សហរដ្ឋអាមេរិក ដាក់ពង្រាយប្រព័ន្ធការពារដែនអាកាស ទប់ទល់នឹងការវាយប្រហាររបស់អ៊ីរ៉ង់

រាជធានីដូហា (Doha)៖ បើតាមរូបភាពពីផ្កាយរណប បង្ហាញ ថា កងកម្លាំងសហរដ្ឋអាមេរិកបានដាក់ពង្រាយប្រព័ន្ធការពារដែនអាកាស​​ Patriot  (ផេទ្រីយ៉ូត) ចល័ត នៅឯមូលដ្ឋានកងទ័ព al-Udeid (អាល់យូដេដ) ស្ថិតក្នុង​ប្រទេសកាតា ចំពេល​​ភាពតានតឹង កាន់តែកើនឡើងខ្លាំង​ ជាមួយនឹងអ៊ីរ៉ង់ ហើយសកម្មភាពបែបនេះ បង្ហាញ អំពីការបង្កើននូវការត្រៀមលក្ខណៈយោធាទុកជាមុន នៅទូទាំងតំបន់មជ្ឈិមបូព៌ា។​ នេះបើតាមបណ្ដាញផ្សព្វផ្សាយរបស់ឥណ្ឌា​ Firstpost (ហ្វឺស្ដប៉ុស្ដិ៍) បានផ្សាយ កាលពីព្រឹក ថ្ងៃពុធ ទី១១ ខែកុម្ភៈ ឆ្នាំ២០២៦។

​​ភាពតានតឹង រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានកើនឡើងបន្ថែមទៀត ចាប់តាំងពី​ដើមឆ្នាំ២០២៦ រហូតមក ក្រោយពេលរដ្ឋាភិបាលក្រុងតេអ៊ីរ៉ង់ បានបង្ក្រាបយ៉ាងឃោរឃៅ ប្រឆាំងនឹងការតវ៉ាទ្រង់ទ្រាយធំ នៅទូទាំងប្រទេស ចាប់តាំងពីបដិវត្ដន៍អ៊ិស្លាម នាឆ្នាំ១៩៧៩ រហូតមក ខណៈលោកប្រធានាធិបតី ដូណាល់ ត្រាំ បានគំរាមកំហែងពីអន្ដរាគមន៍យោធា ដើម្បីជួយដល់ក្រុមបាតុករ។ ស្ថិតក្នុងស្ថានការណ៍បែបនេះ  កងកម្លាំងសហរដ្ឋអាមេរិក ដែលឈរជើង នៅមូលដ្ឋានកងទ័ពអាកាស al-Udeid ស្ថិតក្នុងប្រទេសកាតា បានបង្កើនកម្លាំងយោធាកាន់តែច្រើនឡើង​ នៅតំបន់មជ្ឈិមបូព៌ា។ នេះជាការ​​បោះជំហានដ៏ធំមួយមួយទៀត សម្រាប់​កែសម្រួលដល់ឥរិយាបថការពាររបស់ពួកគេ។

បើតាមរូបភាពពីផ្កាយរណ បបង្ហាញ ថា ប្រព័ន្ធប្រឆាំងនឹងមីស៊ីលបាញ់ពីលើដីទៅអាកាស Patriot ត្រូវបានដាក់ពង្រាយរួចរាល់អស់ហើយ ដោយមានទាំងផ្ទុកមីស៊ីល​ ដែលបំពាក់ដោយរថយន្ត ដោយកត់សម្គាល់លើការផ្លាស់ប្តូរ ចេញពីទីតាំង ដែលបានកំណត់ និងផ្តល់ឱ្យអាវុធ​ចល័តទំនើបៗកាន់តែ​​ច្រើនឡើងបន្ថែមទៀត។ នេះបើតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានរបស់អង់គ្លេស Reuters ៕

 

 

អត្ថបទដែលជាប់ទាក់ទង