កម្ពុជា បណ្ដេញជនបរទេសខុសច្បាប់ ជាង៤០០នាក់
រាជធានីភ្នំពេញ៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ បានឲ្យដឹង កាលពីល្ងាច ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៦ ថា ជនបរទេសសរុប៤២៨នាក់ ត្រូវបានកងកម្លាំងសមត្ថកិច្ចជំនាញ ស្រាវជ្រាវ និង ឃាត់ខ្លួន ដោយសារការចូលមករស់នៅដោយខុសច្បាប់ ហើយបានបណ្ដេញ ចេញពីព្រះរាជាណាចក្រកម្ពុជា។
លោកឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ កាលពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៦ បានណែនាំឱ្យនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បន្តបណ្តេញជនបរទេសសរុប៤២៨នាក់ ដោយក្នុងនោះមានស្រីចំនួន២៦នាក់ ចេញពីព្រះរាជាណាចក្រកម្ពុជា។ ជនបរទេសទាំងនេះ មានសញ្ជាតិចំនួន១០ រួមមាន៖ នេហ្សេរីយ៉ា នេប៉ាល់ ឥណ្ឌា ប៉ាគីស្ថាន ចិន ហ្វីលីពីន ថៃ កូរ៉េ មីប៊ី និងឥណ្ឌូណេស៊ី។
នៅក្នុងចំណោមជនបរទេសទាំងនោះ មានជនជាតិចិនចំនួន ៣១២នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញតាមប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសអន្តរជាតិតេជោ និងមួយចំនួនទៀត ពាក់ព័ន្ធករណីលួចឆ្លងដែន ចូលមកស្នាក់នៅ និង ធ្វើការងារខុសច្បាប់ នៅក្នុងព្រះរាជាណាចក្រកម្ពុជា៕