មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានកម្ពុជា៖ ការដាំដើមឈើ គឺជាការផ្សារភ្ជាប់ជីវិត និងធម្មជាតិ និង ហើយវាជាទង្វើដឹងគុណដល់ភពផែនដី ដែលបានផ្តល់នូវជីវិត ធនធានធម្មជាតិ ជីវចម្រុះ និងប្រពន្ធ័អេកូឡូស៊ីដ៏ល្អសម្រាប់ការរស់នៅរបស់យើងទាំងអស់គ្នា!

ក្នុងឱកាសដែល ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថានបានអញ្ជើញជាអធិបតីក្នុងពិធីដាំកូនឈើចំនួន ៧០០ដើមនៅក្នុងសហគមន៍តំបន់ការពារធម្មជាតិចំបក់ ស្ថិតនៅភូមិថ្មី ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺដែលជាកិច្ចសហការរៀបចំរវាងក្រសួងបរិស្ថាននិងសាកលវិទ្យាល័យមេគង្គកម្ពុជា ឯកឧត្តមបានគូសបញ្ជាក់ថា ៖ ការដាំដើមឈើ គឺជាការផ្សារភ្ជាប់ជីវិត និងធម្មជាតិ និង ហើយវាជាទង្វើដឹងគុណដល់ភពផែនដី ដែលបានផ្តល់នូវជីវិត ធនធានធម្មជាតិ ជីវចម្រុះ និងប្រពន្ធ័អេកូឡូស៊ីដ៏ល្អសម្រាប់ការរស់នៅរបស់យើងទាំងអស់គ្នា នេះបើយោងតាមគេហទំព័រផ្លូវការរបស់ក្រសួងបិរស្ថានកម្ពុជា។
កម្មវិធីនេះក៏មានការចូលរួមពីលោក ទិត វុទ្ធី អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ស្ពឺ លោក ឱម ម៉ាក់ធារី ប្រធានមន្ទីរបរិស្ថានខេត្ត ថ្នាក់ដឹកនាំ សាស្ត្រាចារ្យនិងនិស្សិតនៃសកលវិទ្យាល័យមេគង្គកម្ពុជា យុវជនកាយរិទ្ធ យុវជនកាកបាទក្រហម យុវជនសសយក និងយុវជនស្រឡាញ់សន្តិភាពសាខាខេត្តកំពង់ស្ពឺ មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ស្ពឺ និងបងប្អូនប្រជាសហគមន៍ចំបក់ សរុបជិត ៣០០នាក់ផងដែរ។ ឯកឧត្តម បានថ្លែងថាពិធីដាំកូនឈើនេះនឹងចូលរួមបណ្តុះស្មារតីពលរដ្ឋកម្ពុជាគោរពស្រឡាញ់បរិស្ថានធនធានធម្មជាតិព្រៃឈើកាន់តែខ្លាំងឡើងថែមទៀត។ឯកឧត្តមរដ្ឋលេខាធិការក្រសួងបរិស្ថានបានថ្លែងថា កម្ពុជាបានឈានដល់របត់ថ្មីនៃការរកលុយពីការអភិរក្សធនធានធម្មជាតិរបស់ខ្លួនដោយបានថ្លែងថា៖ «កម្ពុជាឈានដល់របត់ថ្មីនៃការរកចំណូលបានពីការអភិរក្សធនធានធម្មជាតិ ដោយរក្សាទិសស្លោក«រក្សាព្រៃឈរ ដើម្បីរកចំណូល»តាមរយៈការលក់ឥណទានកាបូន ទទួលបានចំណូល ដើម្បីកសាងហេដ្ឋារចនាសម្ពន្ធ័ ផ្តល់មធ្យោបាយ និងលើកកម្ពស់សេដ្ឋកិច្ចមូលដ្ឋាន