កម្ពុជា ស្នើភាគីថៃផ្តល់ឯកសារផ្លូវការ ស្តីពី គម្រោងសាងសង់ប្រាសាទថ្ម នៅខេត្តបុរីរ៉ាំ

លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានស្នើដល់ភាគីថៃជួយសហការក្នុងការផ្តល់ព័ត៌មានជាក់លាក់ និងឯកសារផ្លូវការ ស្តីពីគម្រោងនៃការសាងសង់ប្រាសាទថ្មនៅខេត្តបុរីរ៉ាំដើម្បីឱ្យភាគីកម្ពុជាមានមូលដ្ឋានក្នុងការពិនិត្យ សម្រេចនូវវិធាននានាបន្ត សំដៅបញ្ចៀសនូវផលអវិជ្ជមានណាមួយដែលអាចកើតឡើង និងប៉ះពាល់ដល់ទំនាក់ទំនងនៃប្រទេសទាំងពីរ។
ការស្នើសុំនេះបានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារជាមួយឯ.ឧ Panyarak Poolthup ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រថៃ ប្រចាំកម្ពុជាកាលពីថ្ងៃទី៤ខែសីហាឆ្នាំ២០២១។
គម្រោងនៃការសាងសង់ប្រាសាទថ្មនៅខេត្តបុរីរ៉ាំនេះត្រូវបានបណ្តាញសង្គម និងសារព័ត៌មានផ្សព្វផ្សាយថា មានការចម្លងតាមនៃស្ថាបត្យកម្មប្រាសាទអង្គរវត្តហើយព័ត៌មាននេះ ត្រូវបានសាធារណមតិនៃប្រទេសទាំងពីរ មានប្រតិកម្មយ៉ាងផុសផុល និងពុះកញ្ជ្រោល។
ឯកអគ្គរាជទូតថៃ បានទទួលយកសំណើ និងសន្យាឆ្លើយតបតាមការស្នើសុំរបស់ភាគីកម្ពុជាក្នុងស្មារតីសហការដ៏ជ្រាលជ្រៅ។
គួរបញ្ជាក់ថានៅក្នុងកិច្ចពិភាក្សានោះភាគីទាំងពីរបានផ្តោតសំខាន់លើកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកម្ពុជា-ថៃ លើវិស័យវប្បធម៌ទ្វេភាគី និងពហុភាគី រួមមាន សកម្មភាពមហោស្រពវប្បធម៌អាស៊ី-អឺរ៉ុបឆ្នាំ២០២១ សកម្មពភាពវប្បធម៌អាស៊ានឆ្នាំ២០២២ ដែលកម្ពុជាជាប្រធានប្តូរវេនផងដែរ៕

អត្ថបទដែលជាប់ទាក់ទង