កូរ៉េខាងជើង ព្រមានសម្ពន្ធមិត្តយោធាជប៉ុន ដើរជាន់បន្ទាត់ក្រហម
រដ្ឋធានីព្យុងយ៉ាង៖ ប្រទេសកូរ៉េខាងជើង បានរិះគន់ប្រទេសជប៉ុន ចំពោះការពង្រីកបណ្តាញសម្រាប់ការនាំចូល និងនាំចេញយោធូបករណ៍ រួមទាំងការបញ្ចប់កិច្ចព្រមព្រៀង ស្តីពីការផ្ទេរយោធូបករណ៍ និងបច្ចេកវិទ្យាការពារជាតិ ជាមួយនឹងប្រទេសកាណាដា ប៉ុន្ដែរដ្ឋាភិបាលក្រុងព្យុងយ៉ាង មិនបាននិយាយ អំពីជ័យជម្នះភ្លូកទឹកភ្លូកដីរបស់គណបក្សប្រជាធិបតេយ្យសេរី (LDP) ក្រោមការដឹកនាំរបស់នាយករដ្ឋមន្ត្រី លោកស្រី សាណា តាកៃឈិ (Sanae Takaichi) នៅក្នុងការបោះឆ្នោតសកល កាលពីថ្ងៃទី៨ ខែកុម្ភៈនោះឡើយ។ នេះបើតាមសារព័ត៌មានរបស់កូរ៉េខាងត្បូង The Chosun Daily (ឌឺ ចូសុន ដេលី) បានចេញផ្សាយ កាលពីព្រឹក ថ្ងៃពុធ ទី១១ ខែកុម្ភៈ ឆ្នាំ២០២៦។
សារព័ត៌មានផ្លូការ នៃគណបក្សពលកររបស់កូរ៉េខាងជើង Rodong Sinmun (រ៉ូដុង ស៊ីនម៉ុន)បានសរសេរអត្ថបទមួយ ជាមួយនឹងចំណងជើង ថា៖«ផែនការពង្រីកសម្ពន្ធភាពយោធា សំដៅលើសមត្ថភាពសង្គ្រាមដ៏ល្អឥតខ្ចោះ ជាមួយនឹងការបញ្ជាក់ ថា ការសម្រេចកិច្ចព្រមព្រៀងយោធាផ្សេងៗ រវាងប្រទេសនិងប្រទេស ការផ្លាស់ប្តូរសម្ភារយោធា ការផ្គត់ផ្គង់យោធូបករណ៍យោធា និងព័ត៌មានយោធា ហើយប្រព្រឹត្តិកម្មរួមគ្នា នៃការហ្វឹកហ្វឺនយោធា គឺមិនអាចនិយាយបាន ថា សម្ពន្ធភាពត្រូវបានបង្កើតឡើង នៅក្នុងទំនាក់ទំនងយោធាតែប៉ុណ្ណោះ។ ទំនាក់ទំនងសម្ពន្ធភាពយោធាយ៉ាងពិតប្រាកដ ជាមួយនឹងរដ្ឋជាសមាជិកធំៗរបស់អង្គការណាតូ និងបណ្ដាប្រទេសផ្សេងៗក្នុងតំបន់»។
សារព័ត៌មានរបស់កូរ៉េខាងជើងដដែលនេះ បានបន្ដ ថា ក្នុងនាមជាអតីតប្រទេសធ្លាប់តែដើរឈ្លានពានគេនោះ ប្រទេសជប៉ុន ត្រូវបានហាមឃាត់ មិនឱ្យមានយោធា។ ដូច្នេះការបង្កើតសម្ពន្ធភាពយោធា ក្លាយជាបន្ទាត់ក្រហម មិនត្រូវឆ្លងកាត់។
ក្រសួងការបរទេសជប៉ុន បានប្រកាស កាលពីថ្ងៃទី២៨ ខែមករា ថា ឯកអគ្គរាជទូតជប៉ុន ប្រចាំនៅកាណាដា លោក ខេនជី យ៉ាម៉ានូឈិ (Kenji Yamanouchi) និង រដ្ឋមន្ត្រីការពារជាតិកាណាដា លោក ដេវីដ មើគជូអ៊ីនធី (David McGuinty ) បានជួបគ្នា នៅរាជធានីអូតតាវ៉ា (Ottawa) ប្រទេសកាណាដា ហើយបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង រវាងរដ្ឋាភិបាលជប៉ុន និងរដ្ឋាភិបាលកាណាដា ទាក់ទងនឹងការផ្ទេរយោធូបករណ៍ និងបច្ចេកវិទ្យាការពារជាតិ។
នៅក្នុងសេចក្តីប្រកាសព័ត៌មាននោះ ក្រសួងការបរទេសជប៉ុន បានសង្កត់ធ្ងន់ ថា តាមរយៈកិច្ចព្រមព្រៀងនេះ កិច្ចសហប្រតិបត្តិការ រវាងជប៉ុន និងកាណាដា នៅក្នុងវិស័យយោធា និងបច្ចេកវិទ្យាការពារជាតិ ត្រូវបានគេរំពឹង ថា នឹងកាន់តែជិតស្និទ្ធ ហើយគេរំពឹងថា ការរក្សា និងពង្រឹងការផលិត និងមូលដ្ឋានគ្រឹះបច្ចេកវិទ្យា នៃឧស្សាហកម្មការពារជាតិរបស់ប្រទេសជប៉ុន នឹងរួមចំណែកដល់សន្តិសុខរបស់ប្រទេសជប៉ុនបន្ថែមទៀត។
ប្រទេសជប៉ុន និងកាណាដា បានពង្រីកកិច្ចសហប្រតិបត្តិការ ក្នុងវិស័យសន្តិសុខរួចមកហើយ ដោយសម្រេចបាន លើកិច្ចព្រមព្រៀងទិញ និងសេវាកម្មឆ្លងដែន (ACSA) ដែលអនុញ្ញាតឱ្យកងកម្លាំងស្វ័យការពារ និងយោធាកាណាដា ផ្តល់ការផ្គត់ផ្គង់ និងសេវាកម្មទៅវិញទៅមក និងកិច្ចព្រមព្រៀងការពារព័ត៌មានសន្តិសុខ ដែលអនុញ្ញាតឱ្យមានការផ្លាស់ប្តូរព័ត៌មាន។ កាលពីខែមិថុនា ឆ្នាំ២០២៥ នាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីហ្គេរូ អ៊ីស៊ីបា (Shigeru Ishiba) បានជួបពិភាក្សា ជាមួយនាយករដ្ឋមន្ត្រីកាណាដា លោក ម៉ាក ខាណេ (Mark Carney) ហើយបានបញ្ជាក់អំពីការប្ដេជ្ញាចិត្តពង្រឹងលើកិច្ចសហប្រតិបត្តិការសន្តិសុខទ្វេភាគី រួមទាំងការចុះហត្ថលេខាលើកដំបូង នៃកិច្ចព្រមព្រៀងផ្ទេរឧបករណ៍ការពារជាតិផងដែរ៕ ប្រែសម្រួល ដោយលោក ណុប ស៊ីនួន