និងតាមរយៈការជំរុញលើកអភិវឌ្ឍទេសចរណ៍ធម្មជាតិនៅតាមតំបន់ការពារធម្មជាតិនានាដែលមានសក្តានុពលទេសចរណ៍។ឯកឧត្តមរដ្ឋលេខាធិការបានកត់សម្គាល់ថាបច្ចុប្បន្ននេះ ពលរដ្ឋខ្មែរបានចាប់អារម្មណ៍ខ្លាំងលើទេសចរណ៍ធម្មជាតិដែលជាទេសចរណ៍ផ្សារភ្ជាប់ទឹកដី បង្កើតការងារ និងចំណូលជាច្រើនជូនដល់ពលរដ្ឋមូលដ្ឋាន។ ចំពោះដើមឈើចំនួន៧០០ដើមនាឱកាសជួបជុំគ្នានៅពេលនេះរួមមានកូនឈើប្រណីតប្រភេទបេង នាងនួន ធ្នុង គគីរ និងដើមផ្កាក្ងោក ដែលបានដាំក្នុងពិធីនៅថ្ងៃនេះ ក៏ជាការចូលរួមបំផុសស្មារតីស្រឡាញ់ និង ទទួលស្គាល់កាន់តែខ្លាំងពីគុណតម្លៃដ៏មហាសាលនៃធនធានធម្មជាតិ ចំពោះជីវិតមនុស្ស សត្វ និងបានចូលរួមការពារបរិស្ថាន និងជំរុញសេដ្ឋកិច្ចជាតិ។ការចូលរួមដាំដើឈើនៅពេលនេះមិនមែនត្រឹមតែជាអនុស្សារវីយ៍ដ៏អស្ចារ្យសម្រាប់ជីវិតយើងប៉ុណ្ណោះទេ ថែមទាំងបង្ហាញពីគុណតម្លៃនៃសាមគ្គីភាព កិច្ចសហការ ក្នុងបុព្វហេតុបរិស្ថាន និងធនធានធម្មជាតិ។ សហគមន៍តំបន់ការពារធម្មជាតិចំបក់ស្ថិតនៅភូមិថ្មី ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ មានផ្ទៃដីសរុប ៣៤៥១ហិកតា ហើយសហគមន៍នេះមានប្រជាពលរដ្ឋជាង ៦០០គ្រួសារជាសមាជិក។ សហគមន៍តំបន់ការពារធម្មជាតិចំបក់គឺជាសហគមន៍ទេសចរណ៍ធម្មជាតិមួយដែលលេចធ្កោជាងគេ ហើយប្រជាជនបច្ចុប្បន្នបានផ្តល់សេវាទេសចរណ៍ធម្មជាតិដូចជាការផ្តល់សេវាផ្ទះស្នាក់នៅ ការចម្អិនម្ហូបអាហារ សេវាដើរកម្សាន្ត មគ្គុទ្ទេសក៏ទេសចរណ៍ជាដើម។ ភ្ញៀវទេសចរជាតិនិងអន្តរជាតិ បានទៅទស្សនាតំបន់នេះ និងបានផ្តល់ចំណូលជាច្រើនដល់សហគមន៍។ ទាក់ទងនឹងចំណុចនេះ ឯកឧត្តម នេត្រ ភក្ត្រា បានគូសបញ្ជាក់ថាការបង្កើតសេដ្ឋកិច្ចមូលដ្ឋានគឺជាគ្រឹះដ៏សំខាន់នៃវិធានការការពារនិងអភិរក្សធនធានធម្មជាតិ។ ជាចុងក្រោយឯកឧត្តមរដ្ឋលេខាធិការក្រសួងបរិស្ថានបានផ្តល់គំនិតដល់ សហគមន៍រៀបចំទីតាំងតំបន់មួយចំនួនដែលមានព្រៃរិចរិល ដើម្បីឱ្យភ្ញៀវទេសចរអាចចូលរួមដាំដើមឈើទុកជាអនុស្សាវរីយ៍ និងផ្សារភ្ជាប់ជីវិតរបស់ពួកគេនឹងធនធានធម្មជាតិ ដោយឯកឧត្តមបានផ្តល់ជាសារក្រើនរំលឹកថា «ធម្មជាតិអាចរីកលូតលាស់ដោយមិនត្រូវការមនុស្ស ប៉ុន្តែមនុស្សមិនអាចរស់នៅដោយគ្មានធម្មជាតិបានទេ»៕

អត្ថបទដែលជាប់ទាក់ទង