ផ្សោតសមុទ្របានទទួលការអភិរក្សនិងចាប់អារម្មណ៍ពីអ្នកទេសចរកាន់តែច្រើននៅខេត្តកោះកុង

កោះកុង​៖ ផ្សោត​សមុទ្រ​កំពុង​បង្ហាញខ្លួន​រស់នៅ​យ៉ាង​សុ​ខ​ដុម​នៅលើ​សមុទ្រ​កម្ពុជា​។ ផ្សោត​ប្រភេទ​ក្បាល​ត្រងោល រាប់សិប​ក្បាល​ហែល​ប្រដេញ​គ្នា តាម​ទូក​អ្នក​ទេស​ចរ ពិសេស​នៅក្នុង​សហគមន៍​តំបន់ការពារធម្មជាតិ​ពាម​ក្រសោប នៃ​ដែនជម្រកសត្វព្រៃ​ពាម​ក្រសោប ក្នុងភូមិ​សាស្ត្រ​ខេត្តកោះកុង​។​

ភ្ញៀវទេសចរ កាលបើ​ទៅដល់​តំបន់ធម្មជាតិ​នេះហើយ តែង​ប្រាថ្នាចង់​ឃើញ​ដោយផ្ទាល់​ភ្នែក​នៃ​សត្វ​ផ្សោត​សមុទ្រ​ដ៏​កម្រ ដែល​កំពុងមាន​វត្តមាន​តិចតួច​នៅក្នុង​ទឹកដី​នៃ​ប្រទេស​កម្ពុជា​។​
ពួកវា​មាន​ភាព​ស្និទ្ធ​សា្ន​ល​ដោយ​មិន​នៅ​ឆ្ងាយ​ប៉ុន្មាន​ពី​អ្នកនេសាទ​ឡើយ​។ បច្ចុប្បន្ន​ក្នុង​តំបន់​សហគមន៍​តំបន់ការពារធម្មជាតិ​ពាម​ក្រសោប បាន​កត់​សំគាល់​ឃើញ​មាន​ចំនួន​សត្វ​ផ្សោត តាមរយៈ​ការ​បំលាស់​ទី កន្លែង​រស់នៅ​របស់​ពួកវា និង​ការនេសាទ​។ ដែនជម្រកសត្វព្រៃ​ពាម​ក្រ​សោម ព្រមទាំង​តំបន់​ក្បែរៗ​ជុំវិញ​ឆ្នេរសមុទ្រ​ខេត្តកោះកុង ត្រូវបាន​គេដឹងថា មាន​ព្រៃកោងកាង ធនធាន​សមុទ្រ និង​មាន​ឆ្នេរសមុទ្រ​។ សត្វ​ផ្សោត​ច្រើន​រស់នៅ​រកស៊ី​ចំណី​កូន​ត្រី និង​រុក្ខជាតិ​តាម​ព្រំប្រទល់​សមុទ្រ​ប្រទេស​កម្ពុជា​ជាប់​នឹង​ប្រទេស​ថៃ​។​

គួរ​បញ្ជាក់ថា សហគមន៍​តំបន់ការពារធម្មជាតិ ពាម​ក្រសោប ស្ថិតក្នុង​ភូមិ​បាង​កា​យ៉ាក ឃុំ​ពាម​ក្រសោប ស្រុក​មណ្ឌល សីមា ខេត្តកោះកុង មាន​ចម្ងាយ​ប្រមាណ ៧ គ​.​ម ពី​ក្រុង​ខេមរភូមិន្ទ​ខេត្តកោះកុង​។​នៅ​ទីកន្លែង​នេះ​គឺជា​ទីតាំង​ទេសចរណ៍​ដ៏​មាន​សក្ដានុពល​មួយ ក្នុងចំណោម​តំបន់​ទេសចរណ៍​ជាច្រើន​កន្លែង​នៅក្នុង​ខេត្តកោះកុង​។​ដើម្បី​ទៅដល់​តំបន់​ជម្រក​សត្វ​ផ្សោត​នេះ អ្នកទេសចរ​ចាំបាច់​ត្រូវ ជួល​ទូក​ពី​សហគមន៍ ដើម្បី​ជិះ​ទៅ​ទស្សនា​សត្វ​ផ្សោត​តាម​ដៃសមុទ្រ​នៅ​ទីនោះ​ផ្ទាល់​តែម្ដង​។​ទីកន្លែង​នេះ​ក្រៅពី​មើល​សត្វ​ផ្សោត​គេ​ក៏​អាច​ទស្សនា​ព្រៃកោងកាង មើល​ក្រុម​ប្រជា​សហគមន៍​ចិញ្ចឹម​គ្រំចំពុះទា និង​ពិសេស​គេ​អាច​ស្ទូចត្រី​សមុទ្រ​កម្សាន្ត​សប្បាយ​ទៀតផង​។

