ឯកឧត្ដមទេសរដ្ឋមន្ត្រីក្រសួងសាធារណការ៖ ប្រព័ន្ធដកពិន្ទុបណ្ណបើកបរត្រូវបានអភិវឌ្ឍរួចរាល់និងគ្រោងដាក់ឱ្យដំណើរការសាកល្បងផ្លូវការ ចាប់ពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២និងសាកល្បងផ្លូវល្បឿនលឿនជូឲ្យប្រើប្រាស់ឥតគិតថ្លៃនៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២២
ភ្នំពេញៈ ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានគណៈកម្មាធិការសុវត្ថិភាពចរាចរណ៍ផ្លូវគោក ឬ(គ.ស.ច.គ.) បានអញ្ជើញ ចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផល ការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆមាសទី១ និងលើកទិសដៅ ការងារឆមាសទី២ ឆ្នាំ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយក រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគ.ស.ច.គ.។ កិច្ចប្រជុំនេះរៀបចំឡើងដើម្បីត្រួតពិនិត្យលទ្ធផលការងារ បញ្ហាប្រឈម វាយតម្លៃអំពីស្ថានភាពចរាចរណ៍ឆមាសទី១ ឆ្នាំ២០២២ និងទិសដៅការងារឆមាសទី២ ឆ្នាំ ២០២២ ឱ្យកាន់តែមានប្រសិទ្ធភាពសំដៅរក្សាសុវត្ថិភាព និងសណ្ដាប់ធ្នាប់ចរាចរណ៍ផ្លូវគោក ទប់ស្កាត់ និងកាត់បន្ថយនូវកំណើនគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក។ ស្របពេលជាមួយគ្នានេះដែរ ឯកឧត្តមទេសរដ្ឋមន្ត្រីបានជម្រាបជូនថា៖ ប្រព័ន្ធដកពិន្ទុបណ្ណ បើកបរត្រូវបានអភិវឌ្ឍរួចរាល់ និងគ្រោងដាក់ឱ្យដំណើរការសាកល្បងផ្លូវការចាប់ពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២និងដាក់ឱ្យអនុវត្តពេញលេញជាផ្លូវការនៅដើមឆ្នាំ២០២៣ខាងមុខ ដោយរង់ចាំការសម្រេចលើ ពេលវេលាសមស្របពីសម្តេចក្រឡាហោម និងបានថ្លែងការកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះមន្ត្រីពាក់ ព័ន្ធទាំងអស់របស់ក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងមហាផ្ទៃ ដែលបានខិតខំប្រឹងប្រែង ក្នុង សម្រេចបានប្រព័ន្ធដកពិន្ទុបណ្ណបើកបរនេះ ចំពោះការងារទាក់ទងនឹងការដឹកជញ្ជូនលើសទម្ងន់ កម្រិតកំណត់ដោយច្បាប់ គម្រោងដាក់ឱ្យដំណើរការសាកល្បងផ្លូវល្បឿនលឿន ជូនបងប្អូនប្រជាពលរដ្ឋ ប្រើប្រាស់ឥតគិតថ្លៃនៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២២ ការកើនឡើងនៃការប្រើប្រាស់រថយន្តអគ្គិសនីក្នុង រយៈពេល៧ខែ ឆ្នាំ២០២២និងការបំពាក់ស្ថានីយបញ្ចូលថាមពលអគ្គិសនីយានយន្ត គម្រោងបើកការ ដ្ឋានសាងសង់ផ្លូវលេខ៣១ ផ្លូវលេខ៣៣ និងផ្លូវលេខ៤១ និងការបំពាក់កាមេរ៉ាចាប់ល្បឿននៅតាម បណ្ដាផ្លូវជាតិសំខាន់ៗ។
សម្តេចបានក្រឡាហោមបានផ្ដល់អនុសាសន៌ណែនាំដល់មន្ត្រីសមត្ថកិច្ចពាក់ព័ន្ធឱ្យលើកកម្ពស់សុវត្ថិភាពចរាចរណ៍ ផ្លូវគោក ដោយជំរុញបន្ថែមលើការយកចិត្តទុកដាក់បំពេញកិច្ចការសំខាន់ៗមួយចំនួនរួមមាន៖
– គាំទ្រលើកម្មវិធីដកពិន្ទុបណ្ណបើកបរ អនុញ្ញាតឱ្យសមត្ថកិច្ចជំនាញអាចធ្វើការស្កេន ដឹងពីបណ្ណបើកបរ ពិតឬក្លែងក្លាយ និងពិន្ទុនៅសល់ក្នុងបណ្ណបើកបរនោះ។
– បង្កើនការអប់រំផ្សព្វផ្សាយច្បាប់ បទដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក៏ដូចជាការអប់រំស្ដីពីបទដ្ឋាននៃការប្រើប្រាស់ផ្លូវ ជាពិសេសផ្លូវល្បឿនលឿន និងផ្លូវឯកទិស (ហាយវ៉េ) ព្រោះវាគឺជាសមិទ្ធផលថ្មី។
– ពង្រឹងបន្ថែមគុណភាពសាលាបង្រៀនបើកបរដោយផ្ដោតលើ៣ចំណុចដូចជា៖ ការកែទម្រង់ សមត្ថ ភាពគ្រូ កែទម្រង់ការសិក្សា និងកែទម្រង់គុណភាពនៃការប្រឡងយកបណ្ណបើកបរ។
– រឹតបន្តឹងបន្ថែមឱ្យបានម៉ឺងម៉ាត់ចំពោះរថយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ និងរថយន្តដឹកសម្ភារ សំណង់ដែលមិនបានគ្របឱ្យគត់មត់ល្អថែមទៀតផង។ សូមបញ្ជាក់ថាគ្រោះថ្នាក់ចរាចរណ៍ក្នុងឆមាសទី១ ឆ្នាំ២០២២ បានថយចុះ៥៦២លើកស្មើចំនួន២៦% (១៦០៩/ ២១៧១លើក) អ្នកស្លាប់បានថយចុះ៩១នាក់ ស្មើ៩% (៩៤២/១០៣៣នាក់) និងអ្នករបួសថយចុះ៩៩២ នាក់ ស្មើនឹង៣១% (២២៣៥/ ៣២២៧នាក់) ធៀបនឹងគ្រោះថ្នាក់ចរាចរណ៍ក្នុងរយៈពេលដូចគ្នា ឆ្នាំ ២០១៩ ជាអំឡុងពេលដែលមិនទាន់មានជំងឺកូវីដ-១៩ ៕