ក្នុងជំនួបជម្រាបលារបស់លោកជំទាវឯកអគ្គរាជទូតចក្រភពអង់គ្លេសនៅកម្ពុជា សម្តេចក្រឡា ហោម ស ខេង បានគូសបញ្ជាក់ថា៖ កម្ពុជាពិតជាស្វាគមន៍និងសាទរ ចំពោះអង់គ្លេសដែលបានក្លាយជាដៃគូសន្ទនាថ្មីមួយទៀតរបស់អាស៊ាន

 

ភ្នំពេញៈ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតជូនលោកជំទាវ Tina Redshaw ឯកអគ្គរាជទូតចក្រភពអង់គ្លេសចូលជួបជម្រាបលា នាឱកាសដែល លោកជំទាវត្រូវបញ្ចប់បេសកកម្មការទូតនៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។ ជាកិច្ចចាប់ផ្តើមជំនួបពិភាក្សានាឱកាសនោះសម្ដេចក្រឡាហោម ស ខេង បានសម្តែងនូវការស្វាគមន៍ និងថ្លែងអំណរគុណ ចំពោះការបំពេញបេសកកម្មការទូតរបស់លោកជំទាវនៅព្រះរាជាណាចក្រកម្ពុជា។ ហើយសម្ដេចក៏សូមយកឱកាសនេះចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាសម្ដែងនូវការអរគុណ និងកោតសរសើរចំពោះ កិច្ចខិតខំប្រឹងប្រែងរបស់លោកជំទាវ ក្នុងការពង្រឹងទំនាក់ទំនង និងកិច្ចសហប្របត្តិការរវាងព្រះរាជាណាចក្រកម្ពុជា និងចក្រភពអង់គ្លេស។ សម្ដេចក្រឡាហោម បានជម្រាបជូនលោកជំទាវផងដែរថាទោះបី ជាចក្រភពអង់គ្លេស បានចាកចេញពីសហភាពអឺរ៉ុប ក៏ប៉ុន្តែទំនាក់ទំនងរវាងប្រទេសទាំងពីរនៅតែបន្តយ៉ាងល្អប្រសើរជាមួយគ្នា ហើយសម្ដេចក៏នៅតែបន្តខិតខំបន្ថែមទៀតក្នុងសមត្ថកិច្ចទទួលខុសត្រូវរបស់ក្រសួងមហាផ្ទៃ ដើម្បីចូលរួមចំណែកធ្វើយ៉ាងណាពង្រឹងពង្រីកទំនាក់ទំនងប្រទេសទាំងពីរ ព្រមទាំងបន្តធ្វើការបន្ថែមទៀតជាមួយឯកអគ្គរាជទូតអង់គ្លេសថ្មីដែលត្រូវបន្តអាណត្តិការទូតពីលោកជំទាវ។ជាការឆ្លើយតបលោកជំទាវ Tina Redshaw បានគាំទ្រការលើកឡើងរបស់សម្ដេចក្រឡាហោម ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ លោកជំទាវក៏បានជម្រាបជូនសម្ដេចថាមិនត្រឹមតែទំនាក់ទំនងជាមួយកម្ពុជា និងចក្រភពអង់គ្លេសនោះទេ ក៏ប៉ុន្តែទំនាក់ទំនងរវាងចក្រភពអង់គ្លេស និងសហគមន៍អាស៊ានក៏ត្រូវបានពង្រឹងពង្រីកជាបន្តបន្ទាប់។ ជាពិសេសកាលពីពេលថ្មីៗនេះក្នុងឱកាសនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន ចក្រភពអង់គ្លេសក៏បានក្លាយជាដៃគូសន្ទនាថ្មីមួយទៀតរបស់អាស៊ាន។លោកជំទាវ ក៏បានយកឱកាសនេះថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជាក្រោមម្លប់សន្តិភាព ដែលរកបានពីកិច្ចខិតខំប្រឹងប្រែង របស់ប្រជាជាតិទាំងមូល ក្រោមការចង្អុលបង្ហាញពីសម្តេចនាយករដ្ឋមន្រ្តី ជាពិសេសលោកជំទាវសូមអរគុណដល់ សម្តេចក្រឡាហោម និងអង្គភាពពាក់ព័ន្ធចំណុះឱ្យក្រសួងមហាផ្ទៃ ដែលតែងផ្ដល់នូវកិច្ចសហការគាំទ្រ ដល់ពលរដ្ឋអង់គ្លេសដែលជួបប្រទះការលំបាកផ្សេងៗនៅកម្ពុជាពាក់ពាក់ព័ន្ធនឹងការងារអន្តោប្រវេសន៍ និងការជួយសម្រួលឱ្យផ្នែកកុងស៊ុលរបស់ស្ថានទូតអង់គ្លេសបានជួបប្រាស្រ័យជាមួយជនជាតិអង់គ្លេស ដែលជាប់ឃុំនៅតាមបណ្ដាពន្ធនាគាររបស់កម្ពុជា។ នៅចុងបញ្ចប់នៃជំនួបនេះសម្ដេចក្រឡា ហោមបានអបអរសាទរចក្រភពអង់គ្លេសដែលបានក្លាយជាដៃគូសន្ទនាថ្មីមួយទៀតរបស់អាស៊ានជាពិសេស ក្នុងឱកាសដែលកម្ពុជាធ្វើជាប្រធានប្ដូរវេនកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ាននេះផ្ទាល់តែម្តងដោយសម្ដេចចាត់ទុកថានឹងបង្កើតឱកាសកាន់តែច្រើនឡើងថែម ទៀតក្នុងការពង្រឹងពង្រីកទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការទាំងក្នុងក្របខណ្ឌអាស៊ាននិងចក្រភពអង់គ្លេស ក៏ដូចជារវាងព្រះរាជាណាចក្រកម្ពុជានិងចក្រភពអង់គ្លេសផងដែរ៕

អត្ថបទដែលជាប់ទាក់ទង