង្គម យ៉ាងហោចណាស់ ក៏៣ចំណុច ដែលប្រទេសថៃ កំពុងតែក្លាយជាអ្នកជំងឺអាស៊ី។ អ្វីដែលអ្នកជំនាញរូបនេះ បានលើកឡើង គឺបានសម្ដៅទៅលើកាសែតដ៏ចំណាស់របស់ចក្រភពអង់គ្លេស Financial Times បានចុះផ្សាយនូវអត្ថបទរបស់ខ្លួន ជាមួយនឹងចំណងជើង ថា៖« ថៃជាអ្នកជំងឺអាស៊ី»។
ប្រធានសហព័ន្ធន៍ឧស្សាហកម្មថៃ បានសង្កត់ធ្ងន់ ថា ភាពដុនដាប នៃសេដ្ឋកិច្ចរបស់ប្រទេសថៃ ដោយរាប់បញ្ចូលទាំងបំណុលគ្រួសារកើនឡើងខ្ពស់ រហូតដល់បញ្ហាហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ច ដែលធ្វើឱ្យថៃ ប្រឈមនឹងកំណើនយឺតយ៉ាវខ្លាំង បើធៀបនឹងប្រទេសដៃគូប្រជែងក្នុងតំបន់។
ប្រទេសថៃ មានសេដ្ឋកិច្ចធំបំផុតលំដាប់ទី២ នៅតំបន់អាស៊ាន បន្ទាប់ពីប្រទេសឥណ្ឌូណេស៊ី ដែលធ្លាប់តែជាខ្លា បានធ្លាក់មកជាអ្នកជងឺអាស៊ី ដោយសារតែសេដ្ឋកិច្ចជាប់គាំង ជាមួយនឹងវិបត្ដិនយោបាយក្នុងប្រទេសរបស់ខ្លួន និង ការបង្កើតជម្លោះជាមួយប្រទេសជិតខាង។ ដោយឡែក ប្រទេសវៀណាម វិញ កំពុងតែមានសន្ទុះសេដ្ឋកិច្ចឡើងខ្លាំង ហើយអាចធាក់ប្រទេសថៃ ចេញពីតំណែង នៃប្រទេសដែលមានសេដ្ឋកិច្ចធំលំដាប់លេខ២ នៅក្នុងប្លុកអាស៊ាន៕