ស៊ូមេងហុង យុវជនជម្រើសជាតិU16
ស៊ុតចូលអូស្ត្រាលី២គ្រាប់មានក្ដីស្រមៃលេងនៅ បឹងកេត
«បឹងកេត ជាក្លិបដែលខ្ញុំស្រមៃចង់លេងនាពេលអនាគត ព្រោះថា ក្លិបនេះខ្ញុំស្រលាញ់តាំងពីតូច»។
នេះជាការលើកឡើងរបស់កីឡាករ ស៊ូ មេងហុង យុវជនឆ្នើមក្នុងក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម១៦ឆ្នាំ ដែលបានស៊ុត២គ្រាប់ពេល U16 កម្ពុជាបានឈ្នះ ក្រុម U16 អូស្ត្រាលី
ដោយលទ្ធផល ៤-២ កាលពីពេលថ្មីៗក្នុងពាន AFF U16 Boy’s Championship 2022 នៅប្រទេសឥណ្ឌូនេស៊ី។
ក្រុមយុវជនជម្រើសជាតិកម្ពុជាក្រោមអាយុ១៦ឆ្នាំបានវិលត្រឡប់មកដល់ទឹកដីកម្ពុជាកាលពីម្សិលមិញនេះ ក្រោយបញ្ចប់ភារកិច្ចក្នុងពានរង្វាន់ខាងលើដោយទទួលបាន៣ពិន្ទុពីការឈ្នះ១
និងចាញ់២ គឺឈ្នះ យុវជនអូស្ត្រាលី ៤-២, ចាញ់យុវជនមីយ៉ាន់ម៉ា ១-០ និងចាញ់យុវជនម៉ាឡេស៊ី ៣-០។
ក្រោយការវិលត្រឡប់មកដល់ប្រទេសកំណើត យុវជន ស៊ូ មេងហុង បានឲ្យដឹងថា
រូបគេពិតជាសប្បាយចិត្តដែលបានជាប់ជម្រើសជាតិតំណាងឲ្យជាតិចូលរួមប្រកួតក្នុងព្រឹត្តិការណ៍អាស៊ានមួយនេះ។
រូបគេបានប្តេជ្ញាប្រឹងប្រែងអភិវឌ្ឍខ្លួនបន្ថែមទៀតដើម្បីឈានឡើងកាន់តែល្អប្រសើរសម្រាប់ក្ដីស្រមៃនាពេលអនាគត។
យុវជនដែលកំពុងទទួលបានការបណ្ដុះបណ្ដាលនៅសាលាបាល់ទាត់ជាតិបាទីរូបនេះបន្ថែមថា ៖
«សម្រាប់ការតាំងចិត្ត ខ្ញុំមានតែស្មារតី និងឆន្ទៈយ៉ាងមុតមាំថា នឹងព្យាយាមកែប្រែប្រវត្តិសាស្ត្របាល់ទាត់ខ្មែរនាសម័យបច្ចុប្បន្ន»។ ជាងនេះទៅទៀត រូបគេក៏បានបង្ហាញពីអ្វីដែលទទួលបានថ្មីៗច្រើនពីការចូលរួមប្រកួតក្នុងពានអន្តរជាតិជាលើកដំបូងរបស់ខ្លួន។
កីឡាកររូបនេះបានបញ្ជាក់ថា ទី១-ទទួលបានបទពិសោធល្អៗ។ ទី២-យល់ដឹងពីបាល់ទាត់កាន់តែច្រើន។ ទី៣-ការប្រកួតប្រជែងបែបអន្តរជាតិខុសពីការប្រកួតប្រជែងក្នុងស្រុក។
ទី៤- មានកាលានុវត្តភាពក្នុងការបង្ហាញសមត្ថភាពលើឆាកអន្តរជាតិ។
ទី៥-បាល់ទាត់ត្រូវតែមានវិន័យ និងស្ថិតក្រោមសីលធម៌ និងទី៦- អាចផ្លាស់ប្តូរពីកីឡាករធម្មតាទៅជាកីឡាករអាជីព។