សន្តិសុខរបស់អឺរ៉ុប លែងជាអាទិភាពរបស់អាមេរិក?
(វ៉ាស៊ីនតោន)៖ ការបង្កើតសម្ព័ន្ធភាពសន្តិសុខត្រីភាគីរវាងអូស្ត្រាលី អង់គ្លេស និងសហរដ្ឋអាមេរិក (AUKUS) គឺជាបញ្ហារបស់អឺរ៉ុបទាំងមូល មិនមែនជាបញ្ហារបស់បារាំងតែម្នាក់ឯង នោះទេ។ ខណៈការលុបចោលកិច្ចព្រមព្រៀងទិញនាវាមុជទឹកដើរដោយម៉ាស៊ូតពីបារាំងដែលជាប្រទេសអឺរ៉ុបដោយអូស្ត្រាលី ដើម្បីស្រវាយកនាវាមុជទឹកដើរដោយថាមពល នុយក្លេអ៊ែររបស់សហរដ្ឋអាមេរិក បូករួមទាំងការផាត់សហភាពអឺរ៉ុបចេញពីភាពជាដៃគូយុទ្ធសាស្ត្រនៅក្រោមសម្ព័ន្ធភាព AUKUS, ថ្នាក់ដឹកនាំសហភាពអឺរ៉ុប និងអឺរ៉ុបបានបង្ហាញ ជំហរឈរនៅខាងទីក្រុងប៉ារីស។
តំណាងជាន់ខ្ពស់សហភាពអឺរ៉ុបទទួលបន្ទុកកិច្ចការបរទេស និងគោលនយោបាយសន្តិសុខ លោក Josep Borell បានកត់សម្គាល់ថាបណ្ដាប្រទេសជាសមាជិកសហភាពអឺរ៉ុប (EU) បានចាត់ទុកថា AUKUS គឺជាបញ្ហារបស់សហភាពអឺរ៉ុបទាំងមូល ស្របពេលក្រុមមន្ត្រីជាន់ខ្ពស់អឺរ៉ុបដទៃទៀត អំពាវនាវឱ្យអឺរ៉ុបភ្ញាក់ខ្លួនឡើងដោយមិនត្រូវពឹងផ្អែកលើអាមេរិកទៀត ទេ។ តើហេតុអ្វីបានជាអឺរ៉ុបបង្ហាញការព្រួយបារម្ភបែបនេះ? នៅត្រង់នេះ, យើងអាចសាកគិតបានពី «ទង្វើ» ដែលអាមេរិកបានធ្វើដាក់សម្ព័ន្ធមិត្តអឺរ៉ុបរបស់ខ្លួន។ ពោលគឺវិធីសាស្ត្រ ចរចាជាសម្ងាត់ និងការប្រកាសពីការបង្កើតសម្ព័ន្ធភាព AUKUS បានបង្កឱ្យមាន «វិបត្តិនៃទំនុកចិត្ត» នៅក្នុងសម្ព័ន្ធភាពអាត្លង់ទិចរវាងអាមេរិក និងអឺរ៉ុប ដ្បិតវាត្រូវបានគេសន្មត់ថា «អឺរ៉ុប មិនមែនជាអាទិភាពរបស់សហរដ្ឋអាមេរិក តទៀត»។
សម្រាប់អឺរ៉ុប, បញ្ហាធំមិនមែនស្ថិតនៅត្រង់ការលុបចោលកិច្ចសន្យាមួយទេ តែអ្វីដែលសំខាន់ នោះគឺទង្វើដែលអូស្ត្រាលី, អង់គ្លេស, អាមេរិកបានធ្វើដាក់បារាំង។ ពីព្រោះថាពួកគេ ម្នាក់ៗ ប្រហែលជាគិតនៅក្នុងចិត្តថាអាមេរិកហ៊ានដល់ថ្នាក់ប្រព្រឹត្តទង្វើដែលទីក្រុងប៉ារីសហៅថា «ជាការលួចចាក់សម្ព័ន្ធមិត្តខ្លួនឯងពីក្រោយខ្នង» ដាក់បារាំងដែលជាមហាអំណាច យោធាមួយ និងជាប្រទេសមានសេដ្ឋកិច្ចធំលំដាប់ទី២ នៅក្នុងសហភាពអឺរ៉ុប, ម្លោះហើយថាតើគេអាចធានាបានទេថាអាមេរិកនឹងមិនធ្វើទង្វើបែបនេះម្ដងទៀតដាក់ប្រទេសអឺរ៉ុប ដទៃ?
