កម្ពុជានឹងរៀបចំផែនការ ចុះអនុស្សារណៈយោគយល់គ្នាផ្លាស់ប្តូរចំណេះដឹង ចំណេះធ្វើ ពិសេសការធ្វើទំនើបកម្មកសិកម្ម ការធ្វើពិពិធកម្មកសិកម្ម ជាមួយនឹងសាធារណរដ្ឋឥស្លាមប៉ាគីស្ថាន ដើម្បីជម្រុញឲ្យវិស័យកសិកម្មកាន់តែមានភាពជឿនលឿន!

ភ្នំពេញៈ ក្រោមការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានធ្វើឲ្យវិស័យកសិកម្មនៅកម្ពុជាកំពុងមានការរីកចម្រើនគួរឱ្យកត់សម្គាល់ ជាពិសេសពីប្រទេសដែលធ្លាប់អសន្តិសុខស្បៀង សម្រាប់ផ្គត់ផ្គង់ប្រជាជនខ្លួនមកជាប្រទេសដែលមានអតិរេកស្បៀងចំនួនជាង៦លានតោននិងកំពុងជំរុញការកែច្នៃ ជាការវេចខ្ចប់ប្រកបដោយគុណភាព និងសុវត្ថិភាពដើម្បីធ្វើការនាំចេញ។ ប៉ាគីស្ថានគឺជាប្រទេសដៃគូលើវិស័យកសិកម្ម ដ៏ល្អប្រសើរមួយរបស់កម្ពុជាទៅលើកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរលើការជម្រុញវិស័យកសិកម្ម ដែលទាំងនេះគឺជាការលើកឡើងរបស់ឯកឧត្តមវេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់និងនេសាទ អំឡុងពេលដែលឯកឧត្តមបានជួបជាមួយនឹង ឯកឧត្តម Zaheeruddin Babar Thaheem ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋឥស្លាមប៉ាគីស្ថាន ប្រចាំកម្ពុជាដើម្បីពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម និងចាប់ផ្តើមរៀបចំផែនការ ចុះអនុស្សារណៈនៃការយោគយល់គ្នា ដើម្បីផ្លាស់ប្តូរ និងចែករំលែកបទ ពិសោធ ចំណេះដឹង និងចំណេះធ្វើ ជាពិសេសលើការធ្វើទំនើបកម្មកសិកម្ម ការធ្វើពិពិធកម្មកសិកម្ម និងការធ្វើពាណិជ្ជូបនីយកម្មកសិកម្ម រវាងប្រទេសទាំងពីរផងដែរ ។ ឯកឧត្តមឯកអគ្គរដ្ឋទូតបានឯកភាពទាំងស្រុងចំពោះការរៀបចំ និងចុះអនុស្សារណៈនៃការយោគយល់គ្នារវាងប្រទេសទាំងពីរ ដោយផ្តោតសំខាន់លើការផ្លាស់ប្តូរ និងចែករំលែកបទ ពិសោធ និងការគាំទ្រទាំងលើអនុវិស័យកសិកម្ម អនុវិស័យផលិតកម្មសត្វ និងអនុវិស័យជលផល។ ឯកឧត្តមបន្តថា វិស័យកសិកម្មរបស់ប៉ាគីស្ថានក៏មានការកែប្រែយ៉ាងឆាប់រហ័សក្នុងរយៈពេល ១០ ឆ្នាំកន្លងមកនេះ ជាពិសេសក្នុងការធ្វើពិពិធកម្មកសិកម្មនេះតែម្តង។ ហេតុនេះ តាមរយៈអនុស្សារណៈនៃការយោគយល់ គ្នាដែលនឹងបង្កើតឡើងនាពេលឆាប់ៗខាងមុននេះ ប៉ាគីស្ថាននឹងអាចចែករំលែកបទពិសោធ និងចំណេះដឹងជាច្រើនមកកម្ពុជា និងអាចរៀនសូត្របន្ថែមពីភាគីកម្ពុជាដូចគ្នាដែរ៕

អត្ថបទដែលជាប់ទាក់ទង