កម្ពុជា -អូស្ត្រាលី ប្រកាសដាក់ឱ្យប្រើ ប្រាស់ជាផ្លូវការនូវលទ្ធផលនៃការសិក្សាស្រាវជ្រាវស្តីពី “ទីផ្សារសម្រាប់ផលិតផលកសិកម្មដែលមានតម្លៃខ្ពស់របស់កម្ពុជា”
ឯ.ឧ ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនិងឯ.ឧPablo Kang ក
ឯកអគ្គរដ្ឋទូតនៃប្រទេសអូស្ត្រាលីប្រចាំកម្ពុជា បានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ លទ្ធផលនៃការសិក្សាស្រាវជ្រាវស្តីពី “ទីផ្សារសម្រាប់ផលិតផលកសិកម្មដែលមានតម្លៃខ្ពស់របស់កម្ពុជា” តាមរយៈប្រព័ន្ធវីដេអូ កាលពីម្សិលមិុញ។
ការប្រកាសដាក់ឱ្យប្រើ ប្រាស់ជាផ្លូវការនូវលទ្ធផលនៃការសិក្សាស្រាវជ្រាវស្តីពី “ទីផ្សារសម្រាប់ផលិតផលកសិកម្មដែលមានតម្លៃខ្ពស់របស់កម្ពុជា”នេះ ក្នុងគោល បំណងបង្ហាញអំពីផលិត ផលកសិកម្មដែលមានតម្លៃខ្ពស់របស់កម្ពុជាចំនួន ៩មុខ រួមមាន ផ្លែស្វាយ មៀន ស្វាយចន្ទី ម្ទេស ដំឡូងជ្វា ផ្លែបឺរ ល្ងរ ស្ករត្នោត និងចេកក្រៀម សម្រាប់ផ្សព្វផ្សាយដល់សាធារណៈជន កសិករ អ្នកកែច្នៃ និងភាគីពាក់ព័ន្ធនឹងផលិតផលកសិកម្មកម្ពុជាដែលមានតម្លៃខ្ពស់ទាំងនោះ អំពីកាលានុវត្តភាពនៃផលិតផល និងទីផ្សារនៅក្នុងប្រទេសអូស្ត្រាលី ណូវែលហ្សេឡង់ អឺរ៉ុប ចិន អាស៊ាន និងបណ្ដាទីផ្សារសក្តានុពល ដែលមានតម្រូវការទីផ្សារខ្ពស់ផ្សេងទៀត ដើម្បីជាព័ត៌មានក្នុងការសម្រេចចិត្តលើការវិនិយោគ ជាពិសេសការពង្រីកអាជីវកម្មឱ្យបានកាន់តែប្រសើរ ។ជាងនេះក៍សំដៅរួមចំណែកក្នុងការអភិវឌ្ឍន៍ពាណិជ្ជូបនីយកម្មនៅកម្ពុជាប្រកបដោយបរិយាប័ន្ន ដែលនឹងជួយរួមចំណែកគាំទ្រដល់គោលនយោបាយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិថែមទៀតផង។
កម្ពុជា បានថ្លែងអំណរគុណចំពោះកិច្ចសហការរបស់ “CAVAC” និងស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា និងបានស្នើក្រសួង ស្ថាប័ន ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជនពាក់ព័ន្ធបន្តសហការឱ្យកាន់តែជិតស្និទ្ធបន្ថែមទៀត ជាពិសេសក្នុងការលើកកម្ពស់ផលិតកម្មផលិតផលកសិកម្មដែលមានតម្លៃខ្ពស់របស់កម្ពុជា ដើម្បីឈានទៅចាប់ទីផ្សារដែលមានសក្តានុពលក្នុងតំបន់ និងក្នុងពិភពលោក។
ឯកអគ្គរដ្ឋទូតអូស្ត្រាលី ឯ.ឧPablo Kang បានលើកឡើងថា វិស័យកសិកម្មបានផ្តល់ឱ្យកម្ពុជានូវស្ថិរភាពដែលត្រូវការជាចាំបាច់ក្នុងកំឡុងពេលកូវីដ-១៩ និងជាចំណុចកណ្តាលនៃការស្តារសេដ្ឋកិច្ចឡើងវិញ។ ការសិក្សារបស់ “CAVAC” លើផលិតផលកសិកម្មដែលមានតម្លៃខ្ពស់របស់កម្ពុជា ជាមគ្គុទេសន៍ថ្មីមួយសម្រាប់ការរីកចម្រើននាពេលអនាគត តាមរយៈការលើកទឹកចិត្តវិស័យឧស្សាហកម្ម ក្នុងការធ្វើពិពិធកម្មខ្សែច្រវ៉ាក់ផ្គត់ផ្គង់ការនាំចេញ ទៅជាប្រភេទដំណាំប្រកបដោយភាពច្នៃប្រឌិត ដូចជា ផ្លែប័រ និងគ្រាប់ស្វាយចន្ទី។ ទាំងនោះនឹងជួយធ្វើឱ្យវិស័យកសិកម្មមានភាពធន់និងការប្រ កួតប្រជែង៕