រាជធានីភ្នំពេញ ៖ និស្សិតកម្ពុជាចំនួន៣១រូបបានទទួលជ័យលាភីអាហាររូបករណ៍ក្នុងក្របខ័ណ្ឌអ្នកដឹកនាំវ័យក្មេងបានបន្តការសិក្សានៅប្រទេសជប៉ុន ដែលសង្ឃឹមថា ជាធនធានដ៏មានសក្តានុពល សម្រាប់ការអភិវឌ្ឍ សេដ្ឋកិច្ច និងសង្គមនៅកម្ពុជាវិញ ។
ឯកឧត្តម ហេង សួរ ប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅទ្វីបអាស៊ីខាងកើត និងអាគ្នេយ៍ បានអញ្ជើញជាអធិបតីតំណាង ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានលើកឡើងក្នុងពិធីជួបសំណេះសំណាល និងពិសាអាហារសាមគ្គី ជាមួយនិស្សិតទទួលជ័យលាភីអាហាររូបករណ៍ទៅបន្តការសិក្សានៅប្រទេសជប៉ុនសម្រាប់ឆ្នាំសិក្សា២០២២-២០២៣ ចំនួន៣១រូបនៅសណ្ឋាគារភ្នំពេញ នាល្ងាចថ្ងៃទី១៤ ខែសីហានេះ ដោយបានស្នើឲ្យនិស្សិតទទួល អាហាររូបករណ៍ទាំងអស់ឲ្យយកចិត្តទុកដាក់ក្នុងការថែទាំសុខភាព ដោយសារកត្តាសុខភាព គឺជាកត្តាសំខាន់បំផុតមុននឹងឈានទៅរកភាពជោគជ័យក្នុងការសិក្សា និងការបំពេញការងារផ្សេងៗ ។
ជាពិសេសក្នុងបរិបទកូវីដ-១៩នេះ និស្សិតគប្បីយកចិត្តទុកដាក់រៀន រស់ជាមួយកូវីដ-១៩ ដោយប្រកាន់ខ្ជាប់នូវវិធានអនាម័យ ធ្វើលំហាត់ប្រាណ និងលេងកីឡាឲ្យបានជាប្រចាំ ។
ឯកឧត្តមក៏បានជម្រាបជូនប្អូនៗនិស្សិតថា អាហាររូបករណ៍ដែលប្អូនៗទទួលបាននាពេលនេះ គឺកើតឡើងពីកត្តាសន្តិភាពដែលកម្ពុជាកំពុងមានដូចសព្វថ្ងៃនេះ ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងកិត្តិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។
ឯកឧត្តមបន្តថា ក្រៅពីសិក្សាជំនាញសិក្សានៅឯសាលា និស្សិតក៏ត្រូវព្យាយាមក្រេបយកបទពិសោធន៍រស់នៅក្នុងប្រទេសជប៉ុន ព្រោះថាប្រជាជនជប៉ុនមានវិន័យ និងការគោរពគ្នាបានយ៉ាងល្អ ។
ជាមួយគ្នានោះដែរ ឯកឧត្តមហេង សួរ ក៏បានក្រើនរំលឹកដល់និស្សិតទាំងអស់ធ្វើជាទូតសុឆន្ទៈរបស់កម្ពុជា ក្នុងការបង្ហាញពីវប្បធម៌ទំនៀមទំលាប់ប្រពៃណីដ៏ផូរផង់របស់កម្ពុជាទៅកាន់និស្សិត និងប្រជាជនជប៉ុន ក៏ដូចជា ប្រជាជាតិដទៃទៀតដែលនិស្សិតបានជួបប្រាស្រ័យទាក់ទងក្នុងអំឡុងពេលសិក្សានៅក្នុងប្រទេសនោះ ។
គួរបញ្ជាក់ជូនដែរថា អាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្សរបស់ជប៉ុន (Human Resource Development Scholarship by Japanese Grant Ad/JDS) ត្រូវបានបង្កើតឡើងនៅកម្ពុជាក្នុងឆ្នាំ២០០០ ក្រោមជំនួយឥតសំណងរបស់រាជរដ្ឋាភិបាលជប៉ុន ។ អាហារូបករណ៍ JDS ផ្តោតសំខាន់លើមន្ត្រីរាជការវ័យក្មេងដែលមានសមត្ថភាព ដើម្បីចូលរួមក្នុងការអនុវត្តផែនការអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ចក្នុងនាមជាអ្នកដឹកនាំនាពេលអនាគត ។
គិតមកទល់បច្ចុប្បន្ន កម្ពុជាបានបញ្ជូននិស្សិតសរុបប្រមាណជិត ៥០០នាក់ទៅសិក្សានៅប្រទេសជប៉ុនក្រោមគម្រោងអាហារូបករណ៍JDS។
ក្នុងឆ្នាំ២០២២នេះ មន្ត្រីរាជការកម្ពុជា សរុបចំនួន២៦រូប បានទទួលអាហារូបករណ៍ JDS ក្នុងនោះចំនួន ២រូប សិក្សាថ្នាក់បណ្ឌិត និង ២៤រូប សិក្សាថ្នាក់អនុបណ្ឌិត៕