កម្ពុជា ត្រូវត្រៀមខ្លួនជាមួយនឹងយុទ្ធសាស្ត្រពហុវិមាត្រ និងមានលក្ខណៈជាច្រើនជំនាន់
រាជធានីភ្នំពេញ៖ ជ័យជម្នះរបស់គណបក្សភូមិចៃថៃ បានបង្ហាញច្បាស់ អំពីគោលនយោបាយរបស់នាយករដ្ឋមន្រ្ដីចាំផ្ទះ លោក អនុទិន ដែលបានផ្ដោតយ៉ាងសំខាន់ ទៅលើការសាងសង់របងព្រំដែន បង្កើនទិញគ្រឿងចម្បាំង មានដូចជា យន្ដហោះចម្បាំង និង នាវាមុជទឹក សម្រាប់ការពារសន្ដិសុខជាតិថៃ ដូច្នេះកម្ពុជា ក៏ត្រូវតែមានយុទ្ធសាស្រ្ដការពារជាតិរបស់ខ្លួនយូរអង្វែងដើម្បីការពារបូរណភាព ទឹកដី អធិបតេយ្យភាព និង ឯករាជភាពរបស់ខ្លួនផងដែរ។
លោក ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា បានសរសេរសារបង្ហោះ នៅលើទំព័របណ្ដាញសង្គមហ្វេសប៊ុកផ្លូវការរបស់ខ្លួន កាលពីព្រឹក ថ្ងៃពុធ ទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ ថា ការបោះឆ្នោត នៅប្រទេសថៃ គឺជាការប្រទាញប្រទង់ផ្ទៃក្នុងរបស់ថៃ ហើយវាជាកត្តាដ៏សំខាន់មួយ ដែលជះឥទ្ធិពលទៅលើជម្លោះព្រំដែនខ្មែរ-ថៃ។ ប៉ុន្តែវាអាចទៅជារឿងឆោតល្ងង់ ក្នុងការដែលលើកឡើង ថា ការបោះឆ្នោតនេះ ជាកត្តាជំរុញ ឬជាកម្លាំងចលករតែមួយគត់ នៃបញ្ហាជម្លោះព្រំដែន រវាងប្រទេសទាំង២។
ផ្ទុយទៅវិញ ជម្លោះព្រំដែនខ្មែរ-ថៃ ក៏មិនមែនជាកត្តាកំណត់តែម្យ៉ាងគត់ ចំពោះលទ្ធផល នៃការបោះឆ្នោតរបស់ថៃនោះដែរ។ សរុបមក ជម្លោះព្រំដែនព្រំដែនខ្មែរ-ថៃ គឺជាកត្តាជំរុញ និងជាផលវិបាក នៃការប្រទាញប្រទង់ផ្ទៃក្នុង រវាងបក្សសម្ព័ន្ធនយោបាយថៃ និងទស្សនវិស័យនានាចំពោះអនាគត នៃប្រទេសថៃ ហើយប្រទេសកម្ពុជា ចាំបាច់ត្រូវដាក់ចេញនូវយុទ្ធសាស្ត្រឱ្យសព្វជ្រុងជ្រោយ ដោយប្រើប្រាស់ភាពចាស់ទុំ ក្នុងការដឹកនាំ និងការរក្សាបានជំហរនឹងនរលើគ្រប់វិស័យ នៃអភិបាលកិច្ច ចាប់តាំងពីវិស័យនយោបាយ និងការទូត រហូតដល់វិស័យសេដ្ឋកិច្ច យោធា និងសង្គម-វប្បធម៌។
លោក នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា បានបន្ដ ថា ភាគីថៃ ចង់បង្ហាញ ថា ជម្លោះព្រំដែនខ្មែរ-ថៃនេះ គឺគ្រាន់តែជាវិវាទតូចតាច ដែលបង្កឡើង ដោយភាគីកម្ពុជា ដោយលើកយកឧទាហរណ៍ ដូចជា បញ្ហាមីន ការប៉ះទង្គិចគ្នា និងព្រឹត្តិការណ៍ផ្សេងៗទៀត ដែលភាគីថៃ យល់ថា