កាមេរ៉ាចាប់ល្បឿននៅលើផ្លូវជាតិលេខ៣នឹងដាក់ឱ្យដំណើរការបណ្តោះអាសន្ន ក្នុងខែវិច្ឆិកានេះហើយ

កាមេរ៉ាចាប់ល្បឿនឆ្លាតវៃទាំង១០ទីតាំង នៅលើផ្លូវជាតិលេខ៣ នឹងដាក់ឱ្យប្រើប្រាស់បណ្តោះអាសន្ន ក្នុងអំឡុងខែវិច្ឆិកានេះតទៅ ខណៈភ្លើងស្តុបចរាចរណ៍នៅត្រង់ចំណុចវត្តស្លែង និងផ្សារអង្គតាសោម ត្រូវបានដាក់ដំណើរការចាប់ពីថ្ងៃនេះតទៅ។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម ខាន់ ម៉ាណេរ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន។

ថ្លែងក្នុងឱកាសដឹកនាំគណៈប្រតិភូ និងមន្រ្តីបច្ចេកទេសពាក់ព័ន្ធ ចុះពិនិត្យវឌ្ឍនភាពការងារកាមេរ៉ាចាប់ល្បឿនឆ្លាតវៃ និងភ្លើងសញ្ញាចរាចរណ៍បច្ចេកវិទ្យាទំនើបនៅលើផ្លូវជាតិលេខ៣ កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឯកឧត្តម ខាន់ ម៉ាណេរ បានបញ្ជាក់ថា កាមេរ៉ាចាប់ល្បឿនឆ្លាតវៃទាំង១០ទីតាំង ត្រូវបានចាប់ផ្តើមដំឡើងចាប់ពីចោមចៅ-កំពត ដែលក្នុងនោះពីចោមចៅដល់បែកគូស ដែលផ្លូវមាន៤គន្លងមានចំនួន៤ទីតាំង និងកំណាត់ផ្លូវពីបែកគូសទៅទីរួមខេត្តកំពត ដែលជាផ្លូវមាន២គន្លង មានចំនួន៦ទីតាំង។ ចំណែកភ្លើងសញ្ញាចរាចរណ៍បច្ចេកវិទ្យាទំនើបទាំងពីរទីតាំង ត្រូវបានដំឡើងដោយបំពាក់នូវប្រព័ន្ធWireless សម្រាប់ភ្ជាប់ពីបង្គោលមួយទៅបង្គោលមួយ និងធ្វើការបញ្ជាដំណើរការតាមទូរសព្ទដៃ ព្រមទាំងបំពាក់នូវប្រព័ន្ធសូឡាប្រើប្រាស់ពន្លឺព្រះអាទិត្យសម្រាប់ផ្គត់ផ្គង់អគ្គីសនី។

ឯកឧត្តម មានប្រសាសន៍ថា ការដាក់កាមេរ៉ាចាប់ល្បឿនឆ្លាតវៃ និងភ្លើងសញ្ញាចរាចរណ៍បច្ចេកវិទ្យាទំនើបទាំងនេះ ក្នុងគោលបំណង តាមដាន ការពារសុវត្ថិភាព និងសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋលើផ្លូវជាតិលេខ៣ ដែលក្នុងនោះ អគ្គស្នងការនគរបាលជាតិនឹងគ្រប់គ្រង រាល់សកម្មភាព និងប្រតិបត្តិការរបស់កាមេរ៉ាចាប់ល្បឿនទាំង១០ ទីតាំង ទាំងការគ្រប់គ្រងទិន្នន័យ និងការពិន័យបទល្មើសផងដែរ។ កាមេរ៉ាចាប់ល្បឿនទាំងនេះអាចឱ្យមន្រ្តីជំនាញដឹងនូវល្បឿនរបស់រថយន្ត ពណ៌ ប្រភេទ និងស្លាកលេខរថយន្ត អ្នកបើកបរមិនពាក់ខ្សែក្រវាត់ការពារ និងប្រើទូរសព្ទពេលបើកបរ។ ឯកឧត្តមបន្តថា អាជ្ញាធរនឹងបំពាក់ផ្លាកសញ្ញាជូនដំណឹងដល់អ្នកបើកបរយ៉ាងតិច១គីឡូម៉ែត្រ មុនដល់ទីតាំងកាមេរ៉ាចាប់ល្បឿន នៅពេលដាក់ប្រើប្រាស់ផ្លូវការ។

ឯកឧត្តម បានអំពាវនាវដល់ប្រជាពលរដ្ឋចូលរួមគោរពច្បាប់ចរាចរណ៍ និងធ្វើដំណើរដោយប្រុងប្រយ័ត្ន ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ កាត់បន្ថយការស្លាប់បាត់បង់អាយុជីវិត និងខាតបង់ថវិកាជាតិ៕

អត្ថបទដែលជាប់ទាក់ទង