លោក ជ័យ យឿន ប្រធាន​សហគមន៍​តំបន់ការពារធម្មជាតិ​ពាម​ក្រសោប​បាន​ឱ្យដឹងថា​សត្វ​ផ្សោត​សមុទ្រ​នៅ​តំបន់​នេះ តែងតែ​បង្ហាញខ្លួន​លើ​ផ្ទៃ​ទឹក​ដ៏​ខៀវស្រងាត់ ឱ្យ​ភ្ញៀវទេសចរ​បានឃើញ​ញឹកញាប់​។​សត្វ​ផ្សោត​ទាំងនេះ​មាន​ច្រើន​ក្រុម ហើយ​ប្រភេទ​ពូជ​វា​ក៏​ខុសៗ​គ្នា​ដែរ​។ ទោះបីយ៉ាងណា​លោក​ក៏​មិនដឹងថា​សត្វ​ផ្សោត​ទាំងនេះ​មាន​ចំនួន​ប៉ុន្មាន​ឱ្យ​ពិត​ប្រាក​ដែរ ប៉ុន្តែ​យ៉ាងហោចណាស់​ក៏មាន​ចំនួន​ពី​៣០-៤០​ក្បាល​ដែរ នៅក្នុង​តំបន់​ឃុំ​ពាម​ក្រសោប ស្រុក​មណ្ឌលសីមា ខេត្តកោះកុង​។ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ប្រជាពលរដ្ឋ​មានការ​យល់ដឹង និង ការបង្កើន​ការចិញ្ចឹម​គ្រំចំពុះទា ការអភិរក្ស​ព្រៃ​កោង​កាង បានធ្វើ​ឲ្យ​ឃើញ​មាន​វត្តមាន​ហ្វូង​សត្វ​ផ្សោត​សមុទ្រ​ដ៏​កម្រ​នេះ​។​

លោកស្រី នាង គុន មេឃុំ​ពាម​ក្រសោប បានបញ្ជាក់​ឱ្យដឹងថា​អាជ្ញាធរ​បាន​ចូលរួម​ពង្រឹងសមត្ថភាព​របស់​ពលរដ្ឋ​រស់នៅក្នុង​សហគមន៍​ឃើញថា​កិច្ចការពារ​ធនធានធម្មជាតិ ពិសេស​សត្វ​ផ្សោត​ទទួលបាន​លទ្ធផល​គួរ​ជាទី​គាប់ប្រសើរ​។ ប្រជា​សហគមន៍​ជាច្រើន​ដែល​ពឹង​ផ្អែកលើ​វិស័យ​ទេសចរណ៍ បាន​ចូលរួម​មិន​ថា​កិច្ចការពារ​ធនធានធម្មជាតិ​សូម្បីតែ​អនាម័យ​បរិស្ថាន​ក្នុង​តំបន់​សហគមន៍​មាន​ភាព​ស្អាត​គួរ​ជាទី​ទស្សនា​។ ម្យ៉ាង​វិញ​ប្រជា​សហគមន៍​បាននាំគ្នា​ចិញ្ចឹម​គ្រុំចំពុះទា ដែលជា​ប្រយោជន៍​បង្កើន​ធនធាន​ត្រី​នៅ​តំបន់​នោះ​មានការ​កើនឡើង និង​ក៏​ជា​មូលហេតុ​នាំ​ឲ្យ​ឃើញ​មាន​វត្តមាន​ផ្សោត​សមុទ្រ​ផងដែរ ខុសពី​ពេលមុន​តំបន់​ចិញ្ចឹម​គ្រុំចំពុះទា ជា​កន្លែង​មានការ​នេសាទ​ច្រើន ក៏​ជា​មូលហេតុ​បង្ក​គ្រោះថ្នាក់​របស់​វា​ច្រើន​ដែរ​។​
ពិសេស​ជាង​នេះ​តំបន់​ពាម​ក្រសោប​ក៏មាន កោះ​តូចៗ​ដែល​ហ៊ុមព័ទ្ធ​ទៅដោយ​ព្រៃកោងកាង​ដ៏​ស្រស់ស្អាត​កំពុង​រង់ចាំ​ឱ្យចូល​ទស្សនា​រៀងរាល់ថ្ងៃ​។ សហគមន៍​ពាម​ក្រសោប​ជ្រើស​រើសយក​វិស័យ​ទេ​ចរណ៍​ជា​វិស័យ​អាទិភាព​មួយ​ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ច​មូលដ្ឋាន ជាពិសេស​ការបង្កើន​ការងារ​សម្រាប់​ប្រជា​សហគមន៍​ក្រៅពី​នេសាទ​។​