ជាការគំរាមកំហែងដល់សន្តិសុខជាតិរបស់ខ្លួន។ យើងគួរតែគូសបញ្ជាក់ឱ្យច្បាស់ ថា បច្ចុប្បន្ន យោធាថៃ កំពុងតែកាន់កាប់ទីតាំង ចំនួន១៤ ដែលស្ថិតក្នុងដែនអធិបតេយ្យរបស់កម្ពុជា ហើយទង្វើនេះគឺជាការរំលោភបំពានលើស្មារតី នៃកិច្ចព្រមព្រៀងឈប់បាញ់។ ផ្អែកលើទស្សនៈយល់ឃើញស៊ីជម្រៅ ចំពោះជម្លោះព្រំដែនខ្មែរ-ថៃ ត្រង់ថា ជម្លោះនេះបានកើតឡើងដោយសារតែការប្រទាញប្រទង់ផ្ទៃក្នុងរបស់ថៃ ដែលបានទាញយកផលប្រយោជន៍ ពីភាពតានតឹងប្រវត្តិសាស្ត្រដ៏រ៉ាំរ៉ៃ ជាមួយកម្ពុជា ដើម្បីបង្កើតឱ្យមានឯកភាពជាតិគាំពារ ដោយរបៀបវារៈនយោបាយ ឬមនោគមន៍វិជ្ជាមួយ។
លោក ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា បានបន្ថែម ថា ការបោះឆ្នោតនៅប្រទេសថៃ គឺជាចំណុចរបត់ដ៏សំខាន់មួយ នៅក្នុងបញ្ហាប្រទាញប្រទង់នេះ ប៉ុន្តែជាអកុសល ការបោះឆ្នោតនេះនឹងមិនមែនជាទីបញ្ចប់ នៃបញ្ហាជម្លោះព្រំដែនខ្មែរ-ថៃនោះទេ ហើយវាគ្រាន់តែជាឱកាសថ្មីមួយ ដើម្បីការចាប់ផ្តើមទំនាក់ទំនងឡើងវិញតែប៉ុណ្ណោះ។ សូមកុំយល់ច្រឡំ៖ វិវាទអន្តរជាតិនិងប្រវត្តិសាស្ត្រ ដែលអូសបន្លាយជាច្រើនជំនាន់ ជុំវិញបញ្ហាព្រំដែន គឺមិនអាចដោះស្រាយបាន តាមរយៈព្រឹត្តិការណ៍តែមួយ ដូចជា ការបោះឆ្នោត ឬកិច្ចព្រមព្រៀងសន្តិភាពនោះឡើយ។ កម្ពុជា ត្រូវតែត្រៀមខ្លួន ជាមួយនឹងយុទ្ធសាស្ត្រពហុវិមាត្រ និងដែលមានលក្ខណៈជាច្រើនជំនាន់។
ដោយឡែក លទ្ធផលនៃការបោះឆ្នោតនៅប្រទេសថៃ បង្ហាញយ៉ាងច្បាស់ ថា គណបក្សភូមិចៃថៃ ក្រោមការដឹកនាំរបស់នាយករដ្ឋមន្ត្រីថៃ លោក អនុទិន ឆានវីរៈគុល (Anutin Charnvirakul) គ្រោងនឹងដឹកនាំ បង្កើតរដ្ឋាភិបាលចម្រុះថ្មីរបស់ប្រទេសថៃ បន្ទាប់ពីទទួលបានចំនួនអាសនៈច្រើនជាងគេ នៅក្នុងការបោះឆ្នោតសកល កាលពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៦។
ការប៉ះទង្គិចគ្នា រវាងកងទ័ពកម្ពុជា និងទាហានថៃ បានបណ្តាលឲ្យមនុស្សស្លាប់ជាច្រើននាក់ ខណៈច្រកព្រំដែនគោក រវាងប្រទេសទាំងពីរ នៅតែបន្ដបិទដដែល។ ជម្លោះ រវាងប្រទេសទាំង២ បានបង្កឲ្យមានផលការប៉ះពាល់យ៉ាងខ្លាំង ដល់ពាណិជ្ជកម្មឆ្លងកាត់ព្រំដែន និងសេដ្ឋកិច្ចក្នុងតំបន់។
