ប្រទេសជប៉ុនជាប្រទេសដែលបានចូលរួមលើកស្ទួយវិស័យបច្ចេកវិទ្យានិងកសាងហេដ្ឋារចនាសម្ព័ន្ធឱ្យមានការរីកចម្រើនរយៈពេល២០ឆ្នាំ កន្លងទៅនេះនៅកម្ពុជាតាមរយៈក្រសួងសាធារណការ និងដឹកជញ្ជូន

ភ្នំពេញៈ ប្រព័ន្ធផ្លាស់ប្តូរទិន្នន័យអេឡិចត្រូនិកកំពង់ផែ ហៅកាត់ថា (Port EDI)ត្រូវបានដាក់សម្ពោធឲ្យដំណើរការសាកល្បងក្រោមអធិបតីភាព ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និង ឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា ថ្នាក់ដឹកនាំក្រសួង តំណាងទីភ្នាក់ងារ JICA ប្រចាំកម្ពុជា ស្ថាប័នពាក់ព័ន្ធ មន្រ្តីជំនាញរបស់ក្រសួង តំណាងរដ្ឋបាលខេត្តតាមតំបន់ឆ្នេរ ទីប្រឹក្សាគម្រោង ក្រុមហ៊ុនអភិវឌ្ឍន៍គម្រោង គ្រឹះស្ថានហិរញ្ញវត្ថុ កំពង់ផែឯកជន និងអង្គភាពពាក់ព័ន្ធជាច្រើនទៀត។ ថ្លែងទៅកាន់អង្គពិធីនាឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាង ជ្រាលជ្រៅដល់រដ្ឋាភិបាលជប៉ុន ក៏ដូចជាប្រជាពលរដ្ឋជប៉ុន ដែលតែងតែជួយជ្រោមជ្រែងដល់ការកសាងប្រទេសជាតិ មាតុភូមិកម្ពុជា ជាពិសេសការកសាងហេដ្ឋារចនាសម្ព័ន្ធឱ្យមានការរីកចម្រើនរយៈពេល២០ឆ្នាំកន្លងទៅនេះ ក្រោមដំបូលសន្តិភាព និង យុទ្ធសាស្រ្តដឹកនាំដ៏ច្បាស់នៃរាជរដ្ឋាភិបាលកម្ពុជា។ ឯកឧត្តមទេសរដ្ឋមន្ត្រីបានជម្រាបជូនផងដែរអំពីសមិទ្ធផលការងារជាច្រើនដែលសម្រេចបាន ដែលមិនធ្លាប់បានផ្សព្វផ្សាយទូលំទូលាយដល់បងប្អូនប្រជាពលរដ្ឋក៏ដូចជាសាធារណៈមតិនៅទូទាំងពិភលោកឱ្យបានយល់ដឹងអំពីការរីកចម្រើនដ៏ធំធេងរបស់កម្ពុជា ដែលសមិទ្ធផលទាំងនោះរួមមាន៖ ការកើនឡើងអាយុសង្ឃឹមរស់(Life Expectancy) រយៈពេល១៤ឆ្នាំបន្ថែមទៀតរបស់ប្រជាជនកម្ពុជាប្រៀបធៀបទៅនឹងរយៈពេល២០ឆ្នាំកន្លងទៅ ដោយសារកម្ពុជាមានការរីកចម្រើនលើវិស័យហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ជាពិសេសមធ្យោបោយ និងផ្លូវធ្វើដំណើរឆ្ពោះទៅកាន់មន្ទីរពេទ្យដើម្បីស្វែងរកសេវាថែទាំ និងព្យាបាលសុខភាព រួមជាមួយនឹងបរិស្ថានរស់នៅស្អាត អាហារបរិភោគគ្រប់គ្រាន់និងទឹកស្អាត។ ការពង្រីកវិសាលភាពកំពង់ផែស្វ័យតក្រុងព្រះសីហនុ និងកំពង់ផែស្វ័យតភ្នំពេញក្នុងនោះ កំពង់ផែស្វ័យតក្រុងព្រះសីហនុ ទៅជាកំពង់ផែពាណិជ្ជកម្មបម្រើសេវាដឹកជញ្ជូននាំចូលនាំចេញទៅក្រៅប្រទេសប្រមាណជា៦០% ហើយការរីកចម្រើនជាបន្តបន្ទាប់នៅកំពង់ផែ ស្វ័យតក្រុងព្រះសីហនុនេះ កើតមានដោយសារការផ្តល់ជំនួយពីរដ្ឋាភិបាលជប៉ុនតាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA) ថែមទៀតផង៕

អត្ថបទដែលជាប់ទាក់ទង