សូម​បញ្ជាក់ដែរថា​បើតាម​អង្គការ IUCN ចុះ​ក្នុង​បញ្ជី​ក្រហម​ឃើញថា សត្វ​ផ្សោត​ជា​ប្រភេទ​សត្វ​ដែល​រងគ្រោះ និង​ជិត​ផុត​ពូជ​ពី​ក្នុង​ពិភពលោក​។
លោក ហ៊ុន ម៉ា​រ៉ា​ឌី ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តកោះកុង និង​ជា​អ្នក​ធ្លាប់​ស្រាវជ្រាវ​លើ​ពូជ​សត្វ​ផ្សោត​សមុទ្រ បានឱ្យដឹងថា​សត្វ​ផ្សោត​បច្ចុប្បន្ន​ត្រូវបាន​អភិរក្ស​យ៉ាង​តឹងរឹង​ពី​សំណាក់​មន្ត្រី​ជំនាញ ហើយ​ពេលនេះ​ពួកវា​កំពុង​រស់នៅ​យ៉ាង​សុខសាន្ត​។ ជាងនេះទៅទៀត​មន្ទីរ​ប​រិ​ស្ថាន​ខេត្តកោះកុង​ក៏បាន​លើកទឹកចិត្ត​ឱ្យ​ប្រជាពលរដ្ឋ​ចូលរួម​ក្នុង​កិច្ចការពារ​និង​អភិរក្ស​សត្វ​ផ្សោត​ដ៏​កម្រ​មិនអាច​កាត់ថ្លៃ​បាន​ទាំងនេះ ដើម្បី​ទុក​សម្រាប់​កូនចៅ​ជំនាន់​ក្រោយៗ​បាន​ស្គាល់​បន្តទៀត​។​
លោក​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តកោះកុង បានបញ្ជាក់​បន្ថែមថា គម្រោង​ការពារ​និង​អភិរក្ស​ផ្សោត​សមុទ្រ​តាម​បណ្តោយ​ដែនសមុទ្រ រវាង​ខេត្តកោះកុង និង​ខេត្ត​ត្រាត​ប្រទេស​ថៃ​នៃ​អង្គការ IUCN បានចាប់ផ្តើម​អនុវត្ត​កាលពី​អំឡុង​ខែឧសភា​ឆ្នាំ ២០១៥ ក្នុង​ឃុំ​ចំនួន​៣ ក្នុងនោះ​មានដូចជា ឃុំ​ពាម​ក្រសោប ប៉ាក់​ខ្លង និង​កោះ​កាពិ ស្រុក​មណ្ឌលសីមា ខេត្តកោះកុង​។​
លោក ហ៊ុន ម៉ា​រ៉ា​ឌី បាន​លើក​មក​បញ្ជាក់ដែរថា​តាមរយៈ​ការស្រាវជ្រាវ​សត្វ​ផ្សោត​សមុទ្រ​នៅ​ដែនដី​ខេត្តកោះកុង​នេះ​មាន​ចំនួន​៣​ប្រភេទ​ត្រូវបាន​រកឃើញ​រួមមាន សត្វ​ផ្សោត​ទន្លេ​(​ហៅ​ក្បាល​ត្រងោល​)​សត្វ​ផ្សោត​ឃ្លៀច​និង​សត្វ​ផ្សោត​ឥត​ព្រុយ​ខ្នង​។

សូម​រំលឹកថា​បើតាម​កា​រ​ឱ្យដឹងពី​អង្គការ IUCN បញ្ជាក់ថា​ក្នុងការ​សិក្សា​ស្រាវជ្រាវ​កាលពី​ឆ្នាំ ២០១៨​គេ​បាន​រកឃើញ​សត្វ​ផ្សោត​សមុទ្រ មាន​ប្រមាណ​ជាង​៥០០​ក្បាល​នៅ​ដែនសមុទ្រ​នៃ​ទឹកដី​ខេត្តកោះកុង​។​
គួរបញ្ជាក់​ផង​ថា​គម្រោង​និរន្តរភាព​ទេសភាព និង​ទេសចរណ៍ធម្មជាតិ​កម្ពុ​ជា នៃ​ក្រសួងបរិស្ថាន​សហការ​ជាមួយ​ក្រសួង ស្ថាប័ន មួយចំនួនទៀត ក្រោម​គម្រោង​ជំនួយ​មូលនិធិ​ធនាគារពិភពលោក បាន​និង​គាំទ្រ​ការលើកកម្ពស់​ជីវភាព​សហគមន៍ និង​តំបន់​ទេសចរណ៍ធម្មជាតិ​នៅតាម​តំបន់​ជួរ​ភ្នំក្រវាញ និង​តំបន់​ជុំវិញ​បឹង​ទន្លេសាប​។ គាំទ្រ​គម្រោង​ទេសចរណ៍ធម្មជាតិ​ទស្សនា​សត្វ​ផ្សោត​សមុទ្រ ដើម្បី​ចូលរួម​លើកកម្ពស់​ជីវភាព​ប្រជា​សហគមន៍​តាម​តំបន់ឆ្នេរ និង​ចូលរួម​ការងារ​អភិរក្ស​សត្វ​ផ្សោត​សមុទ្រ​៕

អត្ថបទដែលជាប់ទាក់ទង