លោក ស៊ុន ចាន់ថុល ៖ គម្រោងកំណាត់ផ្លូវលេខ ១៤៦បេ និង១៤៨ធ្វើតាមបច្ចេកទេសទោះបីកន្លែងខ្លះក្រោមកម្រិតគុណភាពបន្តិច
រាជធានីភ្នំពេញ ៖ បន្ទាប់ពីចុះពិនិត្យ និងធ្វើតេស្តជាច្រើនរយកន្លែងលើកំណត់ផ្លូវសាងសង់រួច រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានបញ្ជាក់ថា គម្រោងធ្វើឱ្យប្រសើរឡើងកំណាត់ផ្លូវលេខ១៤៦បេ (វិថីសម្ដេចសង្ឃរាជទេពវង្ស) និងផ្លូវលេខ១៤៨ សម្រេចវឌ្ឍនភាព ការងារសាងសង់បាន៩៩,៨១% ហើយគិតរហូតមកទល់ពេលនេះ និងធ្វើតាមបច្ចេកទេសទោះបីកន្លែងខ្លះក្រោមកម្រិតគុណភាពបន្តិច ។
ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានថ្លែងប្រាប់អ្នកសារព័ត៌មាន ពេលចុះពិនិត្យគម្រោង ធ្វើឱ្យប្រសើរឡើងកំណាត់ផ្លូវលេខ១៤៦បេ (វិថីសម្ដេចសង្ឃរាជទេពវង្ស) និងផ្លូវលេខ១៤៨ កាលពីថ្ងៃទី២០ ខែកក្កដាថា ក្រុមការងារបច្ចេកទេសក្រសួងដែលដឹកនាំដោយអគ្គនាយកដ្ឋានបច្ចេកទេស បានធ្វើតេស្តសាកល្បងគុណភាពសាងសង់ផ្លូវ១៤៦បេនេះដោយប្រើឧបករណ៍ទំនើបៗជាច្រើនដូចជា ម៉ាស៊ីន FWD , ROMDAS, GPR, Nuclear, Pendulum ដើម្បីពិនិត្យថាតើក្រុមហ៊ុនបានគោរពតាមស្តង់ដារបច្ចេកទេសដែរយ៉ាងណា។
ឯកឧត្តមទេសរដ្ឋមន្ត្រី បានបញ្ជាក់ថា ៖ «ជាលទ្ធផលនៃការធ្វើតេស្តបានបង្ហាញថា៖ ផ្លូវនេះសាងសង់បានល្អមានគុណភាពរឹងមាំដោយហេតុថា មានការធ្វើតេស្តសាកល្បងចំនួន៤១៤កន្លែង ក្នុងនោះមានតែពីរកន្លែងប៉ុណ្ណោះមាន គុណភាពក្រោមកម្រិតបច្ចេកទេសបន្តិច ប៉ុន្តែអាចទទួលយកបាន ។ ហើយចំពោះកំណាត់ផ្លូវក្រាល AC វិញ កម្រិតនៃភាពរលាក់ IRI មានតម្លៃតូចជាង ២m/km ដែលស្ថិតក្នុងកម្រិតល្អណាស់ ។ ហើយចំពោះផ្លូវបេតុង ការពិនិត្យកម្រិតនៃភាពកកិត ក៏ត្រូវបានផ្ទៀងផ្ទាត់ឡើងវិញដែរ ហើយជាលទ្ធផលឃើញថា តម្លៃនៃភាពកកិតរបស់ផ្ទៃកម្រាលបេតុង គឺខ្ពស់ជាងស្តង់ដារដែលបានកំណត់»។
បន្ថែមពីលើនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ថាផ្លូវនេះអាចជួយសម្រួលដល់ឡានដឹកទំនិញធុនធ្ងន់ធ្វើដំណើរវាងផ្លូវជាតិលេខ៤ ជួយកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងការកកស្ទះចរាចរណ៍លើផ្លូវជាតិលេខ៤ ដែលកន្លងមកតែងតែបង្កភាពយឺតយ៉ាវ ដល់ការនាំទំនិញទៅលក់នៅបរទេស ហើយក្រសួងគ្រោងស្នើទៅអភិបាលក្រុងព្រះសីហនុ ដើម្បីពិនិត្យរួមគ្នាលើលទ្ធភាពនៃការអនុញ្ញាតឱ្យរថយន្តដឹកជញ្ជនទំនិញធុនធ្ងន់ចេញពីកំពង់ផែក្រុងព្រះសីនុធ្វើដំណើរចូលផ្លូវល្បឿនលឿនតែម្ដង ដើម្បីចំណេញពេលវេលា