លើសពីនេះទៅទៀត, ប្រសិនបើ AUKUS អាចបញ្ជាក់បានថា «តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក» គឺជាអាទិភាពបច្ចុប្បន្នរបស់សហរដ្ឋអាមេរិក, នោះវាមានន័យថាអឺរ៉ុបលែងក្លាយជាដៃគូ យុទ្ធសាស្ត្រ សម្រាប់ទីក្រុងវ៉ាស៊ីនតោនដូចពីមុនទៀតទេ។ ពិតមែនទៅ, ការបង្កើត AUKUS ដោយទាត់បារាំងដែលជាប្រទេសអឺរ៉ុបនាំមុខគេក្នុងការចូលរួមក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក
ចេញក្រៅសម្ព័ន្ធភាពនេះ កើតមានឡើងនៅចំពេលសហភាពអឺរ៉ុបបានបញ្ចេញយុទ្ធសាស្ត្រឥណ្ឌូ-ប៉ាស៊ីហ្វិកផ្ទាល់ខ្លួន។ អឺរ៉ុបក៏មានផលប្រយោជន៍ និងវិធីសាស្ត្រផ្ទាល់ខ្លួនពាក់ព័ន្ធនឹង តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកដែរ។ ប៉ុន្តែការបង្កើត AUKUS នឹងធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍អឺរ៉ុប ដោយវានឹងរឹតត្បិតការចូលរួមរបស់បណ្ដាប្រទេសអឺរ៉ុបក្នុងតំបន់នេះ។
ហេតុផលដទៃទៀតដែលអាចបង្ហាញពីវិបត្តិទំនុកចិត្តរវាងអាមេរិក និងអឺរ៉ុប នោះគឺរដ្ឋបាលប្រធានាធិបតីអាមេរិក លោក ចូ បៃដិន មិនទាន់បានតែងតាំងអគ្គរដ្ឋទូតអាមេរិកប្រចាំ តំបន់អឺរ៉ុបនោះទេ ដោយគ្រាន់តែងតាំងលោកស្រី Karen Donfried ជាប្រមុខការិយាល័យអាមេរិកទទួលបន្ទុកកិច្ចការអឺរ៉ុប និងអឺរ៉ាស៊ី កាលពីចុងខែកញ្ញាកន្លងទៅតែប៉ុណ្ណោះ។ ព្រមពេលជាមួយគ្នា, សេតវិមានបានធ្វើសកម្មភាព និងចេញសេចក្ដីថ្លែងការណ៍ជាបន្តបន្ទាប់ ដែលគេមើលឃើញថាអាមេរិកគិតគូរជាអាទិភាពទៅលើយុទ្ធសាស្ត្រឥណ្ឌូ-ប៉ាស៊ីហ្វិក ដើម្បីខ្ទប់ការកើនឡើងឥទ្ធិពលចិន។ ចេតនាបែបនេះរបស់អាមេរិក បានចាប់ផ្ដើមលេចចេញជារូបរាង នៅពេលលោក ចូ បៃដិនបានបញ្ជូនរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិរបស់លោកឱ្យបំពេញទស្សនកិច្ចទៅកាន់តំបន់អាស៊ីអាគ្នេយ៍ កាលពីប៉ុន្មានខែមុននេះ។
ជាងនេះទៅទៀត, ក្រសួងការពារជាតិអាមេរិកក៏បានបង្ហាញបញ្ហាជាអាទិភាពរបស់ខ្លួនផងដែរគឺ «ចិន» ហើយបូករួមទាំងការស្ដារឡើងនូវកិច្ចសន្ទនាចតុភាគី ឬហៅថាក្វាដ (Quad) វាបង្ហាញកាន់តែច្បាស់ទៅទៀតថាសព្វថ្ងៃ នៅខួរក្បាលរបស់អាមេរិកមានតែពាក្យ «ឥណ្ឌូ-ប៉ាស៊ីហ្វិក» និង «ចិន»។ តួយ៉ាង, សូម្បីតែនៅក្នុងដំណើរទស្សនកិច្ចទៅកាន់ តំបន់អឺរ៉ុប កាលពីខែមិថុនាកន្លងទៅ និងសេចក្ដីថ្លែងការណ៍រួមដែលចេញផ្សាយក្រោយកិច្ចប្រជុំកំពូលនៃក្រុមប្រទេស G7, NATO និងសហភាពអឺរ៉ុប-អាមេរិក សុទ្ធតែលើកឡើងពី ឈ្មោះ «ចិន» ទាំងអស់ដែលនេះអាចធ្វើឱ្យអឺរ៉ុបយល់បានថាខ្លួនលែងសំខាន់ដូចមុនចំពោះអាមេរិក។
ក្រៅពីនេះ, ការដកកងទ័ពបរទេសចេញពីអាហ្វហ្កានីស្ថានមិនបានធ្វើឡើងតាមរយៈការសម្រេចចិត្តជាសមូហភាពនោះទេ។ ប្រទេសជាសមាជិក G7, សហភាពអឺរ៉ុប, UN រួមទាំង អគ្គលេខាធិការអង្គការ NATO បានអំពាវនាវឱ្យសហរដ្ឋអាមេរិកពន្យារពេលដកកងទ័ព និងជម្លៀសជនបរទេសចេញពីអាហ្វហ្កានីស្ថាន លើសកាលបរិច្ឆេទកំណត់ថ្ងៃទី៣១ ខែសីហា តែសហរដ្ឋអាមេរិកមិនបានធ្វើការអំពាវនាវនេះឡើយ។ ចុងក្រោយបំផុត, ការដកបម្រាមធ្វើដំណើរលើបណ្ដាប្រទេសអឺរ៉ុប (ដែលត្រូវបានរំពឹងថានឹងធ្វើឡើងនៅខែវិច្ឆិកា ឆ្នាំ២០២១នេះ) មិនត្រូវបានប្រកាសឡើយរហូតដល់ថ្ងៃទី២០ ខែកញ្ញាកន្លងទៅនេះបើទោះជាអាត្រាចាក់វ៉ាក់សាំងបង្ការ COVID-19 នៅអឺរ៉ុបមានកម្រិតខ្ពស់ក៏ដោយ រីឯប្រទេស អឺរ៉ុបដែលមានអាត្រាចាក់វ៉ាក់សាំងទាប នៅតែជាប់បម្រាមធ្វើដំណើរចូលសហរដ្ឋអាមេរិកដដែល។
*ការខកចិត្តលើកចុងក្រោយ?
