ត្រេកអរណាស់ ! សម្តេចតេជោ អន្តរាគមន៍តម្លៃលក់សាំងរាយត្រឹមតែ៤៨០០ រៀលក្នុងមួយលីត្រ
រាជធានីភ្នំពេញ៖ ចាត់ទុគជាដំណឹងល្អដ៏ល្អមួយនោះគឺ តម្លៃលក់ប្រេងរាយសម្រាប់ការអនុវត្តចាប់ពីថ្ងៃទី២១-៣១ ខែកក្កដា ឆ្នាំ២០២២ គឺត្រឹមតែ ៤៨០០រៀលក្នុងមួយលីត្រ ដែលជាតម្លៃធ្លាក់ចុះចំនួន ៤៥០រៀល និងប្រេងម៉ាស៊ូត ត្រឹមតែ ៥៣០០ រៀលក្នុងមួយលីត្រ (ចុះ៣០០រៀល) ធៀបនឹងតម្លៃលក់រាយកាលពីសប្តាហ៍មុន។ នេះបើតាមការប្រកាសរបស់ក្រសួងពាណិជ្ជកម្មកម្ពុជា ចេញថ្ងៃទី ២១ ខែកក្កដា ឆ្នាំ២០២២នេះ។
បើតាមក្រសួងពាណិជ្ជកម្មថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ បើយោងលើការព្រមព្រៀង លើរូបមន្តកំណត់តម្លៃជាមួយក្រុមហ៊ុនប្រេងឥន្ធនៈដែលប្រកបអាជីវកម្មនៅកម្ពុជា និងយោងការប្រែប្រួលនៃតម្លៃប្រេងឥន្ធនៈលើទីផ្សារក្នុងតំបន់ និងអន្តរជាតិ ក៏ដូចជាផ្អែកតាមតម្លៃមធ្យមប្រេងឥន្ធនៈលើទីផ្សារអន្តរជាតិ ថ្លៃលក់រាយប្រេងឥន្ធនៈពីថ្ងៃទី២១ ដល់៣១ ខែកក្កដា ឆ្នាំ២០២២ នឹងត្រូវលក់៥.០៦៦រៀល/១លីត្រ សម្រាប់សាំងធម្មតា EA92 និង ៥.៥៦៦រៀល/លីត្រ សម្រាប់ប្រេងម៉ាស៊ូត DO S0ppm។
«ដើម្បីជួយសម្រួលដល់ជីវភាពរបស់ប្រជាជន និងដោយមានការចូលរួមចំណែក ពីក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈនៅកម្ពុជាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចបញ្ចុះតម្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជា ចំនួន៦.៥សេនដុល្លារ/លីត្រ»។ នេះបើតាមការបញ្ជាក់របស់ក្រសួងពាណិជកម្ម។
ប្រភពដដែលបានបន្តថា ដូច្នេះថ្លៃលក់រាយប្រេងឥន្ធនៈសម្រាប់អនុវត្តចាប់ពីថ្ងៃទី២១ ដល់៣១ ខែកក្កដា ឆ្នាំ២០២២ នឹងចុះមក៤,៨០០រៀល/លីត សម្រាប់សាំងធម្មតា EA92 និង៥.៣០០រៀល/លីត្រ សម្រាប់ប្រេងម៉ាស៊ូត Do Slippm ៕