និងកាត់បន្ថយបន្ទុកនៃការដឹកជញ្ជូនលើផ្លូវលេខ៤ដែលកំពុងមានចរាចរណ៍មមាញឹកខ្លាំង ។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានផ្តាំផ្ញើឱ្យក្រុមហ៊ុនសាងស ង់ផ្លូវទាំងអស់ធ្វើផ្លូវឱ្យបានរឹងមាំតាមលក្ខណៈបច្ចេកទេសដែលបានឯកភាពគ្នាដោយហេតុថា ក្រសួងមានឧបករណ៍សម្ភារបច្ចេកទេសទំនើបៗច្រើនដែលអាចយកមកត្រួតពិនិត្យគុណភាពនៃការសាងសង់ផ្លូវបាន និងបានអំពាវនាវដល់ម្ចាស់យានយន្តដឹកជញ្ជូនទំនិញទាំងអស់ដែលប្រើប្រាស់ផ្លូវកម្ពុជាទាំងឡានបរទេសទាំងឡានកម្ពុជា ត្រូវតែគោរពច្បាប់របស់ព្រះរាជាណាចក្រកម្ពុជាឱ្យបានម៉ឺងម៉ាត់ មិនត្រូវបំផ្លាញផ្លូវរបស់កម្ពុជាទេ កម្ពុជាត្រូវការថវិកាច្រើនណាស់ក្នុងការកសាងប្រព័ន្ធផ្លូវថ្នល់ឱ្យបានល្អជូនប្រជាពលរដ្ឋ ក៏ដូចជា ជូនអ្នកដឹកទំនិញផងដែរ ។
ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានរម្លឹកម្តងហើយម្តងទៀតថា ៖ បើបើកឡានមួយគ្រឿងដឹកលើសដប់តោនយក១០x១០ ស្មើ១០០ យក១០០x១០ ស្មើ១.០០០ យក១.០០០x១០ ស្មើ១០.០០០ ដូច្នេះឡានមួយគ្រឿងដឹកលើសទម្ងន់១០តោនស្នើនឹងឡានមួយម៉ឺនគ្រឿងរត់លើផ្លូវនោះធ្វើឱ្យផ្លូវសឹករិចរិលមុនអាយុកាល ។ ប៉ុន្តែបើឡានខ្លះដឹកលើសទម្ងន់៣០តោនយក៣០x៣០ស្មើនឹង៩០០ យក៩០០x៣០ស្មើនឹង២៧.០០០យក២៧.០០០x៣០ស្មើនឹង ៨១.០០០គ្រឿង ដូច្នេះឡានមួយគ្រឿងដឹកលើស៣០តោនស្មើនឹងឡានជិត១លានគ្រឿងរត់នៅលើផ្លូវយើង ។
ជាចុងក្រោយ ឯកឧត្តមទេសរដ្ឋមន្ត្រី បានទទូចសុំឱ្យអ្នកប្រើប្រាស់ផ្លូវគោរពច្បាប់ចរាចរណ៍ និងច្បាប់ផ្លូវថ្នល់ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងបានសង្កត់ធ្ងន់ធ្ងរថា៖« ការកាត់ បន្ថយគ្រោះថ្នាក់ចរាចរណ៍ គឺជាការទទួលខុសត្រូវរបស់អ្នកពាក់ព័ន្ធទាំងអស់រដ្ឋាភិបាលមិនអាចធ្វើបានតែម្នាក់ឯងទេ ។ យើងត្រូវការការចូលរួមចំណែកពី ភាគីពាក់ព័ន្ធទាំងអស់ ជាពិសេសការចូលរួមពីបងប្អូនប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់ផ្លូវ ដើម្បីរួមគ្នាសម្រេចនូវគោលដៅនេះ»។
សូមជម្រាបជូនថា កំណាត់ផ្លូវខាងលើកនេះនេះគឺជាផ្លូវវាងក្រុងដ៏មានសក្ដានុពលសម្រាប់បម្រើឱ្យការដឹកជញ្ជូនទំនិញនាំចេញ-ចូលតាមនាវា កសិផល និងជលផលរបស់បងប្អូន ប្រជាពលរដ្ឋ នៅស្រុកស្ទឹងហាវ ក៏ដូចជាបងប្អូនរស់នៅតំបន់ទំនប់រលកចាស់នៃក្រុងព្រះសីហនុទៅកាន់ ទីផ្សារ កាន់តែមានលក្ខណៈ ងាយស្រួល ឆាប់រហ័ស និងចំណាយតិច និងចូលរួមចំណែកដល់ ការកាត់បន្ថយការកកស្ទះចរាចរណ៍ យានយន្តដឹកជញ្ជូនទំនិញធុនធ្ងន់តាមផ្លូវជាតិលេខ៤ផងដែរ៕