រាជធានីភ្នំពេញ ៖ ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប (Royal Group) បានចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការជាមួយ eCloudvalley ដែលជាដៃគូប្រឹក្សាដ៏គួរឱ្យទុកចិត្តរបស់ក្រុមហ៊ុន Amazon Web Services (AWS) ដើម្បីផ្ដល់សេវា និងពង្រីកជំនាញសេវាកម្មក្លោដ (cloud) នៅក្នុងព្រះរាជាណាចក្រកម្ពុជា ។
កិច្ចព្រមព្រៀងភាពជាដៃគូនេះ បានប្រារព្ធឡើងក្រោមអធិបតីភាពរបស់ អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សា ភិបាលនៃក្រុមហ៊ុនរ៉ូយាល់គ្រុប ក្នុងពិធីចុះហត្ថលេខា លើអនុស្សរណៈ នៃការយោគយល់ (MOU) ជាមួយ eCloudvalley ដែលជាដៃគូប្រឹក្សាយោបល់របស់ក្រុមហ៊ុន Amazon Web Services (AWS) ដែលជាទំរង់វេទិកា cloud ដ៏ទូលំទូលាយ និងមានការប្រើប្រាស់ច្រើនបំផុតមួយនៅលើពិភពលោក ។ កិច្ចព្រមព្រៀងនេះ បានរៀបចំនៅឯការិយាល័យ របស់ក្រុមហ៊ុន Amazon Web Services ក្នុងប្រទេសសិង្ហបុរី ។
ភាពជាដៃគូនេះ ត្រូវបានរំពឹងថា នឹងជំរុញការវិវត្តន៍នៃផ្នែកឌីជីថល អោយកាន់តែជឿនលឿនជាងមុន សម្រាប់ព្រះរាជាណាចក្រកម្ពុជា តាមរយៈការផ្តល់ជូនអ្នកប្រឹក្សាក្នុងស្រុក ដែលមានជំនាញលំដាប់អន្តរជាតិ សម្រាប់ផ្តល់សេវាកម្មប្រឹក្សាយោបល់ និងដំណោះស្រាយពាក់ព័ន្ធនឹង cloud បានភ្លាមៗ ទៅតាមចំនួន និងតម្រូវការជាក់ស្ដែង ជូនអ្នកប្រើប្រាស់ ក៏ដូចជាសាជីវកម្ម និងក្រុមហ៊ុនដែលផ្ដល់សេវា បច្ចេកវិទ្យាព័ត៌មានវិទ្យា និងទូរគមនាគមន៍ (ICT) នៅកម្ពុជា ។
តាមរយៈជំនាញ និងបទពិសោធន៍ទាំងនេះ ត្រូវបានរំពឹងថា នឹងបង្កើនជាអតិបរមានូវប្រសិទ្ធភាពលើការចំណាយ កាត់បន្ថយពេលវេលាឆ្លើយតប ធ្វើឱ្យប្រសើរឡើងនូវចំណេះជំនាញផ្នែកឌីជីថល នៅក្នុងស្រុក ក៏ដូចជាជួយលើកកម្ពស់តួនាទីរបស់ព្រះរាជាណាចក្រកម្ពុជា ឱ្យក្លាយជាប្រទេស ដែលមានសក្តានុពលផ្នែក “បច្ចេកវិទ្យា និង ឌីជីថល” ។
ថ្លែងក្នុងពិធីចុះហត្ថលេខា លើអនុស្សរណៈ នៃការយោគយល់ អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សា ភិបាលនៃក្រុមហ៊ុនរ៉ូយាល់គ្រុប បានមានប្រសាសន៍ថា ៖ «នេះគឺជាព្រឹត្តិការដ៏សំខាន់មួយទៀត សម្រាប់ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប និងវិស័យ ICT នៅកម្ពុជា ។ ការចាប់ដៃគូជាមួយ eCloudvalley ដែលជាដៃគូប្រចាំតំបន់ អាស៊ីប៉ាស៊ីហ្វិកដំបូងរបស់ក្រុមហ៊ុន Amazon Web Services និងការនាំយកជំនាញនេះ មកបណ្តុះបណ្តាលធនធានមនុស្ស នៅព្រះរាជាណាចក្រកម្ពុជា សបញ្ជាក់ឱ្យឃើញពីបេសកម្មរបស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប យើងខ្ញុំដែលជួយពន្លឿនវឌ្ឍនភាពឌីជីថល អោយកាន់ឆាប់រហ័សនៅកម្ពុជា និងបង្ហាញពិភពលោកថា កម្ពុជាក៏មានធនធាន និងឧបករណ៍ឌីជីថល ដែលអាចដាក់កម្ពុជា ចូលទៅក្នុងផែនទីឌីជីថល ស្របទៅតាមផែនការយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្ដេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីជំរុញសេដ្ឋកិច្ចឌីជីថលរបស់កម្ពុជា» ។
តាមរយៈគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ឆ្នាំ ២០២១-២០៣៥ របស់រាជរដ្ឋាភិបាល បានផ្តោតជាសំខាន់ទៅលើមធ្យោបាយដែលវិស័យឌីជីថលអាចផ្តល់នូវ គំរូថ្មីដល់កំណើនសេដ្ឋកិច្ច សម្រាប់ប្រទេសកម្ពុជា ។ ប្រទេសកម្ពុជាបានដាក់ចេញនូវចក្ខុវិស័យរបស់ខ្លួន ក្នុងក្របខណ្ឌមួយ ដែលមានចំណងជើងថា “កសាងសេដ្ឋកិច្ច និងសង្គមឌីជីថលរស់រវើក តាមរយៈការរៀចំមូលដ្ឋាន គ្រឹះជំរុញការទទួលយក និងបរិវត្តកម្មឌីជីថល នៅក្នុងគ្រប់់តួអង្គសង្គម ទាំងរដ្ឋ ទាំងធុរជន ដើម្បីជំរុញ សម្ទុះកំណើន សេដ្ឋកិច្ចថ្មី និងលើកកម្ពស់សុខុមាលភាពសង្គម តាមគន្លងប្រក្រតីភាពថ្មី” ។
eCloudvalley គឺជាដៃគូប្រឹក្សាយោបល់ដំបូងគេបង្អស់ របស់ក្រុមហ៊ុន AWS នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដោយមានវត្តមាននៅទូទាំងតំបន់ អាស៊ីប៉ាស៊ីហ្វិក ដូចជានៅក្នុងប្រទេសសិង្ហបុរី ម៉ាឡេស៊ី ហ្វីលីពីន ថៃ ឥណ្ឌូនេស៊ី វៀតណាម ក្រុងហុងកុង និងប្រទេសចិន ។ ក្នុងឆ្នាំ 2020 ក្រុមហ៊ុនស្រាវជ្រាវ និងផ្តល់ប្រឹក្សា Gartner បានដាក់ឈ្មោះ eCloudvalley ថាជាស្ថាប័ន “មួយក្នុងចំណោមក្រុមហ៊ុន 16 នៅតំបន់អាស៊ីប៉ាស៊ីហ្វិកដែលផ្តល់សេវា cloud សាធារណៈ (Asia Pacific Representative Vendors of Public Cloud MSP)” ហើយត្រូវបាន ChannelE2E ដែលជាក្រុមហ៊ុនស្រាវជ្រាវបច្ចេកវិទ្យាដ៏ល្បីល្បាញមួយដែរ បានដាក់ចំណាត់ថ្នាក់ជូនលេខ 6 ក្នុងចំណោមស្ថាប័នផ្ដល់សេវាកំពូលទាំង 100 (Top 100 Vertical Market MSPs) ក្នុងពិភពលោក ។
នៅឆ្នាំ 2022 eCloudvalley បានឈ្នះពានរង្វាន់ជាច្រើន នៅក្នុងទីផ្សារអាស៊ី រួមមាន ពានរង្វាន់ដៃគូឯកទេស AWS ប្រចាំឆ្នាំនៅអាស៊ាន, ដៃគូសេវាកម្ម AWS ប្រចាំឆ្នាំនៅអាស៊ាន, ដៃគូ AWS ប្រចាំឆ្នាំនៅម៉ាឡេស៊ី, ដៃគូ AWS ប្រចាំឆ្នាំនៅហ្វីលីពីន, ដៃគូ AWS ប្រចាំឆ្នាំ នៅទីក្រុងហុងកុង ។
លោក MP Tsai នាយកប្រតិបត្តិ eCloudvalley បានថ្លែងថា ៖ «ភាពជាដៃគូជាមួយក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប បង្ហាញថា eCloudvalley នឹងបន្តរក្សា ការសន្យារបស់យើង សម្រាប់ការពន្លឿនការផ្លាស់ប្តូរឌីជីថល នៅទូទាំងពិភពលោក ។ ការដែលមានក្រុមការងារក្នុងស្រុក ដែលទទួលបានការគាំទ្រ ពីក្រុមការងារអន្តរជាតិ សបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់យើង