ក្រុមការងារមន្ទីរព័ត៌មានខេត្តស្វាយរៀង ចុះពិនិត្យស្រាវជ្រាវរណ្ដៅគ្រាប់ ដែលយន្តហោះសហរដ្ឋអាមេរិក បានទម្លាក់ក្នុងទសវត្សរ៍ទី៧០ នៅភូមិសាស្រ្ត ភូមិជាឫស្សី ស្រុកស្វាយជ្រំ

(ស្វាយរៀង): នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២ កន្លងទៅនេះ ក្រុមការងារមន្ទីរព័ត៌មានខេត្តស្វាយរៀង ដឹកនាំដោយលោក កែវ ចន្ទ័លី ប្រធានមន្ទីរព័ត៌មានខេត្ត រួមជាមួយអាជ្ញាធរដែនដីមូលដ្ឋាន និងប្រជាពលរដ្ឋនៅភូមិជាឫស្សីឃុំកំពង់ចំឡង ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង បានធ្វើការពិនិត្យស្រាវជ្រាវរុករកទីតាំងរណ្ដៅគ្រាប់ធំៗ ដែលយោធាអាមេរិក បានទម្លាក់ក្នុងសម័យសង្រ្គាមក្នុងទសវត្សរ៍ទី៧០ គឺចន្លោះឆ្នាំ ១៩៧០ដល់ឆ្នាំ១៩៧៥។

គោលបំណងនៃការចុះទៅពិនិត្យរុករកស្រាវជ្រាវរណ្តៅគ្រាប់បែកធំៗនេះគឺ ដើម្បីអនុវត្តតាមការជូនដំណឹងជាមុនរបស់ឯកឧត្ដម ជា ច័ន្ទបរិបូរណ៍ ដើម្បីផលិតឯកសាររបស់ក្រសួងព័ត៌មាន ដែលមានចំណងជើងថា: (កម្ពុជាមុននឹងមានថ្ងៃនេះ) ដែលជាដំណើរសាច់រឿងពិតជាប្រវត្តិសាស្រ្តប្រទេសកម្ពុជា ធ្លាប់បានឆ្លងកាត់សង្គ្រាមដ៏សែនឈឺចាប់ការខ្ទិចខ្ទាំហេដ្ឋារចនាសម្ព័ន្ធនានា ដោយសារការទម្លាក់គ្រាប់បែកពីលើយន្តហោះយោធាសហរដ្ឋអាមេរិក មកលើប្រទេសកម្ពុជា នៅតាមភូមិសាស្ត្រជាប់ព្រំដែនកម្ពុជា-វៀតណាម។

 

ហើយមកដល់បច្ចុប្បន្ននេះលើគ្រាប់បូម និងគ្រាប់B52 របស់សហរដ្ឋអាមេរិក បានបន្សល់ទុកជាច្រើនរណ្ដៅគ្រាប់ នៅក្នុងភូមិសាស្ត្រនានា របស់ប្រជាពលរដ្ឋនៅតាមព្រំដែន។

 

ទាក់ទងនិងរឿងរ៉ាវនេះលោកពូ មុឹង រ៉េន អាយុ៦៥ឆ្នាំ ជាប្រជាពលរដ្ឋមានស្រុកកំណើតនៅភូមិជៀសឫស្សី ឃុំកំពង់ចំឡង ស្រុកស្វាយជ្រុំ បានឲ្យដឹងថានៅក្នុងឆ្នាំ១៩៧០មានសង្គ្រាមកើតមានឡើងរវាងវៀតណាមខាងជើង (ហៅថា វៀតកុង) ជាមួយវៀតណាមខាងត្បូង (ហៅថា ទាហានធៀវគី) ពួកយោធាអាមេរិកបានរួមដៃគ្នាជាមួយទាហានធៀវគី ដើម្បីវាយវៀតណាមខាងជើង។

 

លោកពូបន្តថា នៅក្នុងការធ្វើសង្គ្រាមវៀតណាមខាងជើង បានមកជ្រកកោននៅលើភូមិសាស្រ្ត ទឹកដីកម្ពុជា ក្នុងភូមិសាស្ត្រជាប់ជាប់ព្រំដែនកម្ពុជា-វៀតណាម។ ចាប់តាំងពីសង្គ្រាមរវាងឆ្នាំ ១៩៧០មក យោធាអាមេរិកក៏ចាប់ផ្ដើមទម្លាក់គ្រាប់បែក មានគ្រាប់បូម គ្រាប់B52 ជាច្រើនគ្រាប់មកលើភូមិសាស្រ្តទឹកដី ភូមិជៀឬស្សី នេះធ្វើឱ្យមានការខូចខាតផ្ទះសម្បែងរបស់ប្រជាពលរដ្ឋ វត្តអារាម និងសាលារៀនជាច្រើនខ្នង។ ចំពោះប្រជាពលរដ្ឋក្នុងតំបន់នេះ បានជន្លៀសទៅនៅទីតាំងភូមិសាស្ត្រផ្សេងៗ ដើម្បីកុំឲ្យមានគ្រោះថ្នាក់ដោយការទម្លាក់យន្តហោះរបស់អាមេរិក។

 

ចំពោះរឿងនេះ ប្រជាពលរដ្ឋនៅទីនោះក៏បានឲ្យដឹងផងដែរថា: រណ្ដៅគ្រាប់នេះក្នុង១រណ្ដៅមា នជម្រៅជាមធ្យម៧ម៉ែត្រ នឹងអង្កត់ផ្ចិតប្រមាណពី១០ម៉ែត្រ ទៅ២០ម៉ែត្រ។ បច្ចុប្បន្នរណ្ដៅគ្រាប់ទាំងអស់នេះមួយចំនួនប្រជាជនយើងបានចាក់ដីលប់ជិត និងមួយចំនួនទៀតបានក្លាយជាស្រះចិញ្ចឹមត្រី និងដាំបន្លែផ្សេងៗដើម្បីផ្គត់ផ្គង់ជីវភាពរស់នៅប្រចាំគ្រួសារផងដែរ។

 

នៅក្នុងរយៈពេលពេញមួយថ្ងៃនេះ ក្រុមការងារមន្ទីរព័ត៌មានខេត្តស្វាយរៀង ដឹកនាំដោយលោកកែវ ចន្ទ័លី ប្រធានមន្ទីរ បានសហការជាមួយប្រជាពលរដ្ឋ រកឃើញរណ្ដៅគ្រាប់បែកធំៗបន្សល់ទុកចំនួន ១០រណ្តៅ។

 

សូមបញ្ជាក់ផងដែរថា: ក្រៅពីនេះគឺមានទីតាំងរណ្តៅគ្រាប់បែកជាច្រើនផ្សេងទៀត ដែលមាននៅក្នុងភូមិសាស្រ្តជាប់ព្រំដែនវៀតណាម ដូចជា÷ ស្រុកចន្ទ្រា, ស្រុកស្វាយទាប, ស្រុកកំពង់រោទ៍, ស្រុករមាសហែក ជាដើម ដែលពួកយោធាអាមេរិក បានទម្លាក់គ្រាប់បែកពីលើយន្តហោះកាលពីសម័យសង្គ្រាមនោះ៕ ដោយ:33

អត្ថបទដែលជាប់ទាក់ទង