បើតាមគេហទំព័ររបស់គណបក្សភូមិចៃថៃ បានរៀបរាប់ អំពីគោលនយោបាយសន្តិសុខ ដោយផ្តោតទៅលើអ្វីដែលគេហៅ«ការសាងសង់ជញ្ជាំង» ដើម្បីការពារប្រទេស បញ្ចៀសពីការគំរាមកំហែងយូរអង្វែង នៅតាមព្រំដែនរបស់ប្រទេសថៃ។
ថ្វីបើសង្គ្រាមឈ្លានពានចុងក្រោយ កាលពីឆ្នាំ២០២៥ ចន្លោះពីថ្ងៃទី២៤ដល់២៨ ខែកក្កដា និង ចន្លោះពីថ្ងៃទី៧ដល់២៧ ខែធ្នូ បានបង្កឡើង ដោយកម្លាំងទាហានថៃ យ៉ាងណាក្ដី ប៉ុន្ដែបែរជាគណបក្សភូមិចៃថៃ ក្រោមការដឹកនាំរបស់នាយករដ្ឋមន្រ្ដីចាំផ្ទ លោក អនុទិន បានអះអាង ថា ការគំរាមកំហែងទាំងនេះ រួមមាន ការទន្ទ្រានយកទឹកដី ការរត់ពន្ធផលិតផលកសិកម្ម ការជួញដូរគ្រឿងញៀន ពលកម្មខុសច្បាប់ និងទំនិញខុសច្បាប់ផ្សេងៗទៀត តាមអ្វីដែលគណបក្សនេះ បានអះអាង ថា បានធ្វើឱ្យខូចខាត ដល់សន្តិសុខ សេដ្ឋកិច្ច និងស្ថិរភាពសង្គមរបស់ប្រទេសថៃ។
បើតាមគណបក្សភូមិចៃថៃ បានសង្កត់ធ្ងន់ ថា របងព្រំដែនដែលត្រូវបានស្នើឡើង មិនត្រូវបានកំណត់ សម្រាប់តែកិច្ចការពារយោធាប៉ុណ្ណោះទេ ប៉ុន្តែវាពង្រីកដល់ការការពារសេដ្ឋកិច្ច និងសង្គម។ របងព្រំដែន នឹងកំណត់គោលដៅ លើការនាំចូលដោយខុសច្បាប់ ដែលធ្វើឱ្យតម្លៃផលិតផលកសិកម្មថៃធ្លាក់ចុះ ក៏ដូចជា បណ្តាញឧក្រិដ្ឋកម្មឆ្លងដែន ដែលភ្ជាប់ទៅនឹងគ្រឿងញៀន ការឆបោកតាមអ៊ិនធើរណេត ល្បែងស៊ីសង កាស៊ីណូ និង អ្វីដែលគេហៅ មូលធនពណ៌ប្រផេះ។ ប្រទេសថៃ មិនទទួលយកការគំរាមកំហែងទាំងនេះទេ ហើយត្រូវតែមានជញ្ជាំងព្រំដែនដ៏រឹងមាំ ដើម្បីការពារអធិបតេយ្យភាព សេដ្ឋកិច្ច និងគុណភាពជីវិតរបស់ប្រជាជនថៃ។
ក្រោមគោលនយោបាយ«កសិកម្មប្រកបដោយសុវត្ថិភាព»គណបក្សភូមិចៃថៃ ស្នើឱ្យប្រើប្រាស់ការជួញដូរទិញដូរ សម្រាប់ការទិញទំនិញសំខាន់ៗរបស់រដ្ឋាភិបាល ពីបរទេស។ គោលនយោបាយនេះ នឹងតម្រូវឱ្យមានការចរចាទិញទំនិញខ្នាតធំ ដូចជា យន្តហោះចម្បាំង នាវាមុជទឹក ឬនាវាចម្បាំង ដើម្បីជាថ្នូរនឹងការទិញកសិផលថៃ រួមទាំងអង្ករ កៅស៊ូ ដំឡូងមី និងពោត។ យុទ្ធសាស្រ្តនេះ ផ្ដោតទៅលើផលប្រយោជន៍ទៅវិញទៅមក ហើយនឹងបង្កើតបណ្តាញបន្ថែមសម្រាប់ស្រូបយកទិន្នផលកសិកម្មថៃ។ ប្រសិនបើអនុវត្តយ៉ាងម៉ឺងម៉ាត់ គោលការណ៍នេះ នឹងជួយការពារឃ្លាំងស្តុកទុកបន្ថែមទៀត និងជំរុញឱ្យតម្លៃកសិដ្ឋាន-ច្រកទ្វារឡើងថ្លៃ៕