ចៅហ្វាយស្រុកប្រាសាទបាគង ប្រាប់ពីទំនៀមទម្លាប់ចាប់ត្រី​ ក្នុងបឹងបុរាណបង្កោង

ខេត្តសៀមរាប៖ ប្រជាជាតិខ្មែរ តែងតែប្រកាន់ខ្ជាប់នូវទំនៀមទម្លាប់ ប្រពៃណី វប្បធម៌របស់ខ្លួន តតាំងពីបុរាណកាលរហូតមក ហើយអ្នក​ភូមិបង្កោង ឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប ក៏នៅតែរក្សាបានទំនៀមចាប់ត្រីរួមគ្នា សម្រាប់ធ្វើម្ហូបត្រៀមពិធីឡើងមាឃ ​ឬឡើងអ្នកតា ជារៀងរាល់ឆ្នាំ ហើយព្រឹត្ដិការណ៍នេះ បានទាញ់ទាញអ្នកទេសចរជាតិ-អន្ដរជាតិ មានចំនួនរាប់ពាន់នាក់ មកពីគ្រប់ទិសទី​ បាននាំគ្នាចូលរួម​ កាលពីថ្ងៃអាទិត្យ ៦រោច ខែមាឃ ត្រូវនិងថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៦ ធ្វើឡើងនៅក្នុងត្រពាំងបុរាណមួយ ដែលអ្នកភូមិនាំ​គ្នាអភិរក្សត្រីមិនឱ្យមានការនេសាទផ្តេសផ្តាស។​

លោក សូ ប្លាតុង អភិបាលស្រុកប្រាសាទបាគង បានបញ្ជាក់ ថា ​ប្រពៃណីទំនៀមទម្លាប់ពីបុរាណជាច្រើន បានបន្សល់ទុក ក្នុងនោះពិធីបុណ្យឡើងមាឃ មានរយៈពេល ពេញ១ខែ បានរៀបចំឡើង នៅគ្រប់ភូមិទាំងអស់ នៃស្រុកប្រាសាទបាគង។ ប៉ុន្តែការរៀបចំ គ្រាន់តែមានលក្ខណៈខុសគ្នាខ្លះ នៅតាមភូមិនីមួយៗតែប៉ុណ្ណឹងទេ។ ​ពិធីបុណ្យឡើងមាឃនេះ ពិតជាមានសារៈសំខាន់ខ្លាំងណាស់ ហើយ​ពលរដ្ឋក្នុងសហគមន៍តែងតែបន្តប្រតិបត្តិ ដើម្បីរក្សាទំនៀមទម្លាប់ប្រពៃណីរបស់ដូនតា តតាំងពីបុរាណកាលរហូតមក។ ជាការពិតណាស់ ពិធីចាប់ត្រីរួមគ្នានេះ  តែងរៀបចំឡើង តាំងពីបុរាណរហូតមក មិនដែលខកខាននោះឡើយ។ បងប្អូនក្នុងភូមិ បានកំណត់ថ្ងៃមួយ នៃខែមាឃ មកជួបជុំគ្នា មិនថា កូនចៅ នៅឆ្ងាយយ៉ាងណា ក៏វិលត្រឡប់មកចាប់ត្រីរួមគ្នា ធ្វើម្ហូបអាហារ ជាពិសេស ទឹកសម្លនំបញ្ចុក សម្រាប់ពិធីឡើងមាឃ នៅថ្ងៃបន្ទាប់។

លោកអភិបាលស្រុក បានបន្តថា កាលដើមឡើយ ពិធីចាប់ត្រីរួមគ្នានេះ មានតែអ្នកភូមិបង្កោងប៉ុណ្ណោះ ដែលមានសិទ្ធិ អាចចុះចាប់ត្រីបាន តែដើម្បីផ្សព្វផ្សាយ អំពីប្រពៃណីទំនៀមទម្លាប់ដ៏ផូរផង់នេះ ជាពិសេស ការទាក់ទាញទេសចរឱ្យចូលមកកម្សាន្តកាន់តែច្រើនឡើងនោះ អាជ្ញាធរពាក់ព័ន្ធ ក៏បានផ្សព្វផ្សាយជាបន្តបន្ទាប់ រហូតអាចទាក់ទាញទេសចរជាតិ និងអន្តរជាតិ មកទស្សនា ដើម្បីសិក្សាឈ្វេង​​យល់ផងដែរ។

​​អ្នកស្រី ហម លា អាយុ២៩ឆ្នាំ ជាអ្នកភូមិបង្កោង ឃុំអំពិល បានលើកឡើង ថា តាំងពីនាងធំដឹងក្តី រហូតមក នាងតែងតែឃើញចាស់ទុំ ឪពុកម្តាយ តែងតែធ្វើពិធីឡើងមាឃ ហើយចាប់ត្រីរួមគ្នា នៅត្រពាំងបុរាណនេះ។​ នេះជាទំនៀមទម្លាប់ប្រពៃណីដ៏ល្អផូរផង់ដែលដូនតាបានបន្សល់ទុក រហូតមក។ ​

ទន្ទឹមគ្នានេះដែរ ​អភិបាលស្រុកប្រាសាទបាគង បានសង្កត់ធ្ងន់ ​ថា អាជ្ញាធរស្រុកក៏មានផែនការ​អភិឌ្ឍ​ត្រពាំងបុរាណ នៅសហគមន៍ភូមិបង្កោងនេះ តាមរយៈការកែលម្អសោភណភាពនៅបរិវេណ ជុំវិញត្រពាំង សាងសង់បង្គន់អនាម័យបន្ថែម ជាពិសេស សកម្មភាពលែងពូជត្រី ដើម្បីបង្កើនធនធានធម្មជាតិឲ្យកាន់តែច្រើន រួមជាមួយនឹងសកម្មភាពផ្សេងៗទៀត សម្រាប់ការ​ទាក់ទាញទេសចរជាតិ-អន្ដរជាតិ ឱ្យចូលមកកម្សាន្ត នៅខេត្តសៀមរាបឲ្យកាន់តែច្រើនឡើងបន្ថែមទៀត៕

អត្ថបទដែលជាប់ទាក់ទង