មេដឹកនាំគណបក្សប្រឆាំងដ៏ធំបំផុត ជំរុញឲ្យស៊ើបអង្កេតលើការបោះឆ្នោត នៅប្រទេសថៃ
រាជធានីបាងកក៖ ប្រធានគណបក្សប្រជាជន ដែលជាគណបក្សប្រឆាំងដ៏ធំបំផុតរបស់ប្រទេសថៃ លោក ណាតថាពង់ រឿងផាន់យ៉ាវុត (Natthaphong Ruengpanyawut) កាលពីថ្ងៃចន្ទ បានអំពាវនាវឱ្យគណៈកម្មការរៀបចំការបោះឆ្នោត ស៊ើបអង្កេតភាពមិនប្រក្រតី នៃការរាប់សន្លឹកឆ្នោត នៅតាមការិយាល័យបោះឆ្នោតមួយចំនួន ជាមួយនឹងការលើកឡើង អំពីចំនួនសន្លឹកឆ្នោត ដែលមិនមានសុពលភាព និងខុសចំនួនច្រើន ខុសពីធម្មតា ខណៈគាត់បានបញ្ជាក់ជាថ្មី ថា គណបក្សរបស់គាត់ ទទួលយកលទ្ធផលបោះឆ្នោតនេះ។
កាសែតថៃ Khaosod បានផ្សាយ ថា ថ្លែងក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃចន្ទ ទី៩ ខែកុម្ភៈ ឆ្នាំ២០២៦ នៅអគារអនាគតឆ្ពោះទៅមុខ (Future Forward) លោក Natthaphong បានផ្តល់បច្ចុប្បន្នភាព អំពីលទ្ធផលបោះឆ្នោតរបស់គណបក្ស ហើយបាននិយាយ ថា ការអំពាវនាវឱ្យមានការត្រួតពិនិត្យឡើងវិញ គឺផ្អែកលើការបន្តតាមដាននូវការរាប់សន្លឹកឆ្នោត ដែលបានធ្វើបច្ចុប្បន្នភាព បណ្តឹងដែលគណបក្សបានទទួល និងរបាយការណ៍ ពីក្រុមការងាររបស់គណបក្ស ដែលសម្របសម្រួល ជាមួយបេក្ខជន នៅតាមមណ្ឌលនានា នៅទូទាំងប្រទេស។
ផ្អែកលើព័ត៌មានបច្ចុប្បន្ន មេដឹកនាំគណបក្សប្រឆាំងរូបនេះ បានបញ្ជាក់ ថា គណបក្សប្រជាជន ត្រូវបានគេរំពឹង ថានឹងទទួលបានអាសនៈ នៅក្នុងមណ្ឌលចំនួន៨៨ និងអាសនៈ ក្នុងបញ្ជីគណបក្សជាង៣០ ទោះជាលោកបានសង្កត់ធ្ងន់ ថា រូបភាពកាន់តែច្បាស់ នឹងលេចចេញខណៈលទ្ធផលផ្លូវការ ត្រូវបានប្រកាស។
មេដឹកនាំគណបក្សប្រឆាំងរូបនេះ បានបន្ដ ថា ស្របពេលគណបក្ស បានកត់សម្គាល់ពីភាពមិនប្រក្រតីជាច្រើន ក្នុងអំឡុងពេលដំណើរការបោះឆ្នោត គណបក្ស នៅតែគោរពលទ្ធផលទាំងអស់។ គណបក្សប្រជាជន ទទួលយកលទ្ធផលបោះឆ្នោតនេះ។ ទោះយ៉ាងណាក៏ដោយ រាល់ការបោះឆ្នោតមានសារៈសំខាន់ ហើយយើងត្រូវតែត្រៀមខ្លួនជាស្រេច សម្រាប់បំពេញកាតព្វកិច្ចរបស់យើង ដើម្បីការពាររាល់ការបោះឆ្នោត ដែលបោះ ដោយប្រជាពលរដ្ឋ៕