ក្ដៅៗ! លោក ហ៊ុន មានី ប្រាប់ជនខិលខូចយករូបលោកក្លែងបន្លំលួចបង្កើតគណនីតេឡេក្រាម ត្រូវបញ្ឈប់ជាបន្ទាន់
រាជធានីភ្នំពេញ៖ កូនប្រុសពៅសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ឯកឧត្តម ហ៊ុន ម៉ានី បានប្រកាសព្រមានខ្លាំងដល់ជនខិលខូច ដែលបានប្រើប្រាស់ឈ្មោះ និងរូបភាពរបស់ឯកឧត្តមបង្កើតគណនីក្លែងក្លាយលើបណ្តាញសង្គមតេឡេក្រាម។
ឯកឧត្តម ហ៊ុន ម៉ានី ដែលតំណាងរាស្ត្ររបស់គណបក្សប្រជាជនកម្ពុជាប្រចាំមណ្ឌលខេត្តកំពង់ស្ពឺ បានបញ្ជាក់ទៅជនខិចខូចនោះឱ្យ «បញ្ឈប់សកម្មភាពខ្លួនជាបន្ទាន់» បើមិនដូច្នោះទេ នឹងចាត់វិធានការតាមផ្លូវច្បាប់ ព្រោះនោះជាការបង្កើតមួយក្នុងចេតនាទុច្ចរិត។ នេះបើតាមអ្វីដែលឯកឧត្តម ហ៊ុន ម៉ានី បានប្រកាសនៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២នេះ។
ឯកឧត្តម ហ៊ុន មានី បានប្រកាសលើបណ្ដាយសង្គមមានខ្លឹមសារទាំងស្រុងថា «ខ្ញុំសូមជម្រាបជូនសាធារណជនទាំងជាតិ និងអន្តរជាតិទាំងអស់ជ្រាបថា៖ ថ្មីៗនេះ ខ្ញុំបានទទួលដំណឹងអំពីករណីមានបុគ្គលមួយចំនួនបានបង្កើតគណនីតេលេក្រាមក្លែងក្លាយ ដោយប្រើប្រាស់ឈ្មោះ និងរូបភាពរបស់ខ្ញុំដើម្បីទាក់ទងជាមួយបងប្អូនក្នុងគោលបំណងផ្សព្វផ្សាយអាជីវកម្ម និងបញ្ហាផ្សេងៗ។ ខ្ញុំសូមប្រកាសថា នោះមិនមែនជាគណនីផ្ទាល់ខ្លួន ឬជាប់ពាក់ព័ន្ធនឹងខ្ញុំឡើយ»។
កូនប្រុសពៅសម្តេចតេជោ ដែលជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ហៅកាត់ថា ស.ស.យ.ក បានបន្ថែមថា «ខ្ញុំសូមជូនដំណឹងដល់បុគ្គលដែលកំពុងប្រព្រឹត្តអំពើ ដែលមានចេតនាទុចរិត មិនស្មោះត្រង់នេះបញ្ឈប់សកម្មភាពខ្លួនជាបន្ទាន់។ ក្នុងករណីមិនសហការ ខ្ញុំនឹងប្តឹងទៅអាជ្ញាធរមានសមត្ថកិច្ច ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ជាធរមាន»។
សូមបញ្ជាក់ថា នៅសម័យបច្ចេកវិទ្យានេះ ទាមទារឱ្យបងប្អូនមានការប្រុងប្រយ័ត្នឱ្យខ្លាំងមែនទែន ព្រោះករណីក្លែងបន្លំ ឬhack យកប្រព័ន្ធ telegram បណ្ដាញសង្គម facebook messenger និង Instagram ឬការបង្កើតគណនីក្លែងក្លាយលើបណ្តាញសង្គមកំពុងមានការកើនឡើងខ្ពស់ ដែលជនខិលខូចតែងតែកើតមានជារឿយៗនៅក្នុងប្រទេសកម្ពុជាយើងនិងបណ្ដាប្រទេសនានាលើពិភពលោក ពិសេសគឺកើតឡើងលើបុគ្គល្បីៗ អ្នករកស៊ីមុខជំនួញធំៗជាដើម ដោយការធ្វើបែបនោះក្នុងគោលបំណងទុច្ចរិត យកទៅបោកប្រាស់អ្នកស្លូតត្រង់គ្មានចំណោះដឹង ឬអ្នកភ្លេចខ្លួនអាចនឹងចាញ់បោក និងធ្លាប់មានមហាជនមួយចំនួនធ្លាប់បានចាញ់បោកអស់រាប់ពាន់រាប់ម៉ឺនដុល្លារក៏មានដែរ ៕