បាងកក ៖ ការ​ចាប់ផ្តើម​ដ៏​ល្អ​របស់​លោក Ten Hag ខណៈ Man Utd បំបាក់ Liverpool

ទីក្រុង​បាងកក ៖ ក្រុម​បិសាច​ក្រហម Manchester United ក្រោម​ការ​ដឹកនាំ​ប្រកួត​ដំបូង​របស់​អ្នក​ចាត់​ទូទៅ​ថ្មី លោក Erik ten Hag បាន​បំបាក់​ក្រុម​ហ្ស​ង​ក្រហម Liverpool នៅ​ក្នុង​ការ​ប្រកួត​មិត្តភាព​ដោយ​លទ្ធផល ៤-០ ក្រោម​ក្រសែភ្នែក​អ្នកគាំទ្រ​ប្រមាណ​៥​ម៉ឺន​នាក់ នៅ​ឯ​កីឡដ្ឋាន​ជាតិ Rajamangala រាជធានី​បាងកក ប្រទេស​ថៃ កាលពី​ថ្ងៃ​ទី​១២ ខែកក្កដា ឆ្នាំ​២០២២​។ គួររំលឹកថា ក្រុម​យក្ស​អឺរ៉ុប​ចំនួន​៤ មក​អង្រួន​អ្នកគាំទ្រ​នៅ​អាស៊ី មុន​បើក​រដូវ​កាល​ថ្មី

កីឡាករ Jadon Sancho, Fred, Anthony Martial និង Facundo Pellistri ជា​អ្នករក​ជ័យជម្នះ​សម្រាប់​លោក Erik ten Hag នៅ​ក្នុង​ការ​ដឹកនាំ​ប្រកួត​ដំបូង ក៏​ដូច​ជា​ការ​ចាប់ផ្តើម​ដ៏​ល្អ​របស់​អ្នកចាត់ការ​ទូទៅ​សញ្ជាតិ​ហូ​ឡង់​វ័យ​៥២​ឆ្នាំ​រូប​នេះ ជាមួយ​ក្រុម Man Utd​។

ក្រោយ​បញ្ចប់​ការ​ប្រកួត​នេះ លោក Erik ten Hag បាន​ថ្លែង​ថា «​ខ្ញុំ​ដឹង​ថា​យើង​មាន​កីឡាករ​ល្អ​ៗ ហើយ​ឥឡូវនេះ យើង​ត្រូវ​បង្កើត​ក្រុម​ដ៏​ល្អ​មួយ​»​។

បើ​ទោះជា​ឈ្នះ​ការ​ប្រកួត​ទល់​នឹង Liverpool ក៏​ពិតមែន ប៉ុន្តែ​លោក Erik ten Hag បាន​លើក​ឡើង​បន្ថែម​យ៉ាង​ដូច្នេះ​ថា «​យើង​មិន​ត្រូវ​វាយតម្លៃ​ជាមួយ​លទ្ធផល​នេះ ហួសហេតុ​ពេក​ទេ យើង​ត្រូវ​តែ​ប្រយ័ត្ន​។ ប៉ុន្តែ​ខ្ញុំ​នៅ​តែ​បានឃើញ​រឿង​ល្អ​ៗ​មួយ​ចំនួន​ពី​ការ​ប្រកួត​នេះ​។ យើង​មាន​សក្តានុពល មានគំនិត​ច្នៃប្រឌិត​ច្រើន និង​បង្កើន​ល្បឿន​ឆ្ពោះទៅ​មុខ​»​។

ក្រុម Man Utd នឹង​បន្តដំណើរ​ទេសចរណ៍​បាល់ទាត់​របស់​ខ្លួន ទៅ​ប្រទេស​អូស្ត្រាលី ដើម្បី​ជួប​ជាមួយ​ក្រុម Melbourne Victory​។ ស្រប​ពេល​ដែល​ក្រុម Liverpool ត្រូវ​បន្តដំណើរ​ទៅ​កាន់​ប្រទេស​សិង្ហ​បុរី ដើម្បី​ជួប​ជាមួយ​ក្រុម Crystal Palace​។ ដោយ​ការ​ប្រកួត​ទាំង​២​គូ​នេះ សុទ្ធតែ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១៥ ខែកក្កដា ឆ្នាំ​២០២២ ដូច​គ្នា​៕ (​ដកស្រង់​ចេញពី Bangkok Post និង Manchester Evening News)

BANGKOK, THAILAND – JULY 12: Manager Erik ten Hag of Manchester United calls for a play during the first half of a preseason friendly match against Liverpool at Rajamangala National Stadium on July 12, 2022 in Bangkok, Thailand. (Photo by Pakawich Damrongkiattisak/Getty Images)

អត្ថបទដែលជាប់ទាក់ទង