រដ្ឋមន្ត្រីក្រសួងព័ត៌មានឯកឧត្តម ខៀវ កាញារីទ្ធ ដឹកនាំមន្រ្តីក្រោមឱវាទចូលរួមដាំដើមឈើ និងសួរសុខទុក្ខកងកម្លាំងបញ្ជាការដ្ឋានអង្គរក្ស ដែលកំពុងឈរជើងសម្អាតដីនៅតំបន់ភ្នំតាម៉ៅ

ឯកឧត្តម ខៀវ កាញារីទ្ធ អញ្ជើញដាំដើមឈើ និងសួរសុខទុក្ខកងកម្លាំងបញ្ជាការដ្ឋានអង្គរក្ស ដែលកំពុងឈរជើង សម្អាតដី ដើម្បីរៀបចំដាំកូនឈើនៅតំបន់ភ្នំតាម៉ៅ
ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានដឹកនាំ ឯកឧត្តម អស់លោក លោកស្រី ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក និងមន្ដ្រីរាជការក្រសួងព័ត៌មាន អញ្ជើញចុះសាកសួរសុខទុក និងនាំយកគ្រឿងឧបភោគបរិភោគ សម្ភារៈប្រើប្រាស់ និងបរិក្ខារមួយចំនួនជូនដល់ កងកម្លាំងនៃបញ្ជាការដ្ឋានអង្គរក្ស ដែលកំពុងឈរជើងសម្អាតដី ដើម្បីរៀបចំដាំកូនឈើនៅតំបន់ភ្នំតាម៉ៅ ក្នុងស្រុកបាទីខេត្តតាកែវ តាមអនុសាសន៍ណែនាំពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។ មានវត្តមានជាពិសេសនៅក្នុង ឱកាសនោះដែរមាន ឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស ដែលបានដឹកនាំបញ្ជាផ្ទាល់បានទទួលស្វាគមន៍ និងគោរពរាយការណ៍ជូនឯកឧត្តមរដ្ឋមន្ត្រី អំពីការងារចាត់ចែងភារកិច្ចដល់កងកម្លាំងដើម្បីរៀបចំដី និងដាំកូនឈើឡើងវិញ តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ។ ឯកឧត្តម នាយឧត្តមសេនីយ៍ បានឱ្យដឹងដែរថា នៅក្នុងការងារនេះគឺបានប្រើប្រាស់កងកម្លាំង នៃបញ្ជាការដ្ឋានអង្គរក្សប្រមាណជាង ១០០០នាក់ និងគ្រឿងចក្រជាង១០០គ្រឿង ដោយប្រចាំការនៅទីតាំងផ្ទាល់ ដើម្បីធ្វើយ៉ាងណាឱ្យឆាប់សម្រេចរួចរាល់ក្នុងរដូវភ្លៀងនេះ ។ ជាមួយគ្នានោះដែរ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានសម្ដែងនូវការអរគុណ និងកោតសរសើរជាទីបំផុតចំពោះកម្លាំងកងទ័ព ពិសេសកងកម្លាំងនៃបញ្ជារដ្ឋានអង្គរក្ស ដែលបានបំពេញយ៉ាងសកម្មនៅក្នុងការអនុវត្តន៍តាមអនុសាសន៍នែណាំរបស់សម្ដេចតេជោនាយកមន្ត្រី ។ ឯកឧត្តមរដ្ឋមន្ត្រីមានប្រសាសន៍ទៀតថា កងកម្លាំងរបស់យើងបានចូលរួមយ៉ាងសំខាន់នៅក្នុងដាំដើមឈើឡើងវិញ ដែលតំបន់តាម៉ៅនឹងត្រូវបានរៀបចំជាឧទ្យានឈើប្រណិត និងត្រូវបានការពារដោយព្រះរាជក្រឹត្យ ។សូមជម្រាបជូនជាថ្មីថានៅក្នុងឱកាសអញ្ជើញប្រគល់សញ្ញាប័ត្រដល់និស្សិតសាកលវិទ្យាពុទ្ធិសាស្ត្រ កាលពីថ្ងៃទី១៧ សីហានេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានថ្លែងបញ្ជាក់អំពីការសម្រេចឱ្យធ្វើការអភិរក្ស និងកែលម្អទៅជាឧទ្យានដើមឈើប្រណិតៗ ស្ថិតក្រោមការគ្រប់គ្រងដោយក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ដែលត្រូវបានការពារដោយព្រះរាជក្រឹត្យ ។ មកដល់ពេលនេះ តំបន់ភ្នំតាម៉ៅត្រូវបាន ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ប្រោសព្រះរាជទានឡាយព្រះហស្ថលេខា លើព្រះរាជក្រឹត្យលេខ នស/រកត/០៨២២/១០០៨ តាមសេចក្ដីក្រាបបង្គំទូលថ្វាយរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ។ យោងតាមរយៈព្រះរាជក្រឹត្យខាងលើ បានបញ្ជាក់អំពីគោលបំណងដូចតទៅ៖
• អភិវឌ្ឍន៍សួនភូតគាមសាស្ត្រដែលមានពូជឈើប្រណិត និងមានតម្លៃសេដ្ឋកិច្ចខ្ពស់ ។
• អភិវឌ្ឍន៍ជាតំបន់គោលដៅទេសចរណ៍ធម្មជាតិ វប្បធម៌ និងប្រវត្តិសាស្ត ផ្ដល់ការថែរក្សាសង្គ្រោះសត្វព្រៃ ព្យាបាល និងស្តារលទ្ធភាពសត្វ ។
• ការធ្វើវិបុលកម្មសត្វព្រៃ ប្រភេទសត្វ និងរុក្ខជាតិកម្រ ជិតផុតពូជ ជាមូលដ្ឋានសម្រាប់ការសិក្សាស្រាវជ្រាវ អប់រំផ្សព្វផ្សាយអន្តរអំពើ រវាងមនុស្ស-សត្វព្រៃ និងព្រៃឈើ ។
• បង្កើតគម្របបៃតង និងបង្កើនសោភ័ណ្ឌភាពក្នុងតំបន់ លើកកម្ពស់ការថែរក្សាធនធានសេនេទិចរុក្ខជាតិ-សត្វព្រៃនិងការអភិវឌ្ឍធនធានធម្មជាតិប្រកបដោយនិរន្តរភាព ។
សូមបញ្ជាក់ថា ឧទ្យានសួនសត្វ ព្រៃការពារ និងសួនភូតគាម «ភ្នំតាម៉ៅ មានផ្ទៃដីទំហំសរុប ២០២៥ (ពីរពាន់ម្ភៃប្រាំ)ហិកតា ស្ថិតនៅក្នុងភូមិសាស្ត្រ ស្រុកបាទី ខេត្តតាកែវ ៕

 

អត្ថបទដែលជាប់ទាក់ទង