សមត្ថកិច្ច ឃាត់ខ្លួនបុរសម្នាក់ ធ្វើទារុណកម្មជីដូនបង្កើតរបស់ខ្លួន

ខេត្តកណ្តាល៖ បុរសម្នាក់មានសតិមិនប្រក្រតី បានធ្វើទារុណកម្មជីដូនបង្កើត រហូតដល់បាត់បង់ជីវិត កាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៦ នៅភូមិដូនសរ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ហើយត្រូវបានសមត្ថកិច្ចឃាត់ខ្លួន កាលពីថ្ងៃទី៩ ខែកុម្ភៈ ដើម្បីនាំទៅចាត់ការតាមនីតិវិធី។

បើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានឲ្យដឹង ថា ពាក់ព័ន្ធការបង្ហោះផ្សព្វផ្សាយជាបន្តបន្ទាប់ ពីករណីធ្វើទារុណកម្ម ដោយអំពើឃោរឃៅ បណ្ដាលឱ្យជនរងគ្រោះបាត់បង់ជីវិតនោះ គឺជនសង្ស័យជាមនុស្សវិបល្លាសស្មារតី។

ជនរងគ្រោះ ឈ្មោះ ប៊ូ សុឃន ភេទស្រី អាយុ៩០ឆ្នាំ ជនជាតិខ្មែរ មុខរបរជរា មានទីលំនៅភូមិដូនសរ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ហើយគាត់មានជំងឺប្រចាំកាយ។ រីឯជនសង្ស័យ ឈ្មោះ ប៊ូ ចាន់ដារ៉ា ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ហើយគេជាជនវិបល្លាសស្មារតី មានទីលំនៅភូមិដូនសរ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។

សូមរម្លឹកឡើងវិញថា ជនសង្ស័យ ឈ្មោះ ប៊ូ ចាន់ដារ៉ា បានក្លាយជាជនវិបល្លាសស្មារតី ដោយសារបានរងគ្រោះថ្នាក់ចរាចរណ៍ ប៉ះពាល់ដល់ខួរក្បាលយ៉ាងធ្ងន់ធ្ងរ នៅប្រទេស អូស្រ្តាលី ព្រមទាំងមានសំបុត្របញ្ជាក់ពីមន្ទីរពេទ្យ នៅប្រទេសអូស្រ្តាលី ផងដែរ ព្រោះគេធ្លាប់ទៅរស់នៅប្រទេសអូស្រ្តាលី ជាមួយម្តាយបង្កើត អស់រយ:ពេល២០ឆ្នាំ។ ប៉ុន្ដែដោយតែមានបញ្ហាខួរក្បាលបែបនេះ ទើបសមត្ថកិច្ចអូស្រ្តាលី បានបញ្ជូនឈ្មោះ ប៊ូ ចាន់ដារ៉ា មកកាន់ប្រទេសកម្ពុជា វិញ ដោយរស់នៅជាមួយជីដូនបង្កើត ឈ្មោះ ប៊ូ សុឃន ដែលមានវ័យជរា។

កាលពីពេលកន្លងមក ខណៈមានអាការធ្វើទុក្ខ ឬមិនស្រួលខ្លួន ជនសង្ស័យតែងតែចាប់ធ្វើបាបជនរងគ្រោៈជាញឹកញាប់ ហើយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលគគីរ តែងតែចុះទៅធ្វើអន្តរាគមន៍។ ក្រោយការឃាត់ខ្លួនរួចមក ជនសង័្សយ កំពុងតែស្ថិតក្នុងចំណាត់ការរបស់សមត្ថកិច្ច៕

អត្ថបទដែលជាប់ទាក់ទង