រដ្ឋបាលខេត្តកំពង់ឆ្នាំងប្រកាសផ្អាកជាបណ្តោះអាសន្នចំពោះយានយន្តគ្រប់ប្រភេទដែលធ្វើចរាចរណ៍លើកំណាត់ ផ្លូវ ៥០C ពីភូមិកង្កែប នៃឃុំច្រណូក ស្រុកកំពង់លែង ដោយសារកំពស់ទឹកទន្លេកើនឡើង
កំពង់ឆ្នាំងៈ កន្លងទៅថ្មីៗនេះក្រោយពីការចុះត្រួតពិនិត្យទីតាំងរបស់អាជ្ញាធរខេត្តកំពង់ធំតាមព្រំដែនជាប់ខេត្តកំពង់ឆ្នាំងរួចមកនៅថ្ងៃនេះរដ្ឋបាលខេត្តកំពង់ឆ្នាំងបានចេញ សេចក្តីប្រកាសព័ត៌មានក្រោយពីបានពិនិត្យឃើញថា កម្ពស់ទឹកទន្លេឆ្នាំ 2022 បាននឹងកំពុងកើតឡើងជាបន្តបន្ទាប់ពីមួយថ្ងៃទៅមួយថ្ងៃបានធ្វើឲ្យកំណត់ផ្លូវលេខ 50សេ ចាប់ពីចំណុចផ្លូវកែងភូមិកង្កែប ឃុំច្រណូក ស្រុកកំពង់លែង រហូតដល់ព្រំប្រទល់ខេត្តកំពង់ធំចាប់ផ្ដើម លិចនិងហូរកាត់ផ្លូវដោយកន្លែងៗ ដែលអាចបង្កឱ្យមានការខូចខាតដោយអន្លើនិងងាយទទួលរងការខូចខាតខ្លាំងក្នុងពេលដែលមានយានយន្តគ្រប់ប្រភេទនៅតែបន្តធ្វើចរាចរណ៍ឆ្លងកាត់ ផងដែរនោះ និងដោយមើល ឃើញពីស្ថានភាពជាក់ស្ដែងរបស់កំណាត់ផ្លូវ 50សេ និងដើម្បីថែរក្សាការពារកំណត់ផ្លូវ 5០សេនេះឲ្យមានសុខភាពល្អប្រសើរសម្រាប់ការប្រើប្រាស់បន្តនិងបង្ការលើករណីគ្រោះថ្នាក់ដោយប្រការណាមួយសម្រាប់អ្នកធ្វើដំណើរ ឆ្លងកាត់រដ្ឋបាលស្រុកសហការជាមួយនិងការិយាល័យជំនាញអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធសូមធ្វើការផ្អាកជាបណ្តោះអាសន្នចំពោះយានយន្ត គ្រប់ប្រភេទធ្វើចរាចរណ៍លើកំណាត់ផ្លូវលេខ50សេ ចាប់ពីចំណុចផ្លូវកែងភូមិកង្កែបឃុំច្រណូកស្រុកកំពង់លែងរហូតដល់ចំណុចព្រំប្រទល់ខេត្តកំពង់ធំចាប់ពីថ្ងៃជូនដំណឹងនេះរហូតដល់រដូវសម្រក និងមានការជូនដំណឹងជាថ្មីទឹកបើកឱ្យដំណើរការឡើងវិញ។ មិនតែប៉ុណ្ណោះ ឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំក៏បានឲ្យដឹងថាទឹកនៅតាមដងស្ទឹងសែនគឺមានការហក់ឡើងខ្ពស់រហូតដល់មានការ ប្រកាសអាសន្ន ដែលបានធ្វើឲ្យប៉ះពាល់ផលដំណាំហេដ្ឋារចនាសម្ព័ន្ធ និងផ្ទះសម្បែងមួយចំនួនរបស់បងប្អូនប្រជាពលរដ្ឋ ជាពិសេសតំបន់ជិតខាងដែលជាប់នឹងព្រំប្រទល់ខេត្តកំពង់ឆ្នាំ។ ជាការឆ្លើយតបគណៈអភិបាលខេត្តទាំងពីររួមជាមួយនឹងអាជ្ញាធរដែនដីក៏បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់សូមមេត្តាប្រុងប្រយ័ត្នខ្ពស់ ចំពោះការហក់ឡើងទឹកជំនន់នៅពេលនេះ ជាពិសេស ត្រូវតែមើលថែទាំងកុមារតូចៗឲ្យបានល្អ ដើម្បីចៀសផុតពីការលង់ទឹក ឆ្លងចរន្តអគ្គិសនី ក៏ដូចជាការការពារពីសត្វអសិរពិសនានាខាំឬទិច ហើយឯកឧត្តមអភិបាលខេត្តក៏បានជំរុញឲ្យអាជ្ញាធរ ក្រុង ស្រុក ឃុំ សង្កាត់ បន្តតាមដាននូវស្ថានភាពទឹកជំនន់បន្តទៀត ដើម្បីងាយស្រួលក្នុងការត្រៀមខ្លួនចុះជួយបងប្អូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា ប្រកបដោយប្រសិទ្ធិភាព និង សុវត្ថិភាព៕