ចំណងមិត្តភាពយូរអង្វែងសម្ដេចតេជោមានប្រសាសន៍ថា កម្ពុជា-វៀតណាម មិនអាចបំបែកបំបាក់គ្នាឡើយ

រាជធានី​ភ្នំពេញ ៖ សម្រាប់​ចំណងមិត្តភាព​កម្ពុជា​-​វៀតណាម សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​បញ្ជាក់​កម្ពុជា​-​វៀតណាម គឺ​មិន​អាច​បំបែកបំបាក់​គ្នា​បាន​ឡើយ ខណៈ​ទំហំ​ពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំង​ពីរ​ឈាន​ដល់​ជាង​១០​ពាន់​លាន​ដុល្លារ​ដែល​ជា​ទំហំ​មួយ​ដ៏​ធំ ។

ក្នុង​ឱកាស​អនុញ្ញាត​ឲ្យ​លោកស្រី ង្វៀ​ន ធី​ថា​ញ់ សមាជិកា​គណៈកម្មាធិការ​កណ្តាល​បក្ស​កុម្មុយនីស្ត​វៀតណាម​សមាជិកា​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា និង​ជា​ប្រធាន​សមាគម​មិត្តភាព​វៀតណាម​-​កម្ពុជា ចូល​ជួប​សម្ដែង​ការ​គួរសម នា​ថ្ងៃ​ទី​២ ខែសីហា ឆ្នាំ​២០២២ នៅ​វិមាន​សន្ដិភាព សម្ដេច​តេ​ជោ ហ៊ុន សែន បាន​លើក​ឡើង​ថា កម្ពុជា​-​វៀតណាម បាន​ធ្វើការ​ជាមួយ​គ្នា​លើ​ក្រប​ខណ្ឌ​ជា​ច្រើន រួម​ទាំង​ក្នុង​ក្រប​ខណ្ឌ​រវាង​រដ្ឋាភិបាល និង​រដ្ឋាភិបាល សភា និង​សភា​រហូត​ដល់​អង្គការ​មហាជន ។

សម្តេច​តេ​ជោ បាន​គូសបញ្ជាក់​ពី​តួនាទី​សំខាន់​របស់​អង្គការ​មហាជន ក្នុង​ការ​ពង្រីកពង្រឹង​ទំនាក់ទំនង​រវាង​ប្រជាជន និង​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ ។

សម្តេច​តេ​ជោ បាន​បន្ត​ថា សម្តេច​បាន​ធ្វើការ​ជាមួយ​សមាគម​មិត្តភាព​វៀតណាម កម្ពុជា​ចាប់តាំងពី​ឆ្នាំ​១៩៧៩​មក​ម្ល៉េះ គឺ​មាន​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ ហើយ​អ្វី​ដែល​សំខាន់​ថែម​ទៀត​នោះ គឺ​យើង​ត្រូវ​បន្ត​ថែរក្សា​តួនាទី និង​ទំនាក់ទំនង​ល្អ​លើ​នយោបាយ​ការ​បរទេស​ដែល​មិត្តភាព សាមគ្គីភាព​របស់​ប្រទេស​ទាំង​ពីរ គឺ​មិន​អាច​បំបែកបំបាក់​បាន​ឡើយ​ក្នុង​ទំនាក់ទំនង​នៃ​ប្រទេស​ទាំង​ពីរ ។

ជាមួយ​គ្នា​នោះ​ដែរ សម្តេច​តេ​ជោ ក៏​បាន​សម្ដែង​នូវ​ការ​វាយតម្លៃ​ខ្ពស់ ចំពោះ​ការ​រីក​ចំរើន​របស់​ប្រទេស​វៀតណាម ហើយ​ដែល​ការ​រីក​ចំរើន​របស់​វៀតណាម គឺ​ពិតជា​មាន​រួមចំណែក​ជួយ​ដល់​ការ​រីក​ចំរើន​របស់​កម្ពុជា​ផង​ដែរ ។

ដោយសារ​ទំនាក់ទំនង​ល្អ​នៃ​ប្រទេស​ទាំង​ពីរ កម្ពុជា​បាន​ទទួល​អ្នក​វិនិយោគ​វៀតណាម​ដ៏​ច្រើន រួម​ទាំង​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ ផ្សេង​ៗ​ទៀត រួម​ទាំង​វិស័យ​ថាមពល ។ វៀតណាម​ជាទី​ផ្សារ​ដ៏​សំខាន់ ក្នុង​ការ​ទទួល​កសិផល​នាំ​ចេញពី​កម្ពុជា​។

ទំហំ​ពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំង​ពីរ​ឈាន​ដល់​ជាង​១០​ពាន់​លាន​ដុល្លារ ដែល​ជា​ទំហំ​មួយ​ដ៏​ធំ ។ សម្តេច​តេ​ជោ​ក៏​បាន​ស្នើ​ដល់​សមាគម​មិត្តភាព​វៀតណាម កម្ពុជា បន្ត​យកចិត្តទុកដាក់ ជួយ​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​ក្រីក្រ ដែល​ចូល​ទៅ​សំរាក​ព្យាបាល​ជំងឺ​ក្នុង​ប្រទេស​វៀតណាម ។

សម្តេច​តេ​ជោ បាន​វាយតម្លៃ​ខ្ពស់ ចំពោះ​ការ​គ្រប់គ្រង​កូ​វី​ដ​-១៩​របស់​ប្រទេស​វៀតណាម យ៉ាង​មាន​ប្រសិទ្ធភាព ។ ក្នុង​ជំនួប​នោះ​ដែរ សម្តេច​តេ​ជោ ហ៊ុន សែន បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការ​ប្រែក្លាយ​តំបន់​ព្រំដែន​ដែល​ធ្លាប់តែ​ជា​តំបន់​អសន្តិសុខ​ក្លាយទៅជា​តំបន់​ព្រំដែន សន្តិភាព មាន​កិច្ច​សហប្រតិបត្តិការ និង​ការ​អភិវឌ្ឍ​រីក​ចំរើន​ទេសចរណ៍​អប់រំ វប្បធម៌ ពិសេស​ការ​ធ្វើ​ដំណើរ​ចេញចូល​រកគ្នា​រវាង​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ ។

នា​ឱកាស​នោះ​ដែរ លោកស្រី ង្វៀ​ន ធី​ថា​ញ់ បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ភាព​រីក​ចំរើន​របស់​ប្រទេស​កម្ពុជា ហើយ​អ្វី​ដែល​ជា​ការ​ចាប់អារម្មណ៍​របស់​លោកស្រី គឺ​ការ​អភិវឌ្ឍ​ដ៏​ជឿនលឿន​របស់​កម្ពុជា ក្រោម​ការ​ដឹកនាំ​របស់​សម្តេច​តេ​ជោ នាយក​រដ្ឋមន្ត្រី​ក្នុង​នោះ​អ្វី​ដែល​ជា​កត្តា​សំខាន់​បំផុត គឺ​ការ​គ្រប់គ្រង​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩ និង​ការ​ស្តារ​សេដ្ឋកិច្ច​ឡើង​វិញ​របស់​ប្រទេស​កម្ពុជា​៕

អត្ថបទដែលជាប់ទាក់ទង