បើកអង្គវេទិកាសាធារណៈ ដើម្បីដោះស្រាយសំណូមពរ នឹងកង្វល់នានារបស់ប្រជាពលរដ្ឋនៅមូលដ្ឋានក្រុងបាវិត

(ស្វាយរៀង)៖ នៅព្រឹកថ្ងៃទី១១ខែសីហាឆ្នាំ២០២២ លោក លឹម សៀងហេង អភិបាលក្រុងបាវិត និងលោក ណេប សារ៉ុន ប្រធានក្រុមប្រឹក្សាក្រុងបាវិត បានបើកវេទិការសាធារណៈជួបជាមួយប្រជាពលរដ្ឋ ចំនួនសង្កាត់៣គឺ សង្កាត់បាវិត សង្កាត់ប្រាសាទ សង្កាត់បាទី ដើម្បីដោះស្រាយសំណូមពរដូចជាកង្វល់នានារបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។

ថ្លែងនៅក្នុងឪកាសនោះលោកលឹម សៀងហេងអភិបាលក្រុងបាវិតបានសំណូមពរ ដល់ពលរដ្ឋទាំងអស់ ដែលរស់នៅក្នុងមូលដ្ឋានក្រុងបាវិត កុំសាងសង់សំណង់នៅលើចិញ្ចើមផ្លូវរបស់រដ្ឋ និងត្រូវបញ្ឈប់ការចោលសំរាមពាសវាលពាសកាលនៅទីសាធារណៈ ដើម្បីបរិស្ថានស្អាតនិងទីក្រុងមានសោភណ្ឌភាពល្អ។

លោកបានបញ្ជាក់ថា សំរាមគឺជាបញ្ហាប្រឈមរួមមួយ ដែលយើងទាំងអស់គ្នា ត្រូវយកចិត្តទុកដាក់ដោះស្រាយ មិនអាចខ្វះបាន នាពេលបច្ចុប្បន្ននេះ។ ក្រៅពីនេះ អាជ្ញាធរនៅមូលដ្ឋាន ត្រូវឆ្លើយតបឲ្យបានទាន់ពេលវេលាចំពោះគ្រោះមហន្តរាយផ្សេងៗដែលកើតឡើងនៅមូលដ្ឋាន មានដូចជា គ្រោះធម្មជាតិ ជំងឺដង្កាត់ផ្សេងៗ ជាពិសេស បញ្ហាសត្វពាហនៈរបស់ប្រជាពលរដ្ឋដែលចិញ្ចឹមហើយព្រលែងពាសវាលពាសកាល ដែលនាំឱ្យបង្កគ្រោះថ្នាក់ចរាចរណ៍។

 

លោក លឹម សៀងហេង បានឲ្យដឹងបន្ថែមទៀតថា ក្រោមការយកចិត្តទុកដាក់ពីលោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ក្នុងក្រុងបាវិត ក្នុងនោះបានស្ថាបនាផ្លូវបេតុងចំនួន៥ខ្សែប្រវែង១៥.០០០ម៉ែត្រទទឹង៨ម៉ែត្រនិងដាក់លូអមសងខាងផ្លូវប្រវែង ២.០០០ម៉ែត្រ ជួសជុលផ្លូវវាងក្រុងក្រាលកៅស៊ូ១ខ្សែប្រវែង៨.៥០០ម៉ែត្រ បន្ថែមទៀតនៅក្នុងបាវិតដោយប្រើប្រាស់ ថវិកាគុណប្រយោជន៍របស់ខេត្ត បច្ចុប្បន្នរដ្ឋបាលខេត្ត គ្រោងសាងសង់ផ្លូវបេតុងចំនួន២ខ្សែប្រវែង២.០០០ម៉ែត្របន្ថែមទៀត។ ចំពោះផ្លូវទាំងអស់នេះជាផ្លូវយុទ្ធសាស្ត្រដ៏សំខាន់សម្រាប់បញ្ជៀសការកកស្ទះចរាចរណ៍ក្នុងក្រុងបាវិត។

លោកអភិបាលក្រុងបានបញ្ជាក់ថា រដ្ឋបាលក្រុងបាវិតនិងសង្កាត់ទាំង៥ បានស្ថាបនាផ្លូវបេតុងបានចំនួន៥ខ្សែប្រវែង១.៧២៣ម៉ែត្រនិងដាក់លូរំដោះទឹកភ្លៀងអមសងខាងផ្លូវបាន២ខ្សែប្រវែង១.០១០ម៉ែត្ររួចរាល់ជាស្ថាពរដោយប្រើប្រាស់កញ្ចប់ថវិកាមូលនិធិក្រុងនិងសង្កាត់ ហើយក្រៅពីនេះក្រុងក៏បានដាក់ភ្លើងសូឡាបំភ្លឺតាមផ្លូវ ៣១៩C (ផ្លូវវាងក្រុង)ចំនួន២៥០បង្គោល និងបានដាំដើមឈើខ្នាតធំល្មមចំនួន២០០ដើមនៅផ្លូវ៣១៩A  និងផ្លូវ៣១៩ B ដើម្បីលើកកម្ពស់សោភណ្ឌភាពដែលជាការ ជួយឧបត្ថម្ភដោយសប្បុរសជននានា។

ជាមួយគ្នានេះ លោកបានអំពានាវ ដល់ប្រជាពលរដ្ឋទាំងអស់គ្នាត្រូវចូលរួមសហការ ចូលរួមជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ដើម្បីសម្រេចបាននូវលទ្ធផលជាផ្លែផ្លាក៏ដូចជាជួយថែរក្សានូវសមិទ្ធផលផ្សេងៗដែលយើងមាននៅថ្ងៃនេះទុកប្រើប្រាស់បានយូអង្វែងទៅថ្ងៃក្រោយ។

សូមបញ្ជាក់ថា នៅក្នុងវេទិកាសាធារណៈនេះដែរ ពលរដ្ឋបានលើកឡើងអំពីចំណុចសំខាន់ៗមានដូចជាបញ្ហា: អគ្គិសនី ផ្លូវ បញ្ហាដីធ្លី និងសត្វពាហនៈ បញ្ហាសំបុត្រកំណើត ភូមិឃុំមានសុវត្ថិភាពជាដើម។

រាល់ការសំណូមពរនឹងការលើកឡើងរបស់បងប្អូនប្រជាពលរដ្ឋទាំង៣សង្កាត់ លោកអភិបាលក្រុង និងមន្ត្រីដែលពាក់ព័ន្ធឡើងបកស្រាយ និងដោះស្រាយសំណូមពរ ទាំងនេះទទួលបានលទ្ធផលល្អប្រសើរផងដែរ៕ ដោយ:33

អត្ថបទដែលជាប់ទាក់ទង