កូរ៉េខាងជើងប្រតិកម្ម និងបានវាយបកទៅលើប្រមុខអង្គការសហប្រជាជាតិជុំវិញការលើកឡើងអំពីការរំសាយអាវុធនុយក្លេអ៊ែរ
កាលពីថ្ងៃអាទិត្យម្សិលមិញនេះ ប្រទេសកូរ៉េខាងជើងបានចោទប្រកាន់អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អាន់តូនីយ៉ូ ហ្គូតេរេស ថា ខ្វះភាពលមិនម្អៀងក្នុងតួនាទីជាប្រធានទីភ្នាក់ងារពិភពលោក ដោយបានយកបញ្ហាទាក់ទងនឹងការរំសាយអាវុធនុយក្លេអ៊ែរបញ្ចូលទៅក្នុងសុន្ទរកថារបស់លោក ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចទៅកាន់ទីក្រុងសេអ៊ូលកាលពីសប្តាហ៍មុន។
នៅក្នុងសេចក្តីថ្លែងការណ៍មួយបានឱ្យដឹងថា លោក គីម សុនយ៉ុង អនុរដ្ឋមន្ត្រីក្រសួងការបរទេស ទទួលបន្ទុកអង្គការអន្តរជាតិ បានប្រតិកម្មនិងបរិហារប្រធានអង្គការសហប្រជាជាតិរូបនេះ ចំពោះការបញ្ចេញមតិដែលបានរាយការណ៍ថា គាំទ្រយ៉ាងពេញទំហឹងចំពោះការរំសាយអាវុធនុយក្លេអ៊ែរទាំងស្រុងដែលអាចបញ្ជាក់ និងមិនអាចត្រឡប់មកវិញបាន(CVID)របស់ប្រទេសកូរ៉េខាងជើង។
លោកបាននិយាយថា «ខ្ញុំសម្តែងការសោកស្តាយយ៉ាងខ្លាំងចំពោះការលើកឡើងរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ ដែលខ្វះភាពមិនលំអៀង និងយុត្តិធម៌ទាំងស្រុងទាក់ទងនឹងបញ្ហាឧបទ្វីបកូរ៉េ និងជាការប្រឆាំងនឹងកាតព្វកិច្ចរបស់លោកដែលបានបញ្ជាក់នៅក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ»។
អនុរដ្ឋមន្ត្រីការបរទេសរូបនោះបានបន្ថែមថា «អ្វីដែលគេហៅថា CVID ដែលត្រូវបានលើកឡើងដោយសហរដ្ឋអាមេរិក និងកងកម្លាំងដ៏មានឥទ្ធិពលរបស់ខ្លួននោះ គឺគ្រាន់តែជាការរំលោភទៅលើអធិបតេយ្យភាពរបស់កូរ៉េខាងជើង ខណៈដែលខ្លួនទាមទារឱ្យមានការរំសាយអាវុធជាឯកតោភាគីប៉ុណ្ណោះ ហើយលោកអគ្គលេខាធិការ ហ្គូតេរេស ប្រហែលជាដឹងយ៉ាងច្បាស់ថា កូរ៉េខាងជើងបានបដិសេធទាំងស្រុងដោយមិនមានការអត់ឱនអ្វីទាំងអស់»។
លោក គីម បាននិយាយថា កម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើង គឺជាជម្រើសដែលជៀសមិនរួចដើម្បីការពារសន្តិសុខរបស់ខ្លួន ហើយលោកបានអំពាវនាវឱ្យលោក ហ្គូតេរេស មានការប្រុងប្រយ័ត្នក្នុងការនិយាយស្តី និងទង្វើដ៏គ្រោះថ្នាក់ ដែលដូចជាការចាក់សាំងទៅលើអណ្តាតភ្លើង ដែលធ្វើឱ្យស្ថានភាពកាន់តែធ្ងន់ធ្ងរនៅលើឧបទ្វីបកូរ៉េ៕ (ប្រភព ក្រសួងព័ត៌មាន)