លោក បៃឌិន ប្រធានាធិបតីសហរដ្ឋអាមេរិកបានជំរុញអោយប្អភិបាលរដ្ឋញូវយ៉ក Cuomo ឱ្យចុះចេញ ក្រោយមានរឿងអាស្រូវបៀតបៀនផ្លូវភេទ
ប្រធានាធិបតីអាមេរិក ចូ បៃឌិន ប្រាប់អ្នកកាសែតកាលពីពេលថ្មីៗនេះនៅឯសេតវិមាន ដោយសំដៅលោក Andrew Cuomo អភិបាលរដ្ឋញូវយ៉កដែលកំពុងចោមរោមដោយរឿងអាស្រូវផ្លូវភេទ។
ការលើកឡើងរបស់លោក បៃឌិន ធ្វើឡើងក្រោយការចេញរបាយការណ៍របស់អគ្គរដ្ឋអាជ្ញារដ្ឋញូវយ៉ក លោកស្រី Letitia James ដែលបង្ហាញថា អភិបាលរដ្ឋរូបនេះបានបំពានច្បាប់រដ្ឋ និងច្បាប់សហព័ន្ធទាក់ទងការបំពានផ្លូវភេទស្រ្តីជាច្រើននាក់។
ជាការឆ្លើយតប លោក Cuomo បានបដិសេធថា រូបលោកមិនប៉ះពាល់នរណាម្នាក់ឡើយ។ លោក ក៏ប្តេជ្ញានៅតែបន្តកាន់តំណែងអភិបាលរដ្ឋញូវយ៉កដដែល។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោក Cuomo ដែលច្រានចោលការចោទប្រកាន់ និយាយថា៖«ខ្ញុំចង់ឱ្យអ្នកដឹងដោយផ្ទាល់ពីខ្ញុំថា ខ្ញុំមិនដែលប៉ះពាល់នរណាម្នាក់ដោយមិនសមរម្យឬ បៀតបៀនផ្លូវភេទនរណាម្នាក់ឡើយ»។
ខណៈមិនចុះចេញពីតំណែង លោក Cuomo ដែលកំពុងប្រឈមមុខនឹងការស៊ើបអង្កេតព្រហ្មទណ្ឌពីករណីបៀតបៀននេះ អាចនឹងប្រឈមមុខនឹងការដកតំណែងនៅស្ថាប័ននីតិបញ្ញត្តិរបស់រដ្ឋផងដែរ។
មិនមែនតែលោក ចូ បៃឌិន ឡើយ សមាជិកព្រឹទ្ធសភាអាមេរិករបស់រដ្ឋញូវយ៉កនៃគណបក្សប្រជាធិបតេយ្យលោក Chuck Schumer និងលោកស្រី Kirsten Gillibrand ក៏ជំរុញឱ្យលោក Cuomo លាលែងពីតំណែងផងដែរ។
គួរញ្ជាក់ថា ការស៊ើបអង្កេតរបស់អគ្គរដ្ឋអាជ្ញា ត្រូវធ្វើឡើងកាលពីឆ្នាំមុនបន្ទាប់ពីស្ត្រីជាច្រើននាក់បានចេញមុខមកចោទប្រកាន់លោក Cuomo ពីបទរំលោភបំពានផ្លូវភេទ។ អ្នកស៊ើបអង្កេតបានចំណាយពេល ៥ ខែសួរនាំមនុស្សជិត២០០នាក់រួមមានបុគ្គលិក និងអ្នកដែលបានប្តឹងផង។ ឯកសារអត្ថបទនិងរូបភាពរាប់ម៉ឺនសន្លឹក ត្រូវបានពិនិត្យឡើងវិញដែលជាផ្នែកមួយនៃការស៊ើបអង្កេត៕