ឥណ្ឌា ឲ្យប្រជាជនឱបគោ នៅថ្ងៃ១៤កុម្ភៈ

នៅថ្ងៃចន្ទ នេះ ក្រុមប្រឹក្សាសុខុមាលភាពសត្វនៃប្រទេសឥណ្ឌា បានធ្វើការអំពាវនាវឲ្យពលរដ្ឋរបស់ខ្លួន កុំប្រារព្ធទិវា នៃក្តីស្រឡាញ់ឆ្នាំនេះ ជាបែបសេចក្តីស្នេហាអី ប៉ុន្តែត្រូវប្រារព្ធជា “ទិវាឱបគោ” វិញ ដើម្បីលើកកម្ពស់តម្លៃសាសនាហិណ្ឌូ ឲ្យកាន់តែប្រសើរឡើង។ ថែមទាំងបានស្នើឲ្យគ្រប់គ្នា ចេញក្រៅឱបគោនៅថ្ងៃទី១៤ កុម្ភៈ ស្អែកនេះ ប៉ុន្តែសំណើនេះ ត្រូវបានគេសើចចំអកនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។

នៅក្នុងសេចក្តីថ្លែងការណ៍សប្តាហ៍នេះ ក្រុមប្រឹក្សាសុខុមាលភាពសត្វនៃប្រទេសឥណ្ឌា បាននិយាយថា “ការឱបសត្វគោ នឹងនាំមកនូវភាពសម្បូរបែបនៃអារម្មណ៍ និងបង្កើនសុភមង្គលដល់បុគ្គល និងសមូហភាព”។ អ្នកកាន់សាសនាហិណ្ឌូ ដែលគោរពបូជាសត្វគោ បាននិយាយថា ថ្ងៃបុណ្យលោកខាងលិច១៤កុម្ភៈ គឺផ្ទុយនឹងតម្លៃប្រពៃណីឥណ្ឌា។

សត្វគោ បានស្ថិតនៅក្នុងចិត្តអ្នកកាន់សាសនាហិណ្ឌូជាយូរមកហើយ ហើយមនុស្សជាច្រើនបានគោរពសត្វគោ ប្រៀបបីដូចជាម្តាយ។ រដ្ឋភាគច្រើននៅក្នុងប្រទេសឥណ្ឌា បានហាមឃាត់ការសម្លាប់សត្វគោធ្វើជាអាហារទៀតផង។

យោងតាមគេហទំព័រវិភាគទិន្នន័យ India Spend បានឲ្យដឹងថា មនុស្សយ៉ាងតិច៤៥នាក់ ត្រូវបានសម្លាប់ដោយក្រុមអភិរក្សសត្វគោហិណ្ឌូនៅក្នុងប្រទេស ក្នុងចន្លោះឆ្នាំ២០១២ ដល់២០១៨។

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រុមហិណ្ឌូស្តាំនិយមជ្រុល បានវាយឆ្មក់តាមហាងនានាក្នុងទីក្រុង ថែមទាំងបានដេញគូស្នេហ៍ដែលកាន់ដៃគ្នាចេញពីភោជនីយដ្ឋាន និងសួនកម្សាន្ត ដោយនិយាយថា ទិវានៃក្តីស្រឡាញ់ គឺជាការជំរុញឲ្យមានសកម្មភាពផ្លូវភេទ។

សេចក្តីថ្លែងការណ៍បាននិយាយថា “ប្រពៃណី Vedic ស្ទើរតែជិតផុតពូជដោយសារតែការរីកចំរើននៃវប្បធម៌ (លោកខាងលិច) តាមពេលវេលា” ។ «ភាពស្រើបស្រាលនៃអរិយធម៌លោកខាងលិចបានធ្វើឱ្យវប្បធម៌រូបវន្ត និងបេតិកភណ្ឌរបស់យើងស្ទើរតែត្រូវបានបំភ្លេចចោល»។

គួរបញ្ជាក់ថាៈ ប្រទេស​ឥណ្ឌា​បាន​ព្យាយាម​ប្តូរ​ឈ្មោះ ​ថ្ងៃ​បុណ្យ​នៃ​ក្តី​ស្រឡាញ់​ ទៅជា ‘Cow Hug Day’ ដើម្បីជាការដឹងគុណដល់សត្វគោ ដែលជា “ឆ្អឹងខ្នងនៃវប្បធម៌ឥណ្ឌា និងសេដ្ឋកិច្ចជនបទ”៕

អត្ថបទដែលជាប់ទាក់ទង