ការបង្កើតសម្ព័ន្ធភាព AUKUS គឺជាការខកចិត្តលើកចុងក្រោយបំផុតរបស់សហភាពអឺរ៉ុបចំពោះសហរដ្ឋអាមេរិក ហើយវាក៏ត្រូវបានអ្នកនយោបាយអឺរ៉ុបខ្លះយកទៅបកស្រាយដែរថា អឺរ៉ុបគួរតែភ្ញាក់ខ្លួនឡើង ហើយប្រឹងប្រែងពង្រឹងសមត្ថភាពដើម្បីការពារផលប្រយោជន៍របស់ខ្លួន។ ជាការពិតណាស់, ទោះជាអាមេរិកបង្កើត AUKUS ក៏ការប្ដេជ្ញាចិត្តការពារ
សម្ព័ន្ធមិត្តនៅក្រោមមាត្រា ៥ នៃបក្សសម្ព័ន្ធយោធា NATO នៅតែរក្សាដដែល។ ប៉ុន្តែ អំណេះតទៅ, បណ្ដាប្រទេសអឺរ៉ុបនៅតែមានការសង្ស័យ ហើយកាន់តែចង់ដឹងឱ្យច្បាស់ថាតើ អាមេរិកនឹងមានគោលជំហរបែបណា នៅពេលវិបត្តិណាមួយកើតឡើងនៅក្នុងតំបន់អឺរ៉ុប ជាពិសេសប្រសិនបើវិបត្តិនោះប៉ះពាល់តែអឺរ៉ុប មិនមែនអាមេរិក?
ក្រោយការបង្កើតសម្ព័ន្ធភាព AUKUS, មេដឹកនាំអឺរ៉ុបជាច្រើនដូចជាប្រធានាធិបតីបារាំង លោក ម៉ាក្រុង បានលើកឡើងជាថ្មីពី «យុទ្ធសាស្ត្រស្វយ័តភាពរបស់អឺរ៉ុប» ដោយមិនត្រូវពឹង ផ្អែកលើសហរដ្ឋអាមេរិកទៀតនោះទេ។ ប៉ុន្តែ បើតាមក្រុមអ្នកជំនាញ អឺរ៉ុបខ្លួនឯងមិនមានចក្ខុវិស័យយុទ្ធសាស្ត្ររួមឡើយ ដូចជាលោកស្រី Judy Dempsey ជាអ្នជំនាញម្នាក់មកពី វិទ្យាស្ថាន Carnegie Europe បាននិយាយថា «យុទ្ធសាស្ត្រស្វយ័តភាពរបស់អឺរ៉ុប» នឹងមិនមានន័យអ្វីទាំងអស់ ប្រសិនបើអឺរ៉ុបមិនមាន «ចក្ខុវិស័យយុទ្ធសាស្ត្ររួម»។
ថ្វីត្បិតជាមហាអំណាចមួយហ្នឹងគេ, សហភាពអឺរ៉ុបមិនមានចក្ខុវិស័យយុទ្ធសាស្ត្ររួមឡើយ ហើយតែងតែផ្ដោតជាសំខាន់លើការពារសន្តិសុខនៅក្នុងតំបន់របស់ខ្លួនតែប៉ុណ្ណោះ និង នៅតែបន្តពឹងផ្អែកយ៉ាងខ្លាំងលើ NATO ក្នុងកិច្ចការពារសន្តិសុខអឺរ៉ុប។ បើតាមលោកស្រី Judy Dempsey ចាប់ពីពេលនេះតទៅ, អឺរ៉ុបត្រូវតែបង្ហាញថាខ្លួនត្រៀមរួចជាស្រេចក្នុង ការដើរតួនាទីជាតួអង្គដ៏សំខាន់ក្នុងការដោះស្រាយបញ្ហាសកលលោក ហើយដើម្បីអាចធ្វើបែបនេះបានអឺរ៉ុបគួរណាស់តែបង្កើនកញ្ចប់ថវិកាយោធា, អភិវឌ្ឍសមត្ថភាពសំខាន់ៗ និងពង្រឹងជំហរនយោបាយរបស់ខ្លួន៕