ឯកឧត្ដម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម និងជាប្រធានកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន បានដឹកនាំកិច្ចប្រជុំត្រៀមលើកទី៣ដើម្បីឈានទៅសម្រេចបាននូវលទ្ធផលតាមបានគ្រោងទុកដោយប្រសិទ្ធិភាព
ក្នុងនាមជាប្រធានកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន ព្រមទាំងជាប្រធានគណៈកម្មការរៀបចំកិច្ចប្រជុំក្រោមសសរស្តម្ភសហគមន៍សេដ្ឋកិច្ចអាស៊ានសម្រាប់ឆ្នាំ២០២២ និងកិច្ចប្រជុំពាក់ព័ន្ធ ឯកឧត្ដម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានដឹកនាំកិច្ចប្រជុំត្រៀមលើកទី៣ នៃគណៈកម្មការរៀបចំកិច្ចប្រជុំក្រោមសសរស្តម្ភសហគមន៍សេដ្ឋកិច្ចអាស៊ានបានមានប្រសាសន៍ថាគោលបំណងកិច្ចប្រជុំនៅពេលនេះ គឺត្រូវតាមដានវឌ្ឍនភាពក្នុងការរៀបចំត្រៀមកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីសេដ្ឋកិច្ចលើកទី៥៤ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលគ្រោងនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១-១៨ ខែកញ្ញា ឆ្នាំ២០២២ នៅទីក្រុងសៀមរាប នាពេលខាងមុខនេះ ក្នុងនោះបានអង្គប្រជុំបានផ្តោតសំខាន់លើរបៀបវារៈរួមមាន៖ (១) របាយការណ៍វឌ្ឍនភាព បញ្ហាប្រឈម និងសំណូមពររបស់អនុគណៈកម្មការទាំងអស់ ក្នុងការត្រៀមរៀបចំកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានលើកទី៥៤ និងកិច្ចប្រជុំពាក់ព័ន្ធ (២) អនុសាសន៍ណែនាំដោះស្រាយបញ្ហាប្រឈម និងទិសដៅការងារបន្តជូនដល់គណៈកម្មការនិងអនុគណៈកម្មការនីមួយៗ និង (៣) បញ្ហាផ្សេងៗ។ឯកឧត្តមរដ្ឋមន្រ្តី បានផ្តល់អនុសាសន៍មួយចំនួនសម្រាប់ជាទិសដៅការងារបន្ទាប់ ជូនអនុគណៈកម្មការនីមួយៗ ព្រមទាំងក្រុមការងារលេខាធិការដ្ឋានដូចជា៖ អនុគណៈកម្មការខ្លឹមសារ និងឯកសារ និងក្រុមការងារលេខាធិការដ្ឋាន រៀបចំបញ្ចប់វីដេអូស្តីពីវឌ្ឍនភាព PEDs របស់កម្ពុជា និងត្រៀមរៀបចំឯកសារកិច្ចប្រជុំនិងឯកសារពាក់ព័ន្ធ ជូនប្រធានកិច្ចប្រជុំ AEM លើកទី៥៤ និងកិច្ចប្រជុំពាក់ព័ន្ធ និងកិច្ចប្រជុំទ្វេភាគី តាមការស្នើសុំជំនួបទ្វេភាគី ជាក់ស្ដែង។ បន្ទាប់មកឯកឧត្តមក៏បានលើកទឹកចិត្តឱ្យរាយការណ៍ជាបន្តបន្ទាប់នូវវឌ្ឍនភាពនៃដំណើរការរៀបចំកិច្ចប្រជុំ AEM លើកទី៥៤ និងលើកផែនការចំណាយ ក៏ដូចជារាយការណ៍នូវបញ្ហាប្រឈម និងលើកជាសំណូមពរ ដើម្បីអាចដោះស្រាយបានទាន់ពេលវេលា។ និងចុងក្រោយឯកឧត្តមរដ្ឋមន្រ្តីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាប្រធាន និងអនុប្រធានអនុគណៈកម្មការទាំងអស់ ដែលបានខិតខំយកចិត្តទុកដាក់បំពេញកាតព្វកិច្ច និង តួនាទី ក្នុងស្មារតីបុរេសកម្ម និងទទួលខុសត្រូវខ្ពស់ ក្នុងការរៀបចំកិច្ចប្រជុំនានាក្រោមសសរស្តម្ភសហគមន៍សេដ្ឋកិច្ចឱ្យប្រព្រឹត្តទៅបានយ៉ាងរលូន និងទទួលបានលទ្ធផលជូនជាតិយ៉ាងល្អប្រសើរ៕