ចាស់ជរាជនជាតិដេីមភាគតិច ដែលមានអាយុ១០០ឆ្នាំជាង ចំនួន០២នាក់ រស់នៅស្រុកតាវែង និងស្រុកអូរជុំ ខេត្តរតនគិរី បានអញ្ជេីញមកទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩
ដោយមានការគិតគូរ និងយកចិត្តទុកដាក់ខ្ពស់ ពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា ដំណើរការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋទូទៅ ក៏ដូចជាចាស់ជរា នៅទូទាំងប្រទេសកំពុងដំណើរការទៅមុខយ៉ាងល្អប្រសើរ ព្រមទាំងកំពុងបន្ដយុទ្ធនាការ ចាក់ជូនកុមារពីអាយុ១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំផងដែរ។ ជាក់ស្ដែងនៅក្នុងខេត្តរតនគិរី រដ្ឋបាលខេត្តបានរៀបចំ ការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋទូទៅ ដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ ទទួលបានលទ្ធផលបានយ៉ាងល្អប្រសើរ ដោយមានទាំងចាស់ជរាជាច្រើនមកទទួលការចាក់វ៉ាក់សាំងនេះផងដែរ ដោយគិតរហូតមកដល់ថ្ងៃនេះ ក្រុមគ្រូពេទ្យ បានកំពុងបន្ដចាក់ដូសទី១ ដល់អ្នកមិនទាន់បានចាក់ និងដូសទី២ជូនអ្នកដែលបានទទួលដូសទី១រួច។ ដោយឡែកនៅក្នុងថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១ នេះ ចាស់ជរាជនជាតិដេីមភាគតិច ដែលមានអាយុ១០០ឆ្នាំជាង ចំនួន០២នាក់ រស់នៅស្រុកតាវែង និងស្រុកអូរជុំ ខេត្តរតនគិរី បានអញ្ជេីញមកទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩។
លោក ធូ ឃឿ អភិបាលស្រុកអូរជុំ បានអោយដឹងតាមទូរស័ព្ទថា លោកតាដែលមានអាយុ ១០៣ឆ្នាំ មានឈ្មោះ ក្លេម គឺ លោកតាកើតនៅឆ្នាំ១៩១៨ ជនជាតិគ្រឹង បានមកទទួលវ៉ាក់សាំងដូសទី១ នៅមណ្ឌលវិទ្យាល័យប ប៊ូថង អូរជុំ នៅថ្ងៃ០៥ ខែសីហា ឆ្នាំ២០២១ នេះ។ លោកបានបញ្ជាក់ថា ដោយសារមានការទុកចិត្តលើប្រសិទ្ធភាពវ៉ាក់សាំង ក៏ដូចជាចង់អោយមានសុវត្ថិភាពដល់លោកតា និងក្រុមគ្រួសារទើបលោកតា អញ្ជើញមកទទួលការចាក់វ៉ាក់សាំងដើម្បីការពារជំងឺដ៏កាចសាហាវនេះ។
លោក សូ វ៉ាន់ធិន អភិបាលស្រុកតាវែង ក៏បានអោយដឹងតាមទូរស័ព្ទថា លោកយាយឈ្មោះ ណាយ វិត ជនជាតិព្រៅ មានអាយុ១០៦ឆ្នាំ រស់នៅភូមិប៉ាងកឹត ឃុំតាវែងលើ ស្រុកតាវែង ខេត្តរតនគិរី កើតនៅថ្ងៃទី១១ខែតុលា ឆ្នាំ១៩១៥ សព្វថ្ងៃលោកយាយរស់នៅភូមិ ឃុំខាងលើ បានមកទទួលវ៉ាក់សាំងដូសទី១ នៅមណ្ឌលវិទ្យាល័យតាវែង នៅថ្ងៃ០៥ ខែសីហា ឆ្នាំ២០២១ នេះ។ លោកក៏បានលើកឡើងស្រដៀងគ្នានេះដែរថា ដោយសារប្រជាពលរដ្ឋទុកចិត្តលើការគិតគូរ ដ៏ឈ្លៀសវៃរបស់សម្ដេច ក្នុងការចាក់ជូនប្រជាពលរដ្ឋ ក៏ដូចជាសុវត្ថិភាព និងប្រសិទ្ធភាពនៃវ៉ាក់សាំង ទើបពួកគាត់សម្រេចចិត្តមកចាក់ដោយស្ម័គ្រចិត្ត និងមិនមានភាពភ័យខ្លាចអ្វីឡើយ។ ឆ្លៀតក្នុងឱកាសនេះ លោកអភិបាលស្រុកក៏បានផ្ដាំផ្ញើ ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ អញ្ជើញមកទទួលការចាក់វ៉ាក់សាំងអោយបានគ្រប់ៗគ្នា នៅពេលដែលដល់វេនខ្លួន តាមទីតាំងដែលរដ្ឋបាលខេត្តបានរៀបចំ នៅតាមស្រុកក្រុងនីមួយៗ ព្រោះវ៉ាក់សាំងនេះ មានសុវត្ថិភាព និងមានប្រសិទ្ធភាពខ្ពស់ប្រឆាំងនឹងជំងឺកូវីដ-១៩ ដើម្បីការពារខ្លួនយើង និងសហគមន៍របស់យើង។ លោកក៏បានបន្ថែមទៀតថា ទោះបីជាបានចាក់រួចរាល់ទាំង២ដូសក្ដី សូមបន្ដអនុវត្តវិធានការសុខាភិបាល ៣ការពារ ៣កុំ អោយបានខ្ជាប់ខ្ជួន ដើម្បីការពារពីហានិភ័យនៃការឆ្លងជំងឺដ៏កាចសាហាវនេះ៕