រដូវភ្ជុំបិណ្ឌខាងមុខនេះ ប្រជាពលរដ្ឋអ្នកកោះនរាសប្បាយរីករាយនឹងឆ្លងស្ពានដែករាងឥន្ធនូថ្មី ព្រមទាំងលែងខ្វាយខ្វល់រឿងធ្វើដំណើរតាមផ្លូវទឹកទៀតហើយ!

 

ភ្នំពេញៈ សមិទ្ធិផលដែលទទួលបានជាង៩០%ក្រោយការកសាងស្ពានតភ្ជាប់ពីកោះនរាទៅកាន់ផ្លូវជាតិលេខ១ដើម្បីសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ គ្រោងនឹងបើកដំណើរការ ឱ្យធ្វើចរាចរណ៍ជាសាធារណៈហើយនៅខែកញ្ញាខាងមុខនេះ។ យោងតាមការបញ្ជាក់របស់លោក ទូច សំណាង អគ្គនាយករងនៃក្រុមហ៊ុន OCIC ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍កោះនរា បានប្រាប់ឲ្យដឹងថា៖ ការងារសំណង់កំពុងដំណើរការតាមការគ្រោងទុកហើយរំពឹងថានឹងសាងសង់រួចរាល់ព្រមទាំងដាក់ឱ្យប្រើប្រាស់ជាផ្លូវការក្នុងខែកញ្ញា ជារដូវកាន់បិណ្ឌ និង ភ្ជុំបិណ្ឌដែលជាពិធីបុណ្យដ៏ធំរបស់ប្រទេសកម្ពុជា ដើម្បីជាការចូលរួមចំណែកសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋខ្មែរ ដូច្នេះអ្នកធ្វើដំណើរអាចធ្វើដំណើរពីផ្លូវជាតិលេខ ១ ហើយឆ្លងកាត់ស្ពាននេះ មុននឹងឆ្លងកាត់កោះនរា និងជិះកាណូតទៅកោះពេជ្របន្ថែម»។

គួររបញ្ជាក់ថាស្ពានតភ្ជាប់ពីកោះនរាទៅកាន់ផ្លូវជាតិលេខ១ជាប្រភេទស្ពានបេតុងយោងកាបដែលមានដែករាងឥន្ធនូ ២សងខាង មានបណ្តោយប្រវែង៦០ម៉ែត្រ និងទទឹងប្រវែង២១ម៉ែត្រ។ ស្ពាននេះបានចំណាយថវិកាសាងសង់ប្រមាណជា១លាន៦សែនដុល្លារអាមេរិកនិងប្រើប្រាស់រយៈពេលសាងសង់ជាង១២ខែ ក្រោយពីការប្រកាសសម្ពោធការដ្ឋានសាងសង់ជាផ្លូវការកាលពីថ្ងៃទី ២៦ ខែតុលាឆ្នាំ២០២០ ស្របគ្នានឹងគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់តភ្ជាប់ពីទីក្រុងកោះពេជ្រទៅកោះនរាដែរ (ស្ថិតក្នុងដំណើរការសាងសង់ ជាលក្ខណៈទ្រង់ទ្រាយធំ) ក្រោមអធិបតីភាពសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ សរុបគម្រោងវិនិយោគទាំងពីរនេះគ្រោងចំណាយអស់ថវិកា 2.5 ពាន់លានដុល្លារអាមេរិកនៅលើកោះនរា ដែលគ្របដណ្តប់លើផ្ទៃដី 125 ហិកតា រួមទាំងការសាងសង់ស្ពានចំនួនពីរបន្ថែមទៀត។ នេះជាក្តីសង្ឃឹមថ្មីដែលរាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រុមហ៊ុន OCIC គិតគូរពីសុខទុក្ខប្រជាពលរដ្ឋនៅកោះនរា មិនថានៅតាមទីជនបទដាច់ស្រយាល ឬ ទីក្រុងឡើយ ម្យ៉ាងវិញទៀតបរិបទវីរុសកូវីដ១៩ មិនមែនជាឧបសគ្គសម្រាប់ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរបស់រាជរដ្ឋាភិបាលកម្ពុជាផងដែរ៕

អត្ថបទដែលជាប់ទាក់ទង