ចំពោះអតិថិជនរបស់យើង ។ eCloudvalley មានកិត្តិយសក្នុងការសហការជាមួយ រ៉ូយ៉ាល់គ្រុប ដែលជាក្រុមហ៊ុន មានកិត្យានុភាពបំផុតនៅកម្ពុជា ដើម្បីពន្លឿនការផ្លាស់ប្តូរ នៃវិស័យឌីជីថលក្នុងប្រទេសនេះ ។ eCloudvalley នឹងផ្តល់ការបណ្តុះបណ្តាល ដើម្បីបង្កើតក្រុមបច្ចេកទេស ដល់បុគ្គលិកជំនាញ ក៏ដូចជាចែករំលែកបទពិសោធន៍ cloud សកលរបស់យើង ជាមួយទីផ្សារក្នុងស្រុកផងដែរ ។ ដោយរួមគ្នាជាមួយ រ៉ូយ៉ាល់គ្រុប យើងជឿជាក់ថា សេវា cloud នឹងក្លាយជាកម្លាំងរុញច្រាន ការពន្លឿនការផ្លាស់ប្តូរវិស័យឌីជីថល ក្នុងប្រទេសកម្ពុជា ។
ការទទួលយកសេវា cloud នៅក្នុងប្រទេសកម្ពុជា មានការរីកចម្រើនយ៉ាងឆាប់រហ័សដែលមិនធ្លាប់មានពីមុនមក ។ និន្នាការនេះត្រូវបានគេរំពឹងថា នឹងបង្កើនល្បឿន និងធានា ដល់ការជួយអតិថិជនរបស់យើង ឱ្យដើរឱ្យទាន់ការវិវឌ្ឍចុងក្រោយ នៃបច្ចេកវិទ្យានេះ ។ ការសហការនេះធ្វើឡើងចំពេលវេលាល្អ ដើម្បីកសាងសមត្ថភាពផ្នែក cloud នៅកម្ពុជា ។ វាក៏នឹងដើរតួនាទីយ៉ាងសកម្ម ជាកន្លែងបំពាក់បំប៉នជំនាញ តាមរយៈការបង្កើតសិក្ខាសាលា វគ្គបណ្តុះបណ្តាល និងការអនុវត្តល្អបំផុត ដែលក្រុមហ៊ុនអាជីវកម្ម អាចប្រើប្រាស់បាន ដើម្បីអភិវឌ្ឍខ្លួន និងត្រៀមខ្លួនសម្រាប់ថ្ងៃអនាគត ។
ការផ្តល់ជូនសេវាកម្មពីការសហការនេះ រួមមាន ការផ្ទេរទិន្នន័យទៅរក្សាទុក នៅក្នុង cloud ការបណ្តុះបណ្តាលអំពី cloud ដំណោះស្រាយផ្នែកទិន្នន័យ អ្នកផ្តល់សេវាជំនាន់ក្រោយ និងភ្លែតហ្វមគ្រប់គ្រង cloud ដោយស្វ័យប្រវត្តិ និងមុខងារជាច្រើនទៀត ។
អំពីក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប
ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ដែលជាក្រុមហ៊ុនវិនិយោគ ជាយុទ្ធសាស្ត្ររបស់កម្ពុជា នឹងបានទទួលស្គាល់ថា ជាក្រុមហ៊ុនពហុផលិតផល ដ៏ធំនិងមានការវិនិយោគចម្រុះបំផុតរបស់កម្ពុជា ។ ក្រុមហ៊ុន រ៉ូយាល់ គ្រុប វិនិយោគនៅក្នុងឧស្សាហកម្មជាច្រើន រួមមានទូរគមនាគមន៍ ការដឹកជញ្ជូន ថាមពល ប្រព័ន្ធផ្សព្វផ្សាយ និងការកម្សាន្ត ធនាគារនិងហិរញ្ញវត្ថុ ធានារ៉ាប់រង សណ្ឋាគារនិងរមណីយដ្ឋាន ការអប់រំ ការអភិវឌ្ឍអចលនទ្រព្យ ការជួញដូរនិងកសិកម្ម ។ ជាច្រកវិនិយោគយុទ្ធសាស្ត្រមួយ មកកាន់ប្រទេសកម្ពុជា ដែលមានប្រវត្តិក្នុងការបង្កើត ភាពជាដៃគូឈានមុខគេ ក្នុងទីផ្សារដ៏ជោគជ័យ ជាមួយអ្នកវិនិយោគក្នុងវិស័យឧស្សាហកម្មចម្រុះ ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ផ្តល់សក្តានុពលវិនិយោគដ៏លើសលប់ នៅក្នុងសេដ្ឋកិច្ចទីផ្សារសេរីមួយ ក្នុងចំណោមសេដ្ឋកិច្ចទីផ្សារសេរី ពិតប្រាកដដំបូងគេ នៅក្នុងតំបន់ទន្លេមេគង្គ ៕ អត្